ក្លិប​យក្ស​អ៊ីតាលី​ Juventus ទិញ​បាន​ខ្សែ​ការពារ​ព័រទុយហ្គាល់​មួយ​រូប​ពី​ Valencia

ក្លិប​យក្ស​អ៊ីតាលី​ Juventus បាន​ចុះ​ហត្ថលេខា​​ទិញ​ខ្សែ​ការពារ​ព័រទុយហ្គាល់​មួយ​រូប​គឺ​កីឡាករ​ Joao Cancelo ពី​ក្រុម​ Valencia ក្នុង​តម្លៃ​ខ្លួន​ផ្ទេរ​ ៤០.៤ លាន​អឺរ៉ូ​។ កីឡាករ​វ័យ​ ២៤ ឆ្នាំ​ Cancelo ដែល​អាច​លេង​បាន​ទាំង​​តំបន់​បម្រើ​ស្លាប​រូប​នេះ​​បាន​ចុះ​ហត្ថលេខា​លើ​កុងត្រា​រយៈ​ពេល​ ៥ ឆ្នាំ​​ជាមួយ​ Juventus ។ រដូវកាល​មុន​គាត់​លេង​ឲ្យ​ក្រុម​នៃ​លីក​កំពូល​របស់​អ៊ីតាលី​ Inter Milan ជាមួយ​នឹង​កុងត្រា​​ខ្ចី​ជើង​ និង​រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​មួយ​គ្រាប់​ពី​ការ​បង្ហាញ​ខ្លួន​ ២៦ ប្រកួត​ក្នុង​លីក​ឲ្យ​ Inter ​។ Cancelo គឺ​ជា​កីឡាករ​ដែល​ត្រូវ​បាន​ Juventus ចុះ​ហត្ថលេខា​ទិញ​បន្ទាប់​ពី​ខ្សែ​បម្រើ​ស្លាប​ Douglas Costa, ខ្សែ​បម្រើ​ Emre Can និង​អ្នក​ចាំ​ទី​ Mattia Perin ។

ប្រែ​សម្រួល​ ៖ ភក្ដី

ប្រេស៊ីលឈ្នះដើម្បីឡើងទៅវគ្គ 16 ក្រុមចុងក្រោយប្រឆាំងនឹងម៉ិកស៊ិក

កីឡា៖ មិនមានការប៉ះទង្គិចគ្នានៅ World Cup នៅប្រទេសម៉ូស្គូទេខណៈដែលក្រុមជម្រើសជាតិប្រេស៊ីលបានទទួលជ័យជម្នះ 2-0 លើក្រុមជំរើសជាតិ Serbia ដើម្បីឈានទៅកាន់វគ្គជម្រុះតាមពូល។

បន្ទាប់ពី ការចាកចេញដ៏គួរឱ្យភ្ញាក់ផ្អើលរបស់អាល្លឺម៉ង់ ពីការប្រកួតកាលពីថ្ងៃពុធសប្ដាហ៍មុនបានងាកទៅប្រេស៊ីលដែលជាក្រុមជើងខ្លាំងមួយទៀតនៅ World Cup ដែលការរីកចម្រើនរបស់ពួកគេមិនទាន់បានធ្វើឱ្យល្អ ហើយក្រុមមួយទៀតចង់ធ្វើសំណាងសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 7-1 របស់ពួកគេទៅលើអាល្លឺម៉ង់កាលពី 4 ឆ្នាំមុន ៕

