ធន មករា ទទួកការបរាជ័យ រីឯ ឈុត សេរីវ៉ាន់ថង ដណ្តើមបានជ័យជំនះ ក្នុងព្រឹត្តិការណ៍ខ្សែក្រវ៉ាតខារ៉ាបាវ

ភ្នំពេញ៖ ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវទម្ងន់៥៧គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍កាលពីរសៀលថ្ងៃទី៩ ខែមិថុនាអ្នកប្រដាល់ជើងខ្លាំងកម្ពុជា ធន មករា បានប្រកួតចាញ់អ្នកប្រដាល់ថៃ ធៀប កៅ (Theap Kao) ដោយពិន្ទុដាច់តែម្ដង ។ នៅក្នុងការប្រកួត៥ទឹកនោះ មករា បានវាយសម្រុក និងវ៉ៃចេញបានច្រើនតែការវ៉ៃចេញរបស់គេមិនសូវចំគោលដៅឡើយមិនតែប៉ុណ្ណោះអ្នកប្រដាល់កម្ពុជារូបនេះត្រូវអ្នកប្រដាល់ថៃកាច់ឲ្យដួលលើសង្វៀនជាញឹកញាប់ទៀតផង។

ចំពោះ ឈុត សេរីវ៉ាន់ថង មកពីក្លិបរាហ៊ូកីឡាខេត្តបាត់ដំបងប្រកួតឈ្នះអ្នកប្រដាល់ថៃ ភេច យ៉ាកស៊ូ (Pnach Yaksou) ដោយពិន្ទុដាច់តែម្ដង ។ ការប្រកួតស្ថិតក្នុងលក្ខណៈតឹងតែងតែការវ៉ៃចេញរបស់ សេរី វ៉ាន់ថង មានប្រៀបលើគូប្រកួតគ្រប់ទឹកតែម្ដង។ បន្ទាប់ពីចប់ការប្រកួតចៅក្រមទាំង៥សុទ្ធតែផ្ដល់ពិន្ទុឱ្យ សេរី វ៉ាន់ថង ឈ្នះគ្រប់ៗគ្នា ៕

Kane បាន​​​សម្រេច​ផ្ញើ​វាសនា​នៅ​​​​ Tottenham ៦ ឆ្នាំ​ទៀត​ជាមួយ​នឹង​កុងត្រា​ដល់​​ ២០២៤

ខ្សែ​ប្រយុទ្ធ​ Harry Kane និង​ក៏​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​បាន​​បញ្ចប់​ការ​ចុះ​ហត្ថលេខា​បន្ត​កុងត្រា​ថ្មី​របស់​ខ្លួន​​ចំនួន​ ៦ ឆ្នាំ​បន្ថែម​ទៀត​ជាមួយ​ក្រុម​មាន់​​ខ្នាយ​មាស Tottenham Hotspur ដែល​មាន​ន័យ​ថា​ Kane ត្រូវ​ជាប់​កុងត្រា​​​ជាមួយ​ក្រុម​នៃ​លីក​កំពូល​របស់​អង់គ្លេស​មួយ​នេះ​​រហូត​ដល់​ឆ្នាំ​ ២០២៤ ។ កីឡាករ​វ័យ​ ២៤ ឆ្នាំ​រូប​នេះ​ស៊ុត​បញ្ចូល​ទី​បាន​ ៣០ គ្រាប់​ពី​​ការ​ប្រកួត​នៅ​ក្នុង​លីក​ឲ្យ​ Tottenham ឈរ​នៅ​លើ​ចំណាត់​ថ្នាក់​លេខ​ ៣ ក្នុង​តារាង​ Premier League របស់​អង់គ្លេស​កាល​ពី​រដូវកាល​មុន​​​ និង​បាន​ធានា​កៅអី​ទៅ​​ប្រកួត​ពាន​រង្វាន់​នៃ​​លីក​កំពូល​របស់​អឺរ៉ុប​ UEFA Champions League រដូវកាល​ក្រោយ​។ ហើយ​​ថ្មីៗ​នេះ​​ដែរ​គាត់​បាន​ក្លាយ​ជា​​កីឡាករ​រក​គ្រាប់​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​របស់​ Spurs ក្នុង​ប្រវត្តិសាស្ដ្រ​​លីក​កំពូល​របស់​អង់គ្លេស​។

