Kovacic បាន​និយាយ​​ពេញៗ​មាត់​ថា​ចង់​ចាក​ចេញ​ពី​ Real Madrid ព្រោះ​មូលហេតុ​មួយ​នេះ​

កីឡាករ​ Mateo Kovacic បាន​អស់​ភាព​អំណត់​អត់​ធ្មត់​ត​ទៅ​ទៀត​ហើយ​ជាមួយ​ក្រុម​​ Real Madrid ខណៈ​ដែល​ខ្សែ​បម្រើ​រូប​នេះ​បាន​សារភាព​ពេញៗ​មាត់​ថា​ខ្លួន​ចង់​ចាក​ចេញ​ពី​​ Real ដើម្បី​​ផ្លាស់​ទៅ​កន្លែង​ថ្មី​មួយ​ដែល​អាច​អនុញ្ញាត​ឲ្យ​រូប​គាត់​បង្ហាញ​ខ្លួន​លើ​ទីលាន​ប្រកួត​បាន​ញឹកញាប់​​ជាង​​​នេះ​។ កីឡាករ​នៃ​ក្រុម​ជម្រើស​ជាតិ​ក្រូអាត​រូប​នេះ​បាន​​ផ្លាស់​មក​កីឡដ្ឋាន​ Bernabeu របស់​​ Real Madrid កាល​ពី​ឆ្នាំ​ ២០១៥ ដោយ​ការ​ផ្ទេរ​ចេញ​ពី​ក្រុម​ Inter Milan របស់​អ៊ីតាលី​ក្នុង​តម្លៃ​ខ្លួន​ផ្ទេរ​ដែល​ត្រូវ​បាន​គេ​រាយការណ៍​ឲ្យ​ដឹង​ថា​ប្រមាណ​ជា​​ ៣៥ លាន​អឺរ៉ូ​។ ប៉ុន្តែ​គាត់​​​បាន​ជួប​ការ​លំបាក​ដោយ​ការ​ប្រឈម​មុខ​ជាមួយ​ខ្សែ​បម្រើ​រួម​សញ្ជាតិ​របស់​គាត់​​ គឺ​កីឡាករ​ Luka Modric, ខ្សែ​បម្រើ​អាល្លឺម៉ង់​ Toni Kroos និង​ Casemiro ខ្សែ​បម្រើ​​ប្រេស៊ីល​​ ក្នុង​ការ​ដណ្ដើម​យក​កៅអី​ ១១ នាក់​ដំបូង​។

ហើយ​បន្ទាប់​ពី​ការ​ចាក​ចេញ​របស់​អតីត​គ្រូ​បង្វឹក​ លោក​ Zinedine Zidane ដែល​បាន​ជួយ​ឲ្យ​ Real ឈ្នះ​ពាន​ Champions League បី​រដូវកាល​ជាប់ៗ​គ្នា​នោះ​ Kovacic ក៏​ត្រូវ​បាន​ក្លិប​​ល្បីៗ​ជា​ច្រើន​សម្លឹង​ឃើញ​ ស្រប​ពេល​ដែល​ពេល​នេះ​​គាត់​បាន​បើក​ភ្លើង​ខៀវ​ក្នុងការ​ចាក​ចេញ​ពី​ Madrid ជា​កន្លែង​ដែល​គាត់​​ចូល​លេង​បាន​តែ​ ៣៧ ប្រកួត​​ក្នុង​លីក​ ក្នុង​រយៈ​ពេល​ ៣ ឆ្នាំ​​កន្លង​មក​នេះ​។ “ខ្ញុំ​ចង់​បង្ហាញ​ខ្លួន​ឲ្យ​​បាន​ច្រើន​ប្រកួត​ ហើយ​រឿង​ដែល​សំខាន់​នោះ​គឺ​ខ្ញុំ​ចង់​ចាក​ចេញ​ពី​ Real Madrid ។” Kovacic បាន​ប្រាប់​កាសែត​ Marca ។ “ខ្ញុំ​ចូល​ចិត្ត​បាល់ទាត់​ និង​​ចង់​បង្ហាញ​ខ្លួន​ឲ្យ​ច្រើន​នៅ​លើ​ទីលាន​ប្រកួត​។ ខ្ញុំ​ចង់​មាន​ឱកាស​ចូល​លេង​ជម្រើស​ដំបូង​ឲ្យ​ក្រុម​ផ្សេង​ ព្រោះ​បើ​មិន​បាន​​ចូល​លេង​​ គឺ​ខ្ញុំ​​​សប្បាយ​ចិត្ត​​មិន​​ចេញ​ទេ​។”​ Tottenham ដែល​ជា​ក្រុម​នៃ​លីក​កំពូល​របស់​អង់គ្លេស​មួយ​នេះ​ត្រូវ​បាន​គេ​ផ្សា​ភ្ជាប់​ជាមួយ​ការ​ផ្ទេរ​ Kovacic កាល​ពី​កន្លង​ទៅ​។