Roma ទិញ​បាន​ខ្សែ​បម្រើ​អាហ្សង់ទីន​មួយ​រូប​ពី​ក្លិប​យក្ស​បារាំង​ PSG

ក្រុម​ Roma បាន​បញ្ចប់​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែ​បម្រើ​​​អាហ្សង់ទីន​​ Javier Pastore ពី​ក្រុម​​យក្ស​បារាំង​ Paris Saint-Germain ជាមួយ​នឹង​កុងត្រា​រយៈ​ពេល​ ៥ ឆ្នាំ​។ Pastore កីឡាករ​វ័យ​ ២៩ ឆ្នាំ​រូប​នេះ​​បាន​​​យល់​ព្រម​ចុះ​ចូល​ជាមួយ​ Roma ដែល​ជា​ក្រុម​នៃ​លីក​កំពូល​របស់​អ៊ីតាលី​​ក្នុង​តម្លៃ​ខ្លួន​ផ្ទេរ​ ២១.៨ លាន​ផោន​។ គាត់​បាន​មក​​ដល់​ទីក្រុង​រ៉ូម​ដើម្បី​ធ្វើ​តេស្ដ​សុខភាព​​កាល​ពី​​​រសៀល​ថ្ងៃ​ច័ន្ទ​ មុន​ពេល​​​បញ្ចប់​ការ​ផ្ទេរ​របស់​គាត់​​ជា​ផ្លូវ​ការ​​។ PSG បាន​មាន​​​មហិច្ឆតា​ក្នុង​ការ​លក់​ Pastore​ ក្នុង​គោល​បំណង​​ជៀស​​ពី​ការ​គាប​សង្កត់​ពី​ច្បាប់​ Financial Fair Play របស់​ UEFA ។

ហើយ​មុន​ពេល​បញ្ចប់​ការ​ផ្ទេរ​មក​ Roma, Pastore​ ត្រូវ​បាន​គេ​ដឹង​ថា​គាត់​​មាន​​ការ​ចរចារ​គ្នា​ជាមួយ​ក្រុម​ញញួរ​យក្ស​ West Ham United កាល​ពី​ដើម​ខែ​នេះ​ ប៉ុន្តែ​ទំនង​ជា​​មក​ពី​កីឡាករ​រូប​នេះ​មាន​ការ​ទាមទារ​ខ្ពស់​ពេក​​ទើប​បាន​ជា​ការ​ផ្ទេរ​មិន​បាន​ឈាន​ដល់​​ការ​ព្រមព្រៀង​។ Pastore​ បាន​ចុះ​ចូល​ជាមួយ​​ PSG កាល​ពី​ឆ្នាំ​ ២០១១ ដោយ​ការ​ផ្ទេរ​ចេញ​ពី​​ក្រុម​ Palermo ។ គាត់​រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​ ៤៥ គ្រាប់​ពី​ការ​បង្ហាញ​ខ្លួន​​សរុប​ទាំង​អស់​ ២៦៥ ប្រកួត​​ឲ្យ​ PSG ដែល​គាត់​នៅ​សល់​​កុងត្រា​មួយ​ឆ្នាំ​ទៀត​​ជាមួយ​។

ប្រែស​ម្រួល​ ៖ ភក្ដី​

អាហ្សង់ទីន​បាន​​ឡើង​ទៅ​ជួប​បារាំង​នៅ​វគ្គ​ ១៦ ក្រុម​ បន្ទាប់​ពី​លត់​នីហ្សេរីយ៉ា​ ២-១ ទាំង​លំបាក​

ខ្សែ​ការពារ​ Marcos Rojo បាន​ស៊ុត​បញ្ចូល​ទី​​ចុង​ម៉ោង​ជួយ​ឲ្យ​អាហ្សង់ទីន​​ឡើង​ទៅ​កាន់​វគ្គ​ ១៦ ក្រុម​ចុង​ក្រោយ​នៅ​ក្នុង​ការ​ប្រកួត​នៃ​ពាន​​រង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ​ ២០១៨ ជាមួយ​នឹង​ការ​ទទួល​បាន​ជ័យជម្នះ​ទៅ​លើ​ក្រុម​ជម្រើស​ជាតិ​នីហ្សេរីយ៉ា​ក្នុង​លទ្ធផល​ ២-១ ។ ហើយ​ពួក​គេ​នឹង​ត្រូវ​​ឡើង​ទៅ​ប៉ះ​គ្នា​ជាមួយ​ក្រុម​លេខ​ ១ នៃ​ពូល​ C គឺ​ក្រុម​ជម្រើស​ជាតិ​បារាំង​សម្រាប់​វគ្គ​ ១៦ ក្រុម​ ខណៈ​ដែល​ក្រូអាត​​ ក្រុម​លេខ​ ១ ពូល​​ D ដែល​បាន​លត់​អ៊ីស្លង់​ ២-១ នោះ​ត្រូវ​ឡើង​​ទៅ​ប៉ះ​​ដាណឺម៉ាក​។ គួរ​បញ្ជាក់​ថា​កាល​ពី​វគ្គ​ជម្រុះ​ក្នុង​ពូល​គឺ​​អាហ្សង់ទីន​​បាន​ស្ថិត​នៅ​ក្នុង​ពូល​ D ជាមួយ​ក្រូអាត​ នីហ្សេរីយ៉ា​ និង​អ៊ីស្លង់​ ប៉ុន្តែ​ពេល​នេះ​នីហ្សេរីយ៉ា​ និង​អ៊ីស្លង់​បាន​ដឹក​ដៃ​គ្នា​ទៅ​ផ្ទះ​វិញ​ហើយ​។