កុងត្រា​ចាស់​របស់​ Kane ដែល​​បាន​បន្ត​​ម្ដង​រួច​មក​ហើយ​​កាល​ពី​ចុង​ឆ្នាំ​ ២០១៦ និង​ដែល​ត្រូវ​បាន​គេ​រាយការណ៍​ឲ្យ​ដឹង​ថា​កុងត្រា​​របស់គាត់​​នា​ពេល​​នោះ​គឺ​មាន​តម្លៃ​រហូត​ដល់​ ១០ ម៉ឺន​ផោន​ក្នុង​មួយ​អាទិត្យ​​​នោះ​គឺ​ត្រៀម​នឹង​ផុត​នា​ឆ្នាំ​ ២០២២ ខណៈ​ដែល​នៅ​ក្នុង​កុងត្រា​ថ្មី​នា​ពេល​នេះ​គឺ​ Kane នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​ទ្វេរ​ជា​​ពីរ​ធៀប​នឹង​កុងត្រា​ចាស់​។ ហើយ​បើ​តាម​ខ្សែ​វីដេអូ​ដែល​ត្រូវ​បាន​ផុស​ទៅ​ក្នុង​ទំព័រ​បណ្ដាញ​សង្គម​ Twitter របស់​ Spurs, Kane បាន​និយាយ​ថា​ ៖ “ខ្ញុំ​ទើប​តែ​បាន​ចុះ​ហត្ថលេខា​លើ​កុងត្រា​ថ្មី​មួយ​ និង​រីករាយ​​នឹង​ធ្វើ​វា​ ហើយ​ខ្ញុំ​​អន្ទះ​សារ​ចង់​ឃើញ​អ្នក​គាំទ្រ​ទាំង​អស់​នៅ​ក្នុង​កីឡដ្ឋាន​​រដូវកាល​។”

កាល​ពី​ឆ្នាំ​ ២០១៧ Kane បាន​បញ្ចប់​រដូវកាល​​ជាមួយ​នឹង​ការ​ឈរ​លើ​កំពូល​ចំណាត់​​ថ្នាក់​កីឡាករ​ដែល​រក​គ្រាប់​បាល់​បញ្ចូល​ទី​ច្រើន​​ដាច់​គេ​នៅ​អឺរ៉ុប​ គឺ​រក​បាន​ដល់​ ៥៧ គ្រាប់​សម្រាប់​ក្លិប​ និង​ជម្រើស​ជាតិ​។ ហើយ​​លើស​ពី​នោះ​គាត់បាន​បំបែក​​កំណត់ត្រា​របស់​អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ Alan Shearer ក្នុង​នាម​ជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​បំផុត​នៅ​លីក​កំពូល​របស់​អង់គ្លេស​ក្នុង​រយៈ​ពេល​ ១ ឆ្នាំ​ ដោយ​​ពេល​នោះ​គឺ​គាត់​ស៊ុត​​បាន​ ៣៩ គ្រាប់​។

ប្រែសម្រួល​ ៖ ភក្ដី

ហេតុ​តែ​ចង់​បាន​ Neymar ប្រធាន​ក្លិប​ Real Madrid ហ៊ាន​ធ្វើ​ដល់​ម្លឹង​!!!

ប្រធាន​ក្លិប​អធិរាជ​ស​ Real Madrid លោក​ Florentino Perez ត្រូវ​បាន​​គេ​រាយការណ៍​ឲ្យ​ដឹង​ថា​លោក​មាន​ការ​ធុញ​ទ្រាន់​នឹង​ស្ថានភាព​របស់​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo និង​ការ​​បង្ហាញ​​នូវ​ចេតនា​ចង់​ចាក​ចេញ​ពី​ក្លិប​ ខណៈ​ដែល​លោក​ Perez ត្រៀម​រួច​ជា​ស្រេច​​ក្នុង​ការ​​យក​តារា​បាល់ទាត់​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​ទៅ​ប្ដូរ​​​យក​ខ្សែ​ប្រយុទ្ធ​ Neymar ពី​ក្រុម​​យក្ស​របស់​បារាំង​ Paris Saint Germain ។ នេះ​បើ​តាម​សេចក្ដី​រាយការណ៍​របស់​កាសែត​អេស្ប៉ាញ​ Don Balon