ប្រែ​សម្រួល​ ៖ ភក្ដី

ប៊ែលហ្ស៊ីក​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ឡើង​ទៅ​វគ្គ​ ១៦ ក្រុម​នៅ​ World Cup បន្ទាប់​ពី​ Lukaku និង​ Hazard ស៊ុត​បញ្ចូល​ទី​ម្នាក់​​ពីរ​គ្រាប់​​ផ្ដួល​ទុយណេហ្ស៊ី​ ៥-២

ខ្សែ​ប្រយុទ្ធ​ Romelu Lukaku និង​ Eden Hazard បាន​ជួយ​​បង្ហើន​ឱកាស​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ប៊ែលហ្ស៊ីក​របស់​ពួក​គេ​ក្នុង​ការ​​​កក់​កៅអី​ឡើង​​​ទៅ​កាន់​វគ្គ​ ១៦ ក្រុម​នៃ​ការ​​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ​ ២០១៨ នេះ​​ បន្ទាប់​ពី​ពួក​គេ​ទាំង​ ២ ​​​​​បំប៉ើង​សំណាញ់​ទី​បាន​សម្រេច​ម្នាក់​ ២ គ្រាប់​ ខណៈ​ដែល​ប៊ែលហ្ស៊ីក​លត់​ក្រុម​ជម្រើស​ជាតិ​ទុយណេហ្ស៊ី​​ក្នុង​​លទ្ធផល​ ៥​ គ្រាប់​ទល់​នឹង​ ២ ។ ជ័យជម្នះ​​ដែរ​បាន​ធ្វើ​ឲ្យ​ប៊ែលហ្ស៊ីក​​​នៅ​ពី​លើ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ដែល​​ឈរ​លើ​ចំណាត់​​​លេខ​ ២ ​​ក្នុង​ពូល​ G ។

រីឯ​​​ទុយណេហ្ស៊ី​ដែល​បាន​បរាជ័យ​អស់​ ២ ប្រកួត​​នៃ​​​ ៣ ប្រកួត​​របស់​ពួក​គេ​នៅ​ក្នុង​ពូល​នោះ​លែង​មាន​ឱកាស​ឡើង​ទៅ​​វគ្គ​បន្ត​ហើយ​ បើ​ទោះ​បី​​ជា​ប៉ាណាម៉ា​ ស៊ី​អង់គ្លេស​មួយ​លានគ្រាប់​​ទល់​នឹង​សូន្យ​ក៏​ដោយ​ ខណៈ​ដែល​ពួក​គេ​នឹង​ក្លាយ​ជា​ក្រុម​​ជម្រើស​ជាតិ​​​នៃ​ទ្វីប​អាហ្វ្រិក​ទី​ ៣ ​ដែល​នឹង​ត្រូវ​បាន​ជម្រុះ​ចេញ​ពី​ការ​ប្រកួត​ពាន​ World Cup ឆ្នាំ​នេះ​ បន្ទាប់​ពី​អេហ្ស៊ីប​ និង​ម៉ារ៉ុក​។ ហើយ​ក្រុម​​ដែល​មក​ពី​អាហ្វ្រិក​​ដែល​​នៅ​មាន​ឱកាស​ឡើង​ទៅ​​វគ្គ​ ១៦ ក្រុម​​នៅ​ World Cup គឺ​មាន​តែ​នីហ្សេរីយ៉ា​ និង​សេណេហ្គាល់​ប៉ុណ្ណោះ​។