ប្រែ​សម្រួល ៖ ភក្ដី​

Barcelona ត្រៀម​លក់​ចេញ​ខ្សែ​ការពារ​កូឡុំប៊ី​ Yerry Mina ខណៈ​ដែល​ទិញ​មក​មិន​ទាន់​បាន​មួយ​ឆ្នាំ​

ក្រុម​អ្នក​មាន​បុណ្យ​ Barcelona នឹង​រង់ចាំ​ស្ដាប់​​ការ​ស្នើ​សុំ​សម្រាប់​ខ្សែ​ការពារ​ Yerry Mina បន្ទាប់​ពី​ពួក​គេ​​​បាន​ចុះ​ហត្ថលេខា​ទិញ​កីឡាករ​កូឡុំប៊ី​រូប​នេះ​មិន​ទាន់​បាន​កន្លះ​ឆ្នាំ​ស្រួល​បួល​ផង​​ និង​បើ​ទោះ​បី​ជា​កីឡាករ​វ័យ​ ២៣ ឆ្នាំ​រូប​នេះ​សារភាព​ថា​ខ្លួន​មិន​ដែល​​មាន​ចិត្ត​ចង់​ចាក​ចេញ​​ពី​ពួក​គេ​ម្ដង​ណា​ឡើយ​​​​​ក៏​ដោយ​។ Mina បាន​ផ្លាស់​មក​កីឡដ្ឋាន Camp Nou ពី​ក្រុម​ Palmeiras កាល​ពី​​ដើម​ឆ្នាំ​ ២០១៨​ និង​ចូល​លេង​បាន​​ ៥ ប្រកួត​​ក្នុង​លីក​អេស្ប៉ាញ​ឲ្យ​ Barcelona ដែល​បាន​ឈ្នះ​ពាន​​ក្នុង​លីក​របស់​ពួក​គេ​​សម្រាប់​​រដូវកាល​មុន​​។

Mina ដែល​បាន​ស៊ុត​គ្រាប់​នាំ​មុខ​ឲ្យ​កូឡុំប៊ី​​ឈ្នះ​ប៉ូឡូញ​ ៣-០ នៅ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ​ ២០១៨ វគ្គ​ជម្រុះ​ក្នុង​ពូល​កាល​ពី​ថ្ងៃ​​អាទិត្យ​នោះ​​​ត្រូវ​បាន​គេ​រាយការណ៍​មក​ថា​គាត់​នឹង​មិន​ត្រូវ​បាន​ស្ថិត​នៅ​ក្នុង​គម្រោង​របស់​គ្រូ​បង្វឹក​ លោក​ Ernesto Valverde របស់​ Barcelona ទេ​រដូវកាល​ក្រោយ​​​ ខណៈ​ដែល​ក្លិប​យក្ស​អេស្ប៉ាញ​មួយ​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​ពួក​គេ​កំពុង​​ត្រៀម​បញ្ចប់​ការ​ផ្ទេរ​​ខ្សែ​ការពារ​ Clement Grenier ពី​ក្រុម​ Sevilla ។

