ក្តៅៗ លោកឡាយ វណ្ណៈបានសារភាពថា សុំ​ស្បថថា​បាន​ស្នេហ៍ តែ​មិន​បាន​សម្លាប់ ចែវ សុ​វ​ឌ្ឍ​នា ទេ

ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​២៣ មក​រា ២០១៩​នេះ ក្នុង​សវនាការ ជនជាប់ចោទ ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ បដិសេធ​ថា ពុំ​បាន​សម្លាប់​ស្ត្រី​មេ​មា​យ​កូន​៣ អ្នក​នាង ចេ​វ សុ​វ​ឌ្ឍ​នា ទេ ដោយ​សុំ​ឱ្យ​តុលាការ​រក​យុត្តិធម៌ ។

ទោះបី​យ៉ាងណា ក្រោយ​ពី​ស្តាប់​សក្ខីកម្ម​របស់​ជនជាប់ចោទ ឡាយ វណ្ណៈ បាន​តែ​ម្នាក់​ប៉ុណ្ណោះ ក៏​បាន​សម្រេច​ផ្អាក​សវនាការសិន ហើយ​តុលាការ​បាន​លើក​ពេល​បន្ត​ធ្វើ​ទៅ​ថ្ងៃក្រោយ​ទៀត ដោយ​មិន​កំណត់ពេលណាឡើយ ។

សូម​បញ្ជាក់​ថា សវនាការ​ធ្វើ​ឡើង​តាំងពី​ព្រឹក​ថ្ងៃ​ទី​២៣ មក​រា ២០១៩​នេះ ដឹកនាំ​ដោយ​លោក ហម ម៉េ​ង​សែ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ចៅក្រម​ជំនុំជម្រះ ហើយដោយ​មាន​លោក​ព្រះរាជអាជ្ញា​រង លោក ប្លង់ សុផល ជា​តំណាង​អយ្យការ ។

នៅ​ក្នុង​សវា​នា​ការ​នា​ព្រឹក​នេះដែរ តុលាការ​បាន​សាកសួរ​ជនជាប់ចោទ ជុំវិញ​ការ​ស្លាប់​របស់​ជន​រង​គ្រោះ ឡាយ វណ្ណៈ បាន​សារភាព​ថា «​លោក​បាន​ស្គាល់ ចេ​វ សុ​វ​ឌ្ឍ​នា ក្នុង​អំឡុង​ឆ្នាំ​២០១៦ តាម​រយៈ​មេ​គយ​ខេត្តតាកែវ​ម្នាក់ ។ ស្គាល់គ្នា​បាន​ជិត​១​ខែ ហើយ​បាន​រួមរស់​ស្នេហា​ជាមួយ​នាង ចេ​វ សុ​វ​ឌ្ឍ​នា ដែល​ជា​ស្រី​មេម៉ាយ​កូន​៣ បាន​សម្រេច​ដូច​បំណង ក្នុង​នាម​គូស្នេហ៍​ស៊ីជម្រៅ ។

ក្នុង​រយៈពេល​នៃ​ការ​ស្រលាញ់​គ្នា​លួចលាក់​នេះ លោក​ជាមួយ​នាង ចេ​វ វ​ឌ្ឍ​នា មានការ​រកាំរកូស​គ្នា​ជា​ញឹកញាប់ ដោយសារ​តែ​ជន​រង​គ្រោះ មានចិត្ត​ប្រចណ្ឌ លោក​រឿង​មាន​ស្រី​ផ្សេង​ទៀត ថែម​ទាំង​សុំ​ឱ្យ លោក​យក​នាង​ធ្វើ​ប្រពន្ធ​ទី​២ ដោយ​បើកចំហ​ថែម​ទៀត​ផង ។

នៅ​ល្ងាច​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៨ ដែល​ជា​ថ្ងៃ​កើតហេតុ ឡាយ វណ្ណៈ បាន​ទៅ​ជួប​ជន​រង​គ្រោះ នៅផ្ទះ​ដែល​ខ្លួន​ជួល​ឲ្យ​ស្នាក់​នៅ ហើយ​ពេល​នោះ ឡាយ វណ្ណៈ និង​ជន​រង​គ្រោះ បាន​ឈ្លោះ​គ្នា លោក​បាន​និយាយ​គ្នា​ម្ដងទៀត ប៉ុន្តែ​និយាយ​គ្នា​មិន​ត្រូវ​សោះ លោក​ក៏​ត្រឡប់​ទៅ​វិញ ពេល​នោះ ចែវ សុ​វ​ឌ្ឍ​នា បា​និយាយ​ពីលើ​ជណ្ដើរ​មក​ថា បើ​ថ្ងៃនេះ បង​ចេញ​ផុត​ពី​មាត់ទ្វារ​ផ្ទះ បង​នឹង​លែង​បាន​ជួប​មុខ​អូន​រហូត​ហើយ ពេល​នោះ​លោក​នៅ​តែ​ដើរ​ចេញ ហើយ​ឡើង​​រថយន្ត​ជិះ​មក​ផ្ទះ​វិញ ។ លុះ​ពេល​មក​ដល់​ផ្ទះ ស្រាប់តែ ចាន់ រី (​អ្នកបម្រើ​នៅផ្ទះ ចេ​វ សុ​វ​ឌ្ឍ​នា​) ទូរស័ព្ទ​មក​ប្រាប់​ថា វ​ឌ្ឍ​នា យក​កាំបិត​អា​ដៃ ​ប៉ុន្តែ​នាង​និង​ប្ដី បាន​ដណ្ដើម​យក​កាំ​បិទ​ហើយ ។ មួយ​សន្ទះ​ក្រោយមក​ស្រាប់តែ ចាន់ រី ទូរស័ព្ទ​មក​ម្ដងទៀត​ថា វ​ឌ្ឍ​នា ចងក​សម្លាប់​ខ្លួន​ហើយ ពេល​នោះ​លោក​មិន​ជឿ​ទេ ប៉ុន្តែ​បាន​ឲ្យ​សាម៉ៃ (​ជា​អ្នកបើកបរ​ឲ្យ ឡាយ វណ្ណៈ​) ទៅ​មើល ពេល​ទៅ​ដល់​សា​ម៉ៃ ប្រាប់​តាម​ទូរស័ព្ទ​ថា បងស្រី​ចងក​សម្លាប់​ខ្លួន​មែន ។