ប្រែ​សម្រួល​ ៖ ភក្ដី

វឌ្ឍនាកា​ បាន​សម្រេច​ចិត្ត​​វិល​ត្រលប់​មក​រក​ទ្រនំ​ចាស់​ បឹងកេត​ របស់​ខ្លួន​វិញ​

ក្លិប​បឹង​កេត​​បាន​ប្រកាស​ជា​ផ្លូវការ​​អំពី​​ការ​វិល​ត្រលប់​​មក​ចុះ​ចូល​​ជា​​ថ្មី​ជាមួយ​ក្លិប​របស់​ពួក​គេ​ពី​សំណាក់​​​​ខ្សែ​ប្រយុទ្ធ​ ចាន់ វឌ្ឍនាកា​ ខណៈ​ដែល​គេ​ជឿ​ថា​ការ​វិល​មក​រក​ទ្រនំ​ចាស់​​របស់​ខ្លួន​នេះ​​គឺ​ព្រោះ​តែ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​​នៃ​ក្រុម​ជម្រើសជាតិ​កម្ពុជា​រូប​នេះ​ចរចារ​ជាមួយ​ក្លិប​នៅ​បរទេស​មិន​បាន​សម្រេច​។ វឌ្ឍនាកា​ កាល​ពី​មួយ​រយៈ​​មុន​ត្រូវ​បាន​គេ​ផ្សា​ភ្ជាប់​គាត់​​ជាមួយ​នឹង​ការ​ផ្ទេរ​ទៅ​លេង​ឲ្យ​ក្លិប​សិង្ហបុរី​ Home United ប៉ុន្តែ​គាត់​បាន​បដិសេធ​​ និង​ថា​ពាក្យ​ចរចាម​អារ៉ាម​ទាំង​នោះ​មិន​មែន​ជា​ពិត​ទេ​។ អំឡុង​ពេល​បដិសេធ​​ចំពោះ​ពាក្យ​ចរចាម​អារ៉ាម​នោះ​​​​ កីឡាករ​វ័យ​ ២៤ រូប​នេះ​ក៏​​បាន​បង្ហើប​ផង​ដែរ​​​ថា​ខ្លួន​កំពុង​​ចរចារ​ជាមួយ​ក្លិប​​បរទេស​មួយ​​​​ ប៉ុន្តែ​ទំនង​ជា​ចរចារ​គ្នា​មិន​ត្រូវ​ហើយ​មើល​ទៅ​ ទើប​បាន​​គាត់​​​សម្រេច​ចិត្ត​​ត្រលប់​មក​​ចុះ​ចូល​ជាមួយ​ក្លិប​ចាស់​ បឹង​កេត​ របស់​ខ្លួន​វិញ​។

មិន​មែន​ ១ ប៉ុន្តែ​ ២ ប្រេស៊ីល​បាន​ធ្វើ​ស៊ី​កូស្ដារីកា​ និង​ឡើង​ឈរ​​លើ​កំពូល​តារាង​នៃ​ពូល​ E

ខ្សែ​បម្រើ​ Philippe Coutinho និង​ខ្សែ​ប្រយុទ្ធ​​ Neymar បាន​​ចែក​គ្នា​បំប៉ើង​សំណាញ់​ទី​ម្នាក់​មួយ​គ្រាប់​​​ចុង​ម៉ោង​​ជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​ប្រេស៊ីល​ផ្ដួល​កូស្ដារីកា​​ជាមួយ​​លទ្ធផល​ ២ គ្រាប់​ទល់​នឹង​ ០ នៅ​ក្នុង​​ការ​ប្រកួត​​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ​ ២០១៨ វគ្គ​ជម្រុះ​នៃ​ពូល​ E ។ ជាមួយ​នឹង​លទ្ធផល​​ជ័យជម្នះ​នេះ​ដែរ​បាន​ធ្វើ​ឲ្យ​ប្រេស៊ីល​ដែល​បាន​ប្រកួត​ស្មើ​ជាមួយ​ស្វីស​កាល​ពី​ប្រកួត​បើក​ឆាក​​នោះ​​ឡើង​ទៅ​ឈរ​លើ​កំពូល​តារាង​នៃ​ពូល​ E យ៉ាង​រំភើយ​ ហើយ​ពួក​គេ​​​ត្រូវ​ការ​ត្រឹម​តែ​លទ្ធផល​ស្មើ​​ប៉ុណ្ណោះ​សម្រាប់​ប្រកួត​ចុង​ក្រោយ​​​ ដើម្បី​​​ឲ្យ​ពួក​គេ​អាច​ឡើង​ទៅ​កាន់​វគ្គ​ ១៦ ក្រុម​នៃ​ការ​ប្រកួត​ពាន​ World Cup​ ខណៈ​ដែល​​ប្រកួត​ចុង​ក្រោយ​​គឺ​ពួក​គេ​នឹង​ត្រូវ​ប៉ះ​គ្នា​ជាមួយ​ស៊ែប៊ី​។ ចំណែក​​​កូស្ដារីកា​ដែល​មិន​មាន​សូម្បី​តែ​មួយ​ពិន្ទុ​នៅ​ក្នុង​ដៃ​នោះ​ទំនង​ជា​​មិន​មាន​ឱកាស​ឡើង​​ទៅ​វគ្គ​បន្ត​ទៀត​ទេ​ បើ​ទោះ​​បី​ពួក​គេ​នៅ​សល់​មួយ​ប្រកួត​ទៀត​ក្នុង​ដៃ​ដែល​ពួក​គេ​ត្រូវ​ប៉ះ​គ្នា​​ជាមួយ​ស្វីស​​ក៏​ដោយ​។​