“សម្រាប់​ខ្ញុំ​ Barcelona គឺ​ជា​ក្រុម​តែ​មួយ​គត់​ដែល​​ល្អ​បំផុត​នៅ​ក្នុង​ពិភពលោក​។” Mina បាន​​និយាយ​។ “ខ្ញុំ​មិន​ចង់​ចាក​ចេញ​ទេ​​។ ខ្ញុំ​ចូល​ចិត្ត​ក្លិប​មួយ​នេះ​ ទីក្រុង​មួយ​នេះ​ ​ប្រជាជន​នៅ​ទីនេះ​​​ និង​ក្រុម​កីឡាករ​​នៅ​ទីនេះ​ផង​ដែរ​… និយាយ​ទៅ​គឺ​ថា​ចូល​ចិត្ត​​អ្វីៗ​យ៉ាង​នៅ​ទីនេះ​។ ហើយ​ខ្ញុំ​តែង​តែ​មាន​អារម្មណ៍​គាំទ្រ​ Barcelona ។ តែ​សម្រាប់​ពេល​នេះ​​ខ្ញុំ​បាន​សម្រាក​ និង​កំពុង​ធ្វើ​​អ្វី​ដែល​ល្អ​បំផុត​តាម​ដែល​អាច​ធ្វើ​បាន​ ហើយ​ព្យាយាម​​ធ្វើ​ឲ្យ​​កាន់​តែ​ល្អ​ ព្រោះ​​នោះ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ​​។”

ប្រែ​សម្រួល​ ៖ ភក្ដី

Maradona ថា Messi គ្មាន​កំហុស​អ្វី​ទាំង​អស់​ ខណៈ​ដែល​អាហ្សង់ទីន​កំពុង​ត្រដរ​ខ្យល់​នៅ​​ World Cup

Diego Maradona បាន​និយាយ​ការពារ​ខ្សែ​ប្រយុទ្ធ​ Lionel Messi ថា​កីឡាករ​នៃ​ក្រុម​អ្នក​មាន​បុណ្យ​ Barcelona រូប​នេះ​គឺ​មិនមាន​កំហុស​ទេ​ បើ​ទោះ​បី​ជា​​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​​កំពុង​ប្រឈម​នឹង​ការ​​​ជម្រុះ​ចេញ​ពី​ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​វគ្គ​ចែក​ពូល​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ឆ្នាំ​ ២០០២ ។ អាហ្សង់ទីន​បាន​បរាជ័យ​យ៉ាង​ចាស់​ដៃ​ក្រោម​ថ្វី​ជើង​របស់​ក្រុម​ជម្រើស​ជាតិ​ក្រូអាត​ជាមួយ​នឹង​លទ្ធផល​ ៣-០ បន្ទាប់​ពី​​នៅ​ថ្ងៃ​បើក​ឆាក​ពួក​គេ​ប្រកួត​ស្មើ​ជាមួយ​អ៊ីស្លង់​​ដែល​ជា​ការ​​ប្រកួត​នា​​វគ្គ​ជម្រុះ​ក្នុង​ពូល​​​នៃ​ការ​ប្រកួត​ពាន​ World Cup ឆ្នាំ​ ២០១៨ ខណៈ​ដែល​ពួក​គេ​ត្រូវ​ការ​ជា​ចាំ​បាច់​​នូវ​ជ័យជម្នះ​ទៅ​លើ​ក្រុម​ជម្រើស​ជាតិ​នីហ្សេរីយ៉ា​ដើម្បី​មាន​ឱកាស​ឡើង​ទៅ​វគ្គ​ ១៦ ក្រុម​បាន​។