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​​បន្ថែម​ទៀត​ថា​លោក​ Perez មិន​ត្រឹម​តែ​ចង់​យក​ Ronaldo ទៅ​ដូរ​យក​ Neymar អតីត​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​អ្នក​មាន​បុណ្យ​ Barcelona ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​គាត់​នឹង​ផ្ដល់​ឲ្យ​​ PSG នូវ​ទឹក​ប្រាក់​មួយ​ចំនួន​បន្ថែម​ទៀត​​​​ ខណៈ​ដែល​​ Real Madrid ដែល​ជា​ក្រុម​នៃ​លីក​​កំពូល​​របស់​អេស្ប៉ាញ​មួយ​នេះ​​​យល់​ថា​ Neymar គឺ​ជា​គ្រឹះ​សម្រាប់​គម្រោង​ថ្មី​របស់​ពួកគេ​។ ចំណែក​ Ronaldo ត្រូវ​គេ​ជឿ​ថា​គាត់​ទំនង​ជា​នឹង​ពេញ​ចិត្ត​ជាមួយ​ការ​​ផ្ទេរ​ទៅ​លេង​នៅ​ PSG បើ​ទោះ​បី​ជា​មាន​ពាក្យ​ចរចាម​អារ៉ាម​ខ្លះ​ថា​គាត់​ចង់​ត្រលប់​ទៅ​​កាន់​ក្រុម​បិសាច​ក្រហម​ Manchester United វិញ​ក៏​ដោយ​។

Neymar ខ្សែ​ប្រយុទ្ធ​នៃ​ក្រុម​ជម្រើសជាតិ​ប្រេស៊ីល​បាន​ចាក​ចេញ​ពី​ទឹក​ដី​អេស្ប៉ាញ​​ទៅ​លេង​នៅ​ទឹក​ដី​បារាំង​​កាល​ពី​ឆ្នាំ​ទៅ​ ក្រោយ​​ពី​បញ្ចប់​ការ​ផ្ទេរ​របស់​ខ្លួន​ចេញ​​កីឡដ្ឋាន​ Camp Nou រ​បស់ Barcelona ទៅ​កាន់​កីឡដ្ឋាន​ Parc des Princes របស់​ PSG ក្នុង​តម្លៃ​ខ្លួន​បំបែក​កំណត់ត្រា​ពិភពលោក​ ២២២ លាន​អឺរ៉ូ​។ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក​ Neymar ជា​រឿយៗ​ត្រូវ​បាន​គេ​ផ្សា​ភ្ជាប់​គាត់​ជាមួយ​នឹង​ការ​ផ្លាស់​មក​​ Real Madrid ។


ប្រែ​សម្រួល​ ៖ ភក្ដី

ផ្លូវការ​​ហើយ​! Man Utd ទិញ​បាន​ខ្សែ​បម្រើ​ប្រេស៊ីល​មួយ​រូប​​ពី​​ក្លិប​អ៊ុយក្រែន​