ប្រែ​សម្រួល​ ៖ ភក្ដី​

អតីត​ខែល​ការពារ​របស់​ Real Madrid មួយ​រូប​សរសើរ​ Modric ​ថា​ជា​កីឡាករ​​លេខ​ ១០ ល្អ​បំផុត​លើ​ពិភពលោក​

អតីត​ខ្សែ​ការពារ​របស់​ក្រុម​​​ Real Madrid កីឡាករ​ Alvaro Arbeloa ជឿ​ជាក់​ថា​ខ្សែ​បម្រើ​ Luka Modric គឺ​ជា​កីឡាករ​ដែល​ពាក់​លេខ​ ១០ ល្អ​បំផុត​នៅ​​លើ​ពិភពលោក​។ Modric បាន​បង្ហាញ​ខ្លួន​ និង​ជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​ក្រូអាត​លត់​ក្រុម​​​ជម្រើស​ជាតិ​អាហ្សង់ទីន​ដោយ​លទ្ធផល​ ៣-០ នៃ​ការ​ប្រកួត​ពាន​​ World Cup នា​វគ្គ​ជម្រុះ​ក្នុង​ពូល​ D ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​​ ខណៈ​ដែល​គាត់​ក៏​រក​បាន​​គ្រាប់​បាល់​​បញ្ចូល​ទី​មួយ​គ្រាប់​ផង​ដែរ​​​ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ​​ឆ្នើម​អាហ្សង់ទីន​​​ Lionel Messi ដែល​ក៏​ពាក់​​​​អាវ​លេខ​ ១០ ដូច​ Modric ដែរ​នោះ​​កំពុង​តែ​ត្រដរ​ខ្យល់​ បន្ទាប់​ពី​ ២ ប្រកួត​របស់​ពួក​គេ​​​រក​​​ជ័យជម្នះ​​​មិន​ទាន់​ឃើញ​(ស្មើ​​ពេល​ប៉ះ​​អ៊ីស្លង់​ និង​ចាញ់​​ពេល​ប៉ះ​ជាមួយ​​ក្រូអាត​)។

Alvaro Arbeloa អតីត​ខ្សែ​ការពារ​របស់​ក្រុម​​​ Real Madrid

ទន្ទឹម​នឹង​ការ​បង្ហាញ​​ទម្រង់​លេង​ល្អ​ពី​សំណាក់​​ Modric បាន​ធ្វើ​ឲ្យ​ Arbeloa ដែល​បាន​ចំណាយ​ពេល​អស់​ ៧ រដូវកាល​លេង​នៅ​ក្លិប​អេស្ប៉ាញ​ Real Madrid រូប​នេះ​ជឿ​ថា​ Modric ពិត​ជា​សម​ជា​កីឡាករ​ពាក់​លេខ​ ១០ ដែល​ល្អ​​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក​។ “កីឡាករ​ពាក់​លេខ​ ១០ ដែល​ល្អ​បំផុត​​នៅ​ក្នុង​ពិភពលោក​គឺ​ Luka Modric ។” Arbeloa បាន​សរសេរ​យ៉ាង​ដូច្នេះ​នៅ​​លើ​ទំព័រ​បណ្ដាញ​សង្គម​ Twitter របស់​គាត់​ដោយ​បាន​​អម​មក​ជាមួយ​នូវ​រូប​​​របស់​ Modric ផង​ដែរ​។ Modric រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​ ២ គ្រាប់​ហើយ​​នៅ​ក្នុង​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​ពាន​បាល់​ទាត់​ពិភពលោក​ឆ្នាំ​ ២០១៨ នេះ​ ខណៈដែល​​​ជម្រើស​ជាតិ​របស់​គាត់​​កំពុង​បោះ​ជំហាន​ទៅ​កាន់​វគ្គ​ ១៦ ក្រុម​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ឆ្នាំ​ ១៩៩៨ ។