ហើយ​អំឡុង​ក្រុម​របស់​ខ្លួន​ប្រកួត​ស្មើ​ជាមួយ​អ៊ីស្លង់​ Messi បាន​​ខក​ខាន​ឱកាស​ស៊ុត​បាល់​ពិន័យ​ ១១ ម៉ែត្រ​បញ្ចូល​ទី​ ខណៈ​ដែល​នៅ​ប្រកួត​ទី​ ២ ដែល​ពួក​គេ​ប៉ះ​ជាមួយ​​ក្រូអាត​​ គឺ​ Messi រឹត​​​តែ​ឃ្លាត​ឆ្ងាយ​​​​ពី​ការ​រក​គ្រាប់​បាល់​បញ្ចូល​ទី​​ដើម្បី​ជួយ​ជម្រើស​ជាតិ​របស់​ខ្លួន​​ ដែល​ចាប់​ពី​ពេល​នោះ​​មក​​​តារា​បាល់ទាត់​ឆ្នើម​រូប​នេះ​​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​រណ្ដៅ​នៃ​ពាក្យ​រិះគន់​​ ប៉ុន្តែ​ខុស​អី​តែ​ Maradona អតីត​វីរបុរស​​បាល់ទាត់​របស់​អាហ្សង់ទីន​ និង​ធ្លាប់​ដឹកនាំ​អាហ្សង់ទីន​កាល​ពី​ព្រឹត្តិការណ៍​ World Cup ឆ្នាំ​ ២០១០ រូប​នេះ​បាន​អះអាង​ថា​​​កំហុស​គ្រប់​យ៉ាង​គឺ​មិន​មែន​កើត​ឡើង​ព្រោះ​តែ​ Messi ទេ​។ “ខ្ញុំ​ចង់​និយាយ​ទៅ​កាន់​ Messi និង​ចង់​ប្រាប់​គាត់​ថា​គាត់​គ្មាន​កំហុស​អ្វី​ទាំង​អស់​។ គឺ​​គាត់​គ្មាន​​កំហុស​ទាល់​តែ​សោះ​។” Maradona បាន​និយាយ​។ “​ខ្ញុំ​តែង​តែ​ស្រលាញ់​ចូល​ចិត្ត​ និង​គោរព​គាត់​ជានិច្ច​។”

ប្រែ​សម្រួល​ ៖ ភក្ដី

អ្នក​ចាំ​ទី​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ ស៊ូ​ យ៉ាទី​ បាន​ចែក​ផ្លូវ​គ្នា​ជាមួយ​បឹងកេត​

អ្នក​ចាំ​ទី​នៃ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ កីឡាករ​ ស៊ូ យ៉ាទី​ បាន​ចែក​ផ្លូវ​គ្នា​ជាមួយ​ក្រុម​បឹងកេត​​ បន្ទាប់​ពី​កិច្ច​​ចរចារ​​​​បន្ត​កុងត្រា​ថ្មី​បន្ថែម​ពុំ​ទទួល​បាន​ផល​វិជ្ជមាន​។ នេះ​បើ​តាម​ការ​ប្រកាស​ឲ្យ​ដឹង​​ពី​ក្លិប​នៃ​លីក​កំពូល​​របស់​កម្ពុជា​មួយ​នេះ​​។ ដំណឹង​នៃ​ការ​ចែក​ផ្លូវ​​គ្នា​នេះ​គឺ​ក្រោយ​តែ​​ ២ ​ថ្ងៃ​ប៉ុណ្ណោះ​ដែល​បឹងកេត​ចុះ​ហត្ថលេខា​ជា​ថ្មី​ជាមួយ​ខ្សែ​ប្រយុទ្ធ​ ចាន់ វឌ្ឍនាកា​ ។

សរសេរ​​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​ បឹងកេត​ បាន​​រៀប​រាប់​​ថា​ ៖ “គ្រប់ៗ​គ្នា​នៅ​បឹង​កេត​សូម​ជូន​ពរ យ៉ាទី ឲ្យ​ទទួល​បាន​ជោគ​ជ័យ​​ក្នុង​អាជីព នា​ពេល​ខាង​មុខ។ យើង​សោកស្ដាយ​ដែល​ក្លិប​និង​យ៉ាទី ពុំអាច​ឯកភាព​គ្នា​រហូត​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ក្នុង​ការបន្ដ​កិច្ចសន្យា​ថ្មី ដូច្នេះ​យើង​ទាំង​អស់​គ្នា​អរគុណ​ដល់ យ៉ាទី សម្រាប់​ការ​រួម​ចំណែក និង​ការ​ខិតខំ​ប្រឹង​ប្រែង​កន្លង​មកជា​មួយ​ពួក​យើង។”

