មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលគេប្រទះឃើញមន្ត្រីសាលាខេត្តម្នាក់បានចង.កសម្លាប់ខ្លួន បណ្តាលឲ្យស្លាប់អស់រយៈពេល ៣ថ្ងៃ ទើបមានការភ្ញាក់ផ្អើលកាលពីម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិធម្មយុត្តិ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង បន្ទាប់ពីជះក្លិនស្អុយចេញមកក្រៅ។សមត្ថកិច្ចនគរបាលនៅកន្លែងកើតហេតុបានឲ្យដឹងថា មន្ត្រីសាលាខេត្តដែលបានចង.កសម្លាប់ខ្លួនខាងលើនេះ ឈ្មោះ សួន វីរៈ អាយុ២៨ឆ្នាំ មានប្រពន្ធ និងរស់នៅភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស និងបានមកស្នាក់នៅបន្ទប់ជួលក្នុងក្រុងកំពង់ឆ្នាំង ដើម្បីបំពេញការងារ ដែលមានតួនាទីជាមន្ត្រីការិយាល័យសរុបព័ត៌មានសាលាខេត្តកំពង់ឆ្នាំង ។

ប្រភពដដែលបានបញ្ជាក់ថា កាលយប់ថ្ងៃទី៣១ ខែមករា ម្ចាស់ផ្ទះសំណាក់បានឃើញបុរសខាងលើចុះពីរថយន្តចូលមកក្នុងបន្ទប់ស្នាក់នៅរបស់ខ្លួន ហើយចាប់តាំងពីពេលនោះមកមិនដែលបានចាប់អារម្មណ៍អ្វីនោទេ ប៉ុន្តែនៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ អ្នកជួលបន្ទប់ជិតនោះបានធុំក្លិនស្អុយចេញពីខាងក្នុងបន្ទប់ជួលលេខ៦ និងឃើញមានសត្វរុយជាច្រើនហើរចេញចូលតាមឥដ្ឋខ្យល់លើទ្វារបន្ទប់ខាងលើនេះ ទើបមានការសង្ស័យក៏ឱ្យគ្នាទៅអើតមើលតាមប្រឡោះតូចៗ ទើបឃើញបុរសខាងលើស្លាប់ហើមស្អុយបាត់ទៅហើយ។ ពេលនោះម្ចាស់ផ្ទះបានរាយការណ៍ទៅសមត្ថកិច្ចនគរបាល ហើយក៏បានមកចុះមកត្រួតពិនិត្យដល់កន្លែងកើតហេតុ ជាមួយគ្នានោះក៏ជូនដំណឹងទៅក្រុមគ្រួសារផងដែរ ។នៅមុខបន្ទប់ជួលគេឃើញក្រុមគ្រួសារដែលមកដល់បានសោកសង្រេងជាខ្លាំងនឹងការបាត់បង់គ្រួសារ ។ ចំពោះមូលហេតុពិតប្រាកដ គេមិនទាន់បានដឹងយ៉ាងណានោះទេ ប៉ុន្តែបើតាមឪពុករបស់បុរសដែលចង.កសម្លាប់ខ្លួនខាងលើបាននិយាយប្រាប់ថា «រឿងវិបត្តិក្នុងគ្រួសារ»។