ប្រែ​សម្រួល​ ៖ ភក្ដី

មិន​មែន​ ១ ប៉ុន្តែ​ ២ ប្រេស៊ីល​បាន​ធ្វើ​ស៊ី​កូស្ដារីកា​ និង​ឡើង​ឈរ​​លើ​កំពូល​តារាង​នៃ​ពូល​ E

ខ្សែ​បម្រើ​ Philippe Coutinho និង​ខ្សែ​ប្រយុទ្ធ​​ Neymar បាន​​ចែក​គ្នា​បំប៉ើង​សំណាញ់​ទី​ម្នាក់​មួយ​គ្រាប់​​​ចុង​ម៉ោង​​ជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​ប្រេស៊ីល​ផ្ដួល​កូស្ដារីកា​​ជាមួយ​​លទ្ធផល​ ២ គ្រាប់​ទល់​នឹង​ ០ នៅ​ក្នុង​​ការ​ប្រកួត​​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ​ ២០១៨ វគ្គ​ជម្រុះ​នៃ​ពូល​ E ។ ជាមួយ​នឹង​លទ្ធផល​​ជ័យជម្នះ​នេះ​ដែរ​បាន​ធ្វើ​ឲ្យ​ប្រេស៊ីល​ដែល​បាន​ប្រកួត​ស្មើ​ជាមួយ​ស្វីស​កាល​ពី​ប្រកួត​បើក​ឆាក​​នោះ​​ឡើង​ទៅ​ឈរ​លើ​កំពូល​តារាង​នៃ​ពូល​ E យ៉ាង​រំភើយ​ ហើយ​ពួក​គេ​​​ត្រូវ​ការ​ត្រឹម​តែ​លទ្ធផល​ស្មើ​​ប៉ុណ្ណោះ​សម្រាប់​ប្រកួត​ចុង​ក្រោយ​​​ ដើម្បី​​​ឲ្យ​ពួក​គេ​អាច​ឡើង​ទៅ​កាន់​វគ្គ​ ១៦ ក្រុម​នៃ​ការ​ប្រកួត​ពាន​ World Cup​ ខណៈ​ដែល​​ប្រកួត​ចុង​ក្រោយ​​គឺ​ពួក​គេ​នឹង​ត្រូវ​ប៉ះ​គ្នា​ជាមួយ​ស៊ែប៊ី​។ ចំណែក​​​កូស្ដារីកា​ដែល​មិន​មាន​សូម្បី​តែ​មួយ​ពិន្ទុ​នៅ​ក្នុង​ដៃ​នោះ​ទំនង​ជា​​មិន​មាន​ឱកាស​ឡើង​​ទៅ​វគ្គ​បន្ត​ទៀត​ទេ​ បើ​ទោះ​​បី​ពួក​គេ​នៅ​សល់​មួយ​ប្រកួត​ទៀត​ក្នុង​ដៃ​ដែល​ពួក​គេ​ត្រូវ​ប៉ះ​គ្នា​​ជាមួយ​ស្វីស​​ក៏​ដោយ​។​

ប្រែ​សម្រួល​ ៖ ភក្ដី​

លទ្ធផល៣គូយប់មិញនេះ ៖ ព័រទុយហ្គាល់ ជាមួយ ម៉ារ៉ុក ,អ៊ុយរ៉ាហ្គាយ និង អារ៉ាប៊ីសាអូឌីត,អេស្បាញ និង អ៉ីរ៉ង់

(ម៉ូស្គូ)​ ការប្រកួត World Cup 2018 នៅរុស្ស៊ី នាយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ មាន៣គូក្នុងនោះមាន៖ ព័រទុយហ្គាល់​ ឈ្នះម៉ារ៉ុក​ ១-០​ ឡើងឈរកំពូលតារាងនៃពូល​ B ចំណែកអ៊ុយរ៉ាហ្គាយ កក់កៅអីទៅវគ្គក្រុម ខណៈអេស្បាញ បំបាក់ អ៉ីរ៉ង់។

 