យល់​ស្រប​អត់!! Lampard ជឿ​ថា​អង់គ្លេស​អាច​លើក​ពាន​​ World Cup ឆ្នាំ​ ២០១៨ នេះ​

អតីត​វីរបុរស​បាល់ទាត់​របស់​ក្រុម​​តោ​ខៀវ​ Chelsea, Frank Lampard ដែល​បច្ចុប្បន្ន​កំពុង​កាន់​ការងារ​ជា​អ្នក​ចាត់​ការ​​នៅ​ក្លិប​ Derby County រូប​នេះ​​បាន​បង្ហាញ​នូវ​​ជំនឿ​ចិត្ត​​​របស់​ខ្លួន​ចំពោះ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ថា​នឹង​អាច​លើក​ពាន​ World Cup ឆ្នាំ​ ២០១៨ នេះ​បាន​។ ការ​រំពឹង​ទុក​របស់​ Lampard ទំនង​ជា​បាន​កើត​ឡើង​បន្ទាប់​ពី​ក្រុម​ដែល​មាន​រហស្សនាម​តោ​កំណាច​មួយ​នេះ​បាន​លត់​ក្រុម​ប៉ាណាម៉ា​ក្នុង​លទ្ធផល​ ៦ ទល់​នឹង​ ១ នៃ​ការ​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពូល​​នៅ​ World Cup និង​​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​ទៅ​កាន់​វគ្គ​ ១៦ ក្រុម​។

“ខ្ញុំ​គិត​ថា​​អង់គ្លេស​អាច​​​ធ្វើ​ដំណើរ​ទៅ​​បាន​វែង​ឆ្ងាយ​នៅ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ World Cup លើក​នេះ​។” Lampard បាន​ថ្លែង​ប្រាប់​​ BBC ។ “ហើយ​យើង​ត្រូវ​តែ​ឡើង​ដល់​វគ្គ​​ ៨​ ក្រុម​ចុង​ក្រោយ​។ ខ្ញុំ​គិត​ថា​ក្រុម​បាន​​បង្ហាញ​​ឲ្យ​ឃើញ​នៅ​ក្នុង​ការ​ប្រកួត​​កន្លង​មក​របស់​ពួក​គេ​​ ហើយ​​ខ្ញុំ​មិន​មែន​ចេះ​តែ​និយាយ​នោះ​ទេ​។ បើ​មិន​ជឿ​សូម​ក្រឡេក​មើល​នូវ​ទេព្យ​កោសល្យ​​​នៃ​កីឡាករ​របស់​យើង​(អង់គ្លេស)​ និង​របៀប​ដែល​ពួក​គេ​លេង​។” អង់គ្លេស​​ធ្លាប់​បាន​ឈ្នះ​ World Cup តែ​ម្ដង​ឲ្យ​គត់​ គឺ​នៅ​ក្នុង​ឆ្នាំ​ ១៩៦៦ ដែល​កាល​នោះ​​ពួក​គេ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​ដ៏​ធំ​មួយ​នេះ​​ដោយ​ការ​ផ្ដួល​ក្រុម​ឥន្ទ្រី​ដែក​​អាល្លឺម៉ង់​ក្នុង​លទ្ធផល​ ៤-២ ។


ប្រែ​សម្រួល​ ៖ ភក្ដី

ហុងដា​​ទម្លុះ​​សំណាញ់​ទី​​សេណេហ្គាល់​​ឲ្យ​ជប៉ុន​​​ហក់​ទៅ​ទំ​លើ​កំពូល​តារាង​នៃ​ពូល​ H