ក្រុម​បិសាច​ក្រហម​ Manchester United បាន​ប្រកាស​​ថា​ពួក​គេ​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​​មួយ​ជាមួយ​ក្រុម​ Shakhtar Donetsk ក្នុង​ការ​ចុះ​ហត្ថលេខា​ទិញ​ខ្សែ​បម្រើ​ប្រេស៊ីល​ Fred ខណៈដែល​កីឡាករ​វ័យ​ ២៥ ឆ្នាំ​រូប​នេះ​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​​អាច​នឹង​មាន​តម្លៃ​ខ្លួន​ប្រមាណ​ជា​ ៥២ លាន​ផោន​​ និង​​​ការ​ចុះ​កុងត្រា​រយៈ​ពេល​​ ៥ ឆ្នាំ​​ជាមួយ​កីឡដ្ឋាន​ Old Trafford ។ Fred បាន​បញ្ចប់​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​មួយ​ចំនួន​នៅ​ឯ​​ទី​ស្នាក់ការ​របស់​ Man Utd ក្នុង​ទីក្រុង​ឡុងដ៍​ និង​បាន​ធ្វើ​តេស្ដ​សុខភាព​នៅ​ឯ​​ទីលាន​ហ្វឹកហាត់​ Carrington កាល​ពី​ ២៤ ម៉ោង​មុន​។ ហើយ​គាត់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាក​ចេញ​ពី​ជំរុំ​នៃ​ក្រុម​កីឡាករ​ប្រេស៊ីល​ដើម្បី​មក​បញ្ចប់​កិច្ច​ព្រមព្រៀង​​ជាមួយ​ Man Utd ក្រោយ​ពី​ជម្រើស​​ជាតិ​ប្រេស៊ីល​បាន​ប្រកួត​មិត្តភាព​ឈ្នះ​ជម្រើស​ជាតិ​ក្រូអាត​នៅ​ឯ​កីឡដ្ឋាន​ Anfield កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​។

ហើយ​អតីត​កីឡាករ​របស់​ក្រុម​ Internacional រូប​នេះ​​គឺ​​នឹង​ក្លាយ​ជា​កីឡាករ​ដំបូង​គេ​ដែល​ត្រូវ​បាន​លោក​ Jose Mourinho ចុះ​ហត្ថលេខា​ទិញ​សម្រាប់​រដូវកាល​ដោះដូរ​កីឡាករ​នៃ​រដូវក្ដៅ​ឆ្នាំ​នេះ​​ នៅ​ពេល​ Man Utd ទទួល​បាន​ឯកសារ​ចាំ​បាច់​​ពី​ Shakhtar Donetsk និង​សហព័ន្ធ​កីឡាករ​បាល់ទាត់​ប្រេស៊ីល​។

“Manchester United មាន​ក្ដី​រំភើប​រីករាយ​ក្នុង​ការ​ប្រកាស​ឲ្យ​ដឹង​ថា​ពួក​យើង​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​មួយ​ជាមួយ​ Shakhtar Donetsk សម្រាប់​ការ​ដោះ​ដូរ​កីឡាករ​ Frederico Rodrigues de Paula Santos ។” Man Utd បាន​ចេញ​​សេចក្ដី​ថ្លែង​ការណ៍​កាល​ពី​ថ្ងៃ​អង្គារ​។ “សេចក្ដី​ប្រកាស​បន្ថែម​ទៀត​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​​តាម​ពេល​កំណត់​។” លើស​ពី​នោះ​លោក​ Mourinho មាន​​បំណង​ចុះ​ហត្ថលេខា​ទិញ​ខ្សែ​ការពារ​ស្លាប​ស្ដាំ​ Diogo Dalot របស់​ក្រុម​ Porto ដែល​​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​អ្នក​ស្នង​​តំណែង​កីឡាករ​ Antonio Valencia ។ ហើយ​ផង​ដែរ​នោះ​ Mourinho ក៏​បាន​ចាប់​អារម្មណ៍​លើ​ខ្សែ​ការពារ​ Toby Alderweireld ដែល​​នឹង​ត្រូវ​បាន​ Tottenham លក់​ចេញ​ក្នុង​តម្លៃ​សមរម​មួយ​។


ប្រែស​ម្រួល​ ៖ ភក្ដី​

គ្រូ​បង្វឹក​លំដាប់​​ពិភពលោក​មួយ​រូប​បាន​បដិសេធ​​សំណើ​មក​ជំនួស​កៅអី​ Zidane នៅ​ Real Madrid