ទី១៖ ព័រទុយហ្គាល់​ ជាមួយ ម៉ារ៉ុក​

អតីតក្រុមជើងឯកអឺរ៉ុប​ ព័រទុយហ្គាល់​ បានយកឈ្នះក្រុមមកពីទ្វីបអាហ្រ្វិក​ ម៉ារ៉ុក​ ១-០​។ ជោគជ័យនេះ ធ្វើឲ្យព័រទុយហ្គាល់ ទទួលបាន​ ៣ពិន្ទុលើកទី១ បន្ថែមពីលើប្រកួតលើកទី១ ដែលទទួលបានមួយពិន្ទុ​ ឡើងទៅឈរកំពូលតារាងនៃពូល​ B បណ្តោះអាសន្ននៅ​ World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ។

នេះជាការសឹកម៉ារ៉ុកបានសម្រេចវិញ​ ក្រោយពេលព័រទុយហ្គាល់ចាញ់ម៉ារ៉ុក​ ៣-១​ កាលពី​ World Cup 1986 នៅប្រទេសមិចស៊ិក​ ហើយម៉ារ៉ុកបានក្លាយជាក្រុមទី២​ បន្ទាប់ពីអេហ្ស៊ីប​ ដែលជ្រុះចេញពី​ World Cup 2018 មុនគេ​ ក្រោយចាញ់២ប្រកួតដូចគ្នា។ កីឡាករខ្សែប្រយុទ្ធ​ Cristiano Ronaldo ជាអ្នកតែតគ្រាប់ជ័យជម្នះឲ្យព័រទុយហ្គាល់តាំងពីនាទីទី៤​ ក្រោយទទួលបានបាល់ពីមិត្តរួមក្រុម​ Joao Moutinho។ គ្រាប់ពីការតែតនេះជាគ្រាប់ទី៤​ របស់កីឡាករវ័យ​ ៣៣ឆ្នាំ​ Ronaldo ។

ទី២៖ អ៊ុយរ៉ាហ្គាយ និង អារ៉ាប៊ីសាអូឌីត

ក្រុមបាល់ទាត់ជម្រើសជាតិអ៊ុយរ៉ាហ្គាយ​ បានក្លាយជាក្រុមទី២​ ដែលបានកក់កៅអីឡើងទៅវគ្គ​ ១៦ក្រុមចុងក្រោយ​។ ១គ្រាប់ជ័យជម្នះរបស់ក្រុមមកពីតំបន់អាមេរិកឡាទីន​ អ៊ុយរ៉ាហ្គាយ​ កើតឡើងនៅនាទីទី២៣​ ពីការធ្វើបានសម្រេចដោយកីឡាករខ្សែប្រយុទ្ធ​ Luis Suarez ៣ពិន្ទុបន្ថែមនេះដែរបានធ្វើឲ្យអ៊ុយរ៉ាហ្គាយ​ បន្តឈរនៅលេខ២​ ក្នុងពូល​ A មាន៦ពិន្ទុស្មើនឹងក្រុមកំពូលតារាង​រុស្ស៊ី​ ក្នុងនាមជាក្រុមឈ្នះ២ប្រកួតដូចគ្នា អ៊ុយរ៉ាហ្គាយត្រូវជួបម្ចាស់ផ្ទះរុស្ស៊ី​ ខណៈក្រុមហាលអាវដូចគ្នាអារ៉ាប៊ីសាអូឌីត​ ប៉ះអេហ្ស៊ីបនៅថ្ងៃទី២៥​ ខែមិថុនា​ ឆ្នាំ២០១៨​ បញ្ចប់វគ្គជម្រុះនៃពូល​ A។

ទី៣៖​ អេស្បាញ និង អ៉ីរ៉ង់

ក្រុមបាល់ទាត់ជម្រើសជាតិ​អេស្ប៉ាញ ​រកបាន៣ពិន្ទុលើកទី១​ ក្រោយយកឈ្នះក្រុមអាស៊ី​ អ៉ីរ៉ង់​ ១-០​ បញ្ចប់ជុំទី២​ ប្រចាំពូល​ B នៃ​ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី។ ការស៊ុតបញ្ចូលទីតែ១គ្រាប់ពីសំណាក់ខ្សែប្រយុទ្ធ​ Diego Costa នៅនាទីទី៥៤​ ដើមវគ្គទី២​ បានជួយឲ្យអតីតក្រុមជើងឯក​ World Cup ឆ្នាំ២០១០​មួយនេះឡើងទៅឈរលេខ២​ ប្រចាំពូល​ B បណ្តោះអាសន្នតាមពីក្រោយព័រទុយហ្គាល់ដែលរកបាន​ ៤ពិន្ទុដូចគ្នា ១ប្រកួតចុងក្រោយ​ ដើម្បីបញ្ចប់វគ្គសន្សំពិន្ទុនៃពូល​ B គឺអេស្ប៉ាញត្រូវជួប​ ម៉ារ៉ុក​ ស្របពេលព័រទុយហ្គាល់ ប៉ះអ៉ីរ៉ង់​ នៅចុងសប្តាហ៍នេះ៕