ក្រុម​ជម្រើសជាតិ​ជប៉ុន​ និង​សេណេហ្គាល់​នៅ​តែ​រក្សា​បាន​ល្អ​នូវ​ក្ដី​សង្ឃឹម​​ដើម្បី​ឈាន​ទៅ​កាន់​វគ្គ​ ១៦ ក្រុម​ចុង​ក្រោយ​នៃ​ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ​ ២០១៨ នេះ​ បន្ទាប់​ពី​ក្រុម​ទាំង​ ២ បាន​បញ្ចប់​​សមរភូមិ​ប្រយុទ្ធ​​គ្នា​ជាមួយ​លទ្ធផល​ ២​ ស្មើ​​ ខណៈ​ដែល​ជប៉ុន​បាន​ហក់​ទៅ​ឈរ​លើ​​កំពូល​តារាង​នៃ​​ពូល​ H របស់​ពួក​គេ​។ ខ្សែ​ប្រយុទ្ធ​ Sadio Mane គឺ​ជា​អ្នក​​ស៊ុត​​គ្រាប់​នាំ​មុខ​បាន​សម្រេច​ឲ្យ​សេណេហ្គាល់​​ មុន​ពេល​ការ​តាម​​ស្មើ​មក​វិញ​ពី​សំណាក់​កីឡាករ​ Takashi Inui របស់​ជប៉ុន​។ បន្ទាប់​មក​ខ្សែ​ការពារ​វ័យ​ ១៩ ឆ្នាំ​ Moussa Wague បាន​​ទម្លុះ​សំណាញ់​ទី​គ្រាប់​ទី​ ២ ឲ្យ​សេណេហ្គាល់​​ ដោយ​ពួក​គេ​គិត​ថា​​នេះ​នឹង​ជា​គ្រាប់​ជ័យជម្នះ​​​​ ប៉ុន្តែ​គួរ​ឲ្យ​សោក​ស្ដាយ​ ក្រោយ​ពី​ការ​ស៊ុត​តាម​បាន​ ២ ស្មើ​ពី​សំណាក់​កីឡាករ​បម្រុង​ Keisuke Honda ដែល​បាន​ប្ដូរ​ចូល​ជំនួស​កីឡាករ​​លេខ​ ១០ Shinji Kagawa ។​ ជប៉ុន​ និង​សេណេហ្គាល់​ពេល​នេះ​មាន​ ៤ ពិន្ទុ​​នៅ​ក្នុង​ដៃ​ដូច​គ្នា​​​ បន្ទាប់​​ពី​បញ្ចប់​​ការ​ប្រកួត​​​​បាន​ ២ ប្រកួត​​រួច​មក​ ខណៈ​ដែល​ប្រកួត​ចុង​ក្រោយ​គឺ​ជប៉ុន​ត្រូវ​​ជួប​ប៉ូឡូញ​ ចំណែក​​សេណេហ្គាល់​​​នឹង​ប៉ះ​គ្នា​ជាមួយ​ក្រុម​មក​ពី​​​អាមេរិក​​ឡាទីន​ កូឡុំប៊ី​។


ប្រែ​សម្រួល​ ៖ ភក្ដី

Pogba ថា​ World Cup ឆ្នាំ​ ២០១៨ នេះ​អាច​នឹង​ជា​ឱកាស​ចុង​ក្រោយ​​​សម្រាប់​គាត់​

ខ្សែ​បម្រើ​ Paul Pogba ចង់​ជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​បារាំង​របស់​គាត់​ឈ្នះ​ពាន​ World Cup ឆ្នាំ​ ២០១៨ ខណៈ​ដែល​គាត់​​ទំនង​ជា​នឹង​មិន​ចូល​រួម​ជាមួយ​ជម្រើស​របស់​ខ្លួន​សម្រាប់​ការ​ប្រកួត​ពាន​​រង្វាន់​បាល់ទាត់​ពិភពលោក​នា​ពេល​អនាគត​ទៀត​​ទេ​។ ខ្សែ​បម្រើ​​របស់​ក្រុម​បិសាច​ក្រហម​ Manchester United រូប​នេះ​បាន​ជួយ​បារាំង​ទទួល​ជ័យជម្នះ​លើ​​អូស្ដ្រាលី​ និង​ប៉េរ៉ូ​​សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពូល​ C នៃ​ការ​ប្រកួត​ពាន​ World Cup និង​បាន​កក់​កៅអី​ឡើង​​វគ្គ​ ១៦ ក្រុម​ទាំង​នៅ​សល់​មួយ​ប្រកួត​ទៀត​ក្នុង​ដៃ​។