ពេល​នោះ​លោក​តក់ស្លុត​ណាស់ ក៏​បាន​ប្រាប់​ឲ្យ​សា​ម៉ៃ ទៅ​យក​ទូរស័ព្ទ​២​គ្រឿង​របស់​នាង មក​ទុក​ដោយសារ​ក្នុង​ទូរស័ព្ទ មាន​ថតរូប​លោក​ជាមួយ​នាង​យ៉ាង​ច្រើន ព្រោះ​មិន​ចង់​ឲ្យ​រូបភាព​ក្នុង​ទូរស័ព្ទ​ត្រូវ​បែកធ្លាយ​ដល់​ដៃ​អ្នកកាសែត ។បន្ទាប់​មក​លោក​ក៏​បាន​ផ្តល់​ដំណឹង​នេះ ដោយ​ហៅ​ទូរស័ព្ទ​ទៅ ឡាយ ណា​រិ​ទ្ធ ជា​បងប្រុស និង​ជា​ស្នងការ​រង ឱ្យទៅ​ជួយ​មើល​កន្លែង​កើតហេតុ » ។ជនជាប់ចោទ ឡាយ វណ្ណៈ នៅ​តែ​បដិសេធ​ដដែល​ដូចកាលពីមុន​ពេល​សមត្ថកិច្ច​ចាប់ខ្លួន ថា លោក​មិន​បាន​សម្លាប់​នាង ចេ​វ សុ​វ​ឌ្ឍ​នា ទេ លោក​បាន​ស្បថ​ចំពោះ​មុខ​មនុស្ស​នៅ​ក្នុង​សវនាការ​ថា «​បើ​ខ្ញុំ​បាន​សម្លាប់ ចេ​វ សុ​វ​ឌ្ឍ​នា មែន សូម​វត្ថុ​ស័ក្តិ​សិទ្ធ បរាមុខ​ខ្ញុំ… ឲ្យ​ខ្ញុំ និង​ប្រពន្ធ​កូន​ស្លាប់​តៃហោង​… ធ្លាក់​នរក​៩​ជាន់ អត់​ចាប់ជាតិ​» ។

គួរ​រំលឹក​ថា ជន​រង​គ្រោះ​ឈ្មោះ ចែវ សុ​វ​ឌ្ឍ​នា អាយុ​៣៦​ឆ្នាំ មានកូន​៣​នាក់​ក្នុង​បន្ទុក ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចងក​ក្នុង​បន្ទប់ដេកនៃ​ផ្ទះ​ជួល​ក្នុងភូមិ​ផ្សារ​តា​កោរ សង្កាត់​រការ​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៨ មួយ​ឆ្នាំ​មុន ។ កាលពី​ពេល​នោះ សមត្ថកិច្ច​ខេត្តតាកែវ អះអាង​ថា ជន​រង​គ្រោះ ធ្វើ​អត្តឃាត​ខ្លួនឯង ប៉ុន្តែ​ក្រោយ​ការ​ស៊ើបអង្កេត​របស់​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​មួយ​ក្រុម បង្ហាញ​ថា ស្ត្រីជន​រង​គ្រោះ​ត្រូវ​បាន​ធ្វើឃាត​ទៅ​វិញ ទើប​សមត្ថកិច្ច​ជំនាញ​របស់​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ឈាន​ដល់​ការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ទាំង​៤​នាក់​រួម​មាន ៖ឈ្មោះ ឡាយ វណ្ណ​: ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ អតីត​អភិបាល​ខេត្តតាកែវ និង​ឈ្មោះ ឡាយ ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ អតីត​ស្នងការ​រង​ខេត្តតាកែវ ជាប់​ពី​បទ​ឃាតកម្ម យោង​តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ។ឈ្មោះ ម៉េ​ន សា​ម៉ៃ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​តៃកុង​ឡាន​របស់ លោក ឡាយ វណ្ណ​: និង​ឈ្មោះ ជឹ​ម វុ​ធ ហៅ ថូ​ត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជា​អ្នកបម្រើ​នៅផ្ទះ​របស់​លោកស្រី ចែវ សុ​វ​ឌ្ឍ​នា ពី​បទ​លាក់​បំបាំង​តម្រុយ យោង​តាម​មាត្រា​៥៣២ នៃ​ក្រមព្រហ្មទណ្ឌ ៕