បាញ់៦គ្រាប់ បណ្ដាលឲ្យប្រជាពលរដ្ឋ ភ័យស្លន់ស្លោរ សន្លប់២នាក់…(ចុចអានបន្ត)

ភ្នំពេញ៖ សមត្ថកិច្ចចម្រុះ តាមប្រមាញ់មុខសញ្ញាផ្ទុះអាវុធ៦គ្រាប់ផ្ទួនៗគ្នា បណ្ដាលឲ្យប្រជាពលរដ្ឋ ភ័យស្លន់ស្លោរ សន្លប់២នាក់
នៅសង្កាត់ព្រែកប្រា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង​ប្រមាណ៩យប់ ថ្ងៃអង្គារ៍ ទី១៦ ខែតុលា ឆ្នាំ២០១៨ នៅត្រង់ចំណុចភូមិព្រែកតាពៅ (ទល់មុខវិហារឥស្លាម) សង្កាត់ព្រែកប្រា​ ខណ្ឌច្បាអំពៅរាជធានីភ្នំពេញ ។

អ្នកឃើញហេតុការណ៍ផ្ទាល់បានប្រាប់ថា​ នៅមុនពេលកើតហេតុ​ គេឃើញនារីជនជាតិវៀតណាមម្នាក់ បានដើរចូលមកក្នុងភូមិកើតហេតុខាងលើ មួយសន្ទុះក្រោយមក ស្រាប់តែ​មានកម្លាំងសមត្ថកិច្ច​ចម្រុះមួយក្រុម​ ស្លៀកពាក់ស៊ីវិល​ ពាក់មួកសុវត្ថិភាពបាំងមុខជិត មានទាំងរថយន្ត​មានទាំងម៉ូតូ មិនដឹងថា តាមនារីជនជាតិវៀតណាមខាងលើ​ មកពីណាទេ ក៏ឆ្មក់ចូលមកតាមក្រោយ​។

ចំណែកឯនារីជនជាតិវៀតណាមរូបនោះ បានរត់ឡើងផ្ទះប្រជាពលរដ្ឋ​ ទើបកម្លាំងសមត្ថកិច្ចចម្រុះ ​រត់ដេញតាមចាប់ទាំង​ មនុស្សស្រីម្នាក់​ និងយុវជនម្នាក់ទៀត​ ដាក់ខ្នោះជាប់គ្នា រួចបម្រុង​នាំខ្លួនចេញក្រៅ ស្រាប់តែប្រជាពលរដ្ឋនៅក្បែរនោះ ឃើញទាន់​ ក៏ស្រែក​ឆោឡោ​ឡើងបង្កការភ្ញាក់​ពេញមួយភូមិ​ នាំគ្នារត់មក​រារាំង​សមត្ថកិច្ច​ មិនឲ្យនាំខ្លួនចេញទៅទេ​។

ដោយសារតែ​ប្រជាពលរដ្ឋ​ច្រើនពេក​ ព្យាយាម​រារាំង​មិនឲ្យសមត្ថកិច្ចនាំមុខជនប្រុសស្រីទាំង២នាក់នោះចេញ​ ទើបសមត្ថកិច្ចផ្ទុះអាវុធ​បាញ់ឡើងលើ​៣គ្រាប់ ដើម្បីបំបែក​ហ្វូងប្រជាពលរដ្ឋ តែនៅមិនអាចបំបែកបាន ទើបសមត្ថកិច្ច​បន្ត​បាញ់ឡើងលើ​៣គ្រាប់​ផ្ទួនៗគ្នាទៀត ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​មានការភិតភ័យ នាំគ្នា​ស្រែក​ឆោឡោ​ឡើង ទើបសមត្ថកិច្ច​ចម្រុះទាំងនោះ​ នាំគ្នា​ដកខ្លួនចេញបាត់អស់ពីកន្លែងកើតហេតុ​ ដោយបន្សល់ទុកក្មេងស្រីម្នាក់ និងមនុស្សចាស់ម្នាក់ ដែលប្រជាពលរដ្ឋខ្មែរឥស្លាម​ ភិតភ័យ​ញ័រខ្លួន​ សន្លប់បាត់ស្មារតី នៅកន្លែងកើតហេតុ​ ។

ប្រភពបន្ថែម​ទៀតថា​ ក្រោយពីសមត្ថកិច្ច​ស្លៀកពាក់ស៊ីវិល​ទាំងនោះ ចេញបាត់អស់ទៅ​ គេឃើញមាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌច្បារអំពៅ​ និងសមត្ថកិច្ចប៉ុស្តិ៍ព្រែកប្រា​ ចុះមកសាកសួរដំណើររឿងហេតុ និងជួយទាក់ទងហៅ​រថយន្ត​សង្គ្រោះ​ឲ្យមកយក​អ្នកដែលសន្លប់​យកទៅសង្គ្រោះ​នៅឯមន្ទីរពេទ្យផងដែរ ។

ទោះយ៉ាងណា ​ពាក់ព័ន្ធ​នឹងករណី​ផ្ទុះអាវុធ​ខាងលើនេះ​ លោក​នាយប៉ុស្តិ៍នគរបាលព្រែកប្រា​ បានឲ្យដឹងបឋមថា ខណៈកម្លាំង​សមត្ថកិច្ច នៃ​អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ​ និងកម្លាំងអាវុធហត្ថខណ្ឌច្បារអំពៅ កំពុងតែ​សាកសួរជនប្រុសស្រី ដែល​សមត្ថកិច្ចស៊ីវិលចាប់ដាក់ខ្នោះនោះ​។ ចំពោះអត្តសញ្ញាណ​សមត្ថកិច្ចក៏​មិនទាន់​អាច​បង្ហាញប្រាប់​ឲ្យដឹងនៅឡើយទេ៕

ប្រភព៖ FB