ហើយ​នៅ​ថ្ងៃ​អង្គារ​​ខាង​មុខ​​នេះ​​បារាំង​នឹង​ត្រូវ​ប៉ះ​គ្នា​ជាមួយ​ក្រុម​លេខ​ ២ ក្នុង​ពូល​របស់​ពួក​គេ​ គឺ​ក្រុម​ជម្រើសជាតិ​ដាណឺម៉ាក​ ខណៈ​ដែល​ទម្រង់​លេង​របស់​​ Pogba ជា​ថ្មី​ម្ដង​ទៀត​​កំពុង​ត្រូវ​បាន​ស្ថិត​ក្រោម​ការ​រិះ​គន់​។ តែ​ទោះ​ជា​យ៉ាង​ណា​ Pogba ថា​គាត់​មិន​​​ខ្វល់​​ជាមួយ​អ្វី​ដែល​អ្នក​រិះ​គន់​របស់​​ខ្លួន​និយាយ​នោះ​ទេ​ ប៉ុន្តែ​​ជំនួស​មក​វិញ​គឺ​គាត់​បាន​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ជួយ​ឲ្យ​បារាំង​លើក​ពាន​​ World Cup ។ “ប្រហែល​ជា​​នេះ​គឺ​ជា​ឱកាស​ចុង​ក្រោយ​​ហើយ​ដែល​ខ្ញុំ​​មាន​​វត្តមាន​​នៅ​ World Cup ។” កីឡាករ​វ័យ​ ២៥ ឆ្នាំ​រូប​នេះ​បាន​ប្រាប់​អ្នក​យក​ពត៌មាន​​។ “ហើយ​យើង​​សុទ្ធ​តែ​មិន​ដឹង​ដូចគ្នា​។ ខ្ញុំ​ពិត​ជា​​ពេញ​ចិត្ត​ចំពោះ​​​​ខ្លួន​​ឯង​។ ខ្ញុំ​នឹង​បំភ្លេច​ចោល​នូវ​ពាក្យ​រិះគន់​ និង​លះ​បង់​​គ្រប់​យ៉ាង​ដើម្បី​ក្រុម​ជម្រើស​ជាតិ​​បារាំង​របស់​ខ្ញុំ​។ ខ្ញុំ​ពិត​ជា​ចង់​ឈ្នះ​ពាន World Cup ​នេះ​ណាស់​។”

នៅ​ពេល​​ត្រូវ​បាន​គេ​សួរ​​​​ថា​ហេតុអ្វី​គាត់​និយាយ​ថា​ World Cup ឆ្នាំ​ ២០១៨ នេះ​អាច​នឹង​ជា​​ឱកាស​ចុង​ក្រោយ​សម្រាប់​គាត់​ Pogba បាន​ឆ្លើយ​តប​ទៅ​វិញ​ថា​ ៖ “ខ្ញុំ​មាន​ភាព​ប្រាកដ​និយម​​ចំពោះ​ការ​ពិត​មួយ​​ដែល​ថា​​វា​អាច​នឹង​ក្លាយ​ជា​ព្រឹត្តិការណ៍​ប្រកួត​ World Cup ចុង​ក្រោយ​សម្រាប់​ខ្ញុំ​​។ យើង​មិន​អាច​ដឹង​ឡើយ​ថា​នឹង​មាន​អី​កើត​ឡើង​នៅ​ថ្ងៃ​​ស្អែក​។ ប្រហែល​ជា​ខ្ញុំ​អាច​នឹង​របួស​​ ឬ​មួយ​ក៏​មាន​កីឡាករ​ណា​ផ្សេង​​ទៀត​នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ជាមួយ​គ្នា​នេះ​គាត់​មាន​ភាព​លេច​ធ្លោ​ជាង​ខ្ញុំ​។ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា​ខ្លួន​ខ្ញុំ​អាច​បង្ហាញ​ខ្លួន​​នៅ​ World Cup បាន​ច្រើន​ជាង​មួយ​ដង​​ ខណៈ​ដែល​កីឡាករ​ខ្លះ​​​​មិន​បាន​បង្ហាញ​ខ្លួន​សូម្បី​តែ​មួយ​ដង​ផង​នៅ​ World Cup ក្នុង​អាជីព​របស់​ពួក​គេ​។”

ប្រែ​សម្រួល​ ៖ ភក្ដី