(ភ្នំពេញ) ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តម៉ាក តាកូម៉ា ពណ៌ស ពាក់ស្លាកលេខ រដ្ឋ36 2-0323 បើកតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើងល្បឿនលឿន លុះដល់ចំណុចខាងលើ វាជែងរថយន្តខាងមុខ ចូលទៅបំណែកផ្លូវម្ខាងទៀត ហើយមិនបានបើកចូលគន្លងខ្លួនឯងវិញទេ បន្តបើកលើផ្លូវបញ្ច្រាស ទើបជ្រុលទៅបុករថយន្តកូរ៉េ ចំណុះ១តោន ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-4065 បើកពីជើងទៅត្បូង ជិះគ្នា៣នាក់ក្នុងកាប៊ិន បើកបរដោយបុរសម្នាក់ រួមដំណើរដោយស្រ្តី២នាក់ទៀត ក្រៅពីនោះនៅមានសាច់ញាតិជិះនៅខាងក្រោយ ច្រើននាក់ទៀតមិនមានរងរបួសឡើយ ។

ជនរងគ្រោះទាំង៣នាក់ ដែលគៀបជាប់ក្នុងកាប៊ិន ត្រូវបានក្រុមសង្រ្គោះរបស់អង្គភាព៧១១ ជួយអន្តរាគមន៍ កាត់វះ រថយន្ត ដើម្បីយកជនរងគ្រោះចេញ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុធ្វើវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយតាមច្បាប់ ៕ ប្រភពFB