លទ្ធផល៣គូប្រកួត នៅយប់ថ្ងៃអាទិត្យ ឥន្រ្ទីដែកអាល្លឺម៉ង់ ចាញ់ ម៉ិចស៊ីកូ, ប្រេស៊ីល ១ស្មើ ស្វីស ,ស៊ែប៊ី ឈ្នះកូស្តារីកា

(ម៉ូស្គូ)៖​ ការប្រកួត World Cup 2018 នៅរុស្ស៊ី នាយប់ថ្ងៃអាទិត្យទី១៧ ខែមិថុនា ឆ្នាំ២០១៨ មាន៣គូ ក្នុងនោះមាន៖ ស៊ែប៊ី ឈ្នះ កូស្តារីកា, ឥន្រ្ទីដែកអាល្លឺម៉ង់ ចាញ់ ម៉ិចស៊ីកូ, ខណៈ ប្រេស៊ីល ស្មើជាមួយ ស្វីស។

ទី១៖ ស៊ែបី ឈ្នះ កូស្តារីកា ១-០ ស៊ុតបញ្ចូលទីដោយបាល់​ Free kick ពីសំណាក់កីឡាករ​ Alexadrew Kolarov នៅនាទីទី៥៩​។

ទី២៖ ឥន្រ្ទីដែកអាល្លឺម៉ង់ ចាញ់ ម៉ិចស៊ីកូ ១-០ នៅនាទីទី៣៥ ដោយកីឡាករ H. LOZANO។

ទី៣៖ ជើងខ្លាំង ប្រេស៊ីល បានត្រឹមស្មើជាមួយ ស្វីស ១-១ ដោយការស៊ុតបញ្ជូលទីនាំមុខដោយកីឡាករប្រេស៊ីល P. Coutinho ពាក់លេខ១១ នៅនាទីទី២០ ចំណែកក្រុមជំរើសជាតិស្វីស តែតបាល់បញ្ជូលទីប្រេស៊ីលវិញ ដោយកីឡាករ Zuber ពាក់ស្លាកលេខ១៤ នៅនាទីទី៥០៕

​អាហ្សង់ទីន​​បាន​ត្រឹម​ស្មើ​​អ៊ីស្លង់​​​ក្នុង​ប្រកួត​ដំបូង​នៃ​វគ្គ​ចែក​ពូល​នៅ​ World Cup

ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​​បាន​ត្រឹម​ស្មើ​ជាមួយ​​​អ៊ីស្លង់​នៅ​​ក្នុង​ការ​ប្រកួត​​ដំបូង​នៃ​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ​ ២០១៨ នេះ​នា​វគ្គ​ជម្រុះ​ចែក​ពូល​ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Lionel Messi បាន​ខក​ខាន​ឱកាស​ក្នុង​​​ការ​រក​គ្រាប់​បាល់​បញ្ចូល​ទី​ពី​ការ​ស៊ុត​បាល់​ពិន័យ​ ១១ ម៉ែត្រ​ទៅ​លើ​​អ៊ីស្លង់​។

តែ​ទោះ​ជា​យ៉ាង​ណា​ ជាមួយ​នឹង​លទ្ធផល​​មួយ​ស្មើ​នេះ​​​​ប្រហែល​ជា​​មិន​មែន​ឧបសគ្គ​ធំ​សម្រាប់​អាហ្សង់ទីន​​ដែល​ខំ​ស្កាត់​​មក​តាំង​ពី​ទ្វីប​អាមេរិក​ខាង​​ត្បូង​មួយ​នេះ​ឡើយ​​ ដោយ​ពួក​គេ​នៅ​សល់​​ ២ ប្រកួត​ទៀត​នៃ​ការ​ប្រកួត​​ក្នុង​ពូល​របស់​ពួក​គេ​ដើម្បី​បន្ត​ក្ដី​សង្ឃឹម​ឡើង​ទៅ​វគ្គ​បន្ត​នៃ​ការ​ប្រកួត​ពាន​ World Cup ។

ប្រកួត​ក្រោយ​អាហ្សង់ទីន​នឹង​ត្រូវ​ប៉ះ​គ្នា​ជាមួយ​​ក្រូអាត​ ខណៈការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ២២ មិថុនា​នេះ​។

ប្រែ​សម្រួល​ ៖ ភក្តី

សហព័ន្ធ​បាល់ទាត់​អេហ្ស៊ីប​បាន​ប្រកាស​ឲ្យ​ដឹង​នូវ​ដំណឹង​ល្អ​​មួយ​ពាក់ព័ន្ធ​ជាមួយ​ Salah

សហព័ន្ធ​បាល់ទាត់​អេហ្ស៊ីប​បាន​ប្រកាស​​ថា​ខ្សែ​ប្រយុទ្ធ​ Mohamed Salah បាន​ជា​សះ​ស្បើយ​ហើយ​​​​ និង​ត្រៀម​ជា​ស្រេច​ក្នុង​ការ​បង្ហាញ​ខ្លួន​សម្រាប់​ការ​​ប្រកួត​រវាង​ក្រុម​ជម្រើស​ជាតិ​អេហ្ស៊ីប​ និង​ម្ចាស់​ផ្ទះ​រុស្ស៊ី​នា​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ​នេះ​ដែល​ជា​ការ​ប្រកួត​នៃ​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​ វគ្គ​ចែក​ពូល​។

កីឡាករ​វ័យ​ ២៥ ឆ្នាំ​, Salah មិន​ត្រូវ​បាន​ដាក់​ឲ្យ​ចូល​​លេង​ទេ​ អំឡុង​ពេល​ជម្រើសជាតិ​របស់​គាត់​ប្រកួត​​ចាញ់​អ៊ុយរ៉ូហ្គាយ​ដោយ​លទ្ធផល​​ ១-០ នៅ​ក្នុង​ការ​ប្រកួត​បើក​ពូល​របស់​ពួក​គេ​​នៅ​ World Cup កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​។Salah បាន​រង​របួស​ស្មា​រហូត​ដល់​ត្រូវ​បង្ខំ​ចិត្ត​ដើរ​ចេញ​ពី​ទីលាន​ប្រកួត​​នៃ​ពាន​រង្វាន់​ Champions League វគ្គ​ផ្ដាច់ព្រ័ត្រ​​​​រវាង​ក្រុម​ហង្ស​ក្រហម​ Liverpool និង​​ក្រុម​យក្ស​អេស្ប៉ាញ​ Real Madrid កាល​ពី​ខែ​មុន​​ ខណៈ​ដែល​របួស​​របស់​គាត់​នេះ​ដែរ​បាន​កើត​ឡើង​ដោយ​សារ​​ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​ខ្សែ​ការពារ​ឆ្នើម​ Sergio Ramos ។

តែ​ទោះ​ជា​យ៉ាង​ណា​ពេល​នេះ​សហព័ន្ធ​អេហ្ស៊ីប​បាន​​​ប្រាប់​ឲ្យ​ដឹង​​ថា​ ៖ “Salah បាន​ជា​សះ​ស្បើយ​ និង​អាច​ចូល​លេង​បាន​​តាំង​ពី​​ការ​ប្រកួត​ជាមួយ​អ៊ុយរ៉ូហ្គាយ​ ប៉ុន្តែ​គ្រូ​បង្វឹក​មិន​ហ៊ាន​ប្រថុយ​ដាក់​ឲ្យ​គាត់​ចូល​លេង​។ បើ​មាន​គាត់​ប្រហែល​ជា​លទ្ធផល​អាច​​នឹង​​ខុស​​គ្នា​ ប៉ុន្តែ​យើង​មិន​អាច​​ដឹង​ទេ​អំពី​រឿង​នោះ​។

យើង​មិន​ចង់​​ឲ្យ​​មាន​ការ​ស្ដាយ​ក្រោយ​​​​កាល​ពី​ប្រកួត​​មុន​ ទើប​មិន​ឲ្យ​ Salah លេង​ ប៉ុន្តែប្រកួត​ក្រោយ​គាត់​នឹង​អាច​​ចូល​លេង​បាន​ហើយ​​​​”។
ប្រែ​សម្រួល​ ៖ ភក្ដី