លោក​ Massimiliano Allegri ត្រូវ​បាន​គេ​រាយការណ៍​​ឲ្យ​ដឹង​ថា​គាត់​បាន​​បដិសេធ​ការ​ទៅ​​ដឹកនាំ​ក្រុម​យក្សស​ Real Madrid ខណៈដែល​គ្រូ​បង្វឹក​នៃ​​ក្រុម​ខ្លាំង​នៅ​លីក​អ៊ីតាលី​ Juventus រូប​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ជា​បេក្ខភាព​មួយ​រូប​ដែល​ត្រូវ​បាន​លោក​ Florentino Perez ​ចង់​ទាក់ទង​ដើម្បី​ឲ្យ​ទៅ​​កាន់​តំណែង​នៅ​កីឡដ្ឋាន​ Bernabeu ជំនួស​អ្នក​ចាត់​ការ​​ចាស់​ លោក​ Zinedine Zidane ដែល​បាន​រត់​​ចោល​កៅអី​កាល​ពី​ថ្មីៗ​កន្លង​ទៅ​។ ហើយ​ការ​បដិសេធ​​នឹង​សំណើ​របស់​​ Real Madrid ​ពី​សំណាក់​​លោក​ Allegri គឺ​ត្រូវ​បាន​លួច​បង្ហើប​ប្រាប់​ដោយ​វិទ្យុ​អេស្ប៉ាញ​ Cadena SER

ទន្ទឹម​នឹង​នោះ​កាសែត​ Gazzetta dello Sport ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​គ្រូ​បង្វឹក​ជនជាតិ​អ៊ីតលី​​វ័យ​ ៥០ ឆ្នាំ​រូប​​នេះ​មាន​​បំណង​​បន្ត​រួម​រស់​ជាមួយ​ក្រុម​​ Juventus ដោយ​មិន​ខ្វល់​ពី​ការ​ចង់​ចាក​ចេញ​អ្វី​ឡើយ​។ ហើយ​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា​លោក​ Perez ពុំ​បាន​​បង្ហាញ​បំណង​ចង់​​របស់​ខ្លួន​ទៅ​កាន់​លោក​ Allegri ដោយ​ផ្ទាល់​ទេ​ គឺ​គាត់​បាន​ទាក់ទង​តាម​រយៈ​អតីត​នាយក​ក្លិប​ AC Milan លោក​ Adriano Galliani ប៉ុន្តែ​​​ Allegri បាន​បញ្ជាក់​ថា​គាត់​គ្មាន​បំណង​ចាក​ចេញ​ពី​ក្រុម​យក្ស​នៃ​លីក​កំពូល​របស់​អ៊ីតាលី​មួយ​នេះ​ទេ​។

ដំណឹង​នៃ​ការ​​បដិសេធ​របស់​លោក​ Allegri អាច​ជា​ដំណឹង​​​ល្អ​សម្រាប់​បេក្ខភាព​​គ្រូ​បង្វឹក​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​គេ​​ផ្សា​ភ្ជាប់​ជាមួយ​ Real Madrid ដែល​មាន​ដូចជា​ ៖ អតីត​​គ្រូ​បង្វឹក​ក្រុម​កាំភ្លើង​ធំ​ Arsenal លោក​ Arsene Wenger និង​លោក​ Mauricio Pochettino ​​គ្រូ​បង្វឹក​បច្ចុប្បន្ន​របស់​ក្រុម​មាន់​ខ្នាយ​មាស​ Tottenham ខណៈ​ដែល​គ្រូ​បង្វឹក​ថ្នាល​យុវជន​ Real Madrid លោក​ Guti ក៏​ស្ថិត​ក្នុង​ចំណោម​នោះ​ផង​ដែរ​។

ប្រែ​សម្រួល​ ៖ ភក្ដី

ក្រុមកីឡាបាញ់កាំភ្លើងក្រសួងការពារជាតិដណ្តើមមេដាយមាស៣គ្រឿង នៃការប្រកួតកីឡាជាតិលើកទី២…(ចុចអានបន្ត)

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រុមកីឡាបាញ់កាំភ្លើងក្រសួងការពារជាតិដណ្តើមមេដាយមាស៣គ្រឿង ខណៈក្រុមកីឡាបាញ់កាំភ្លើងក្រសួងមហាផ្ទៃដណ្តើមបានមេដាយប្រាក់២គ្រឿងនៃការប្រកួតកីឡាជាតិលើកទី២ ឆ្នាំ ២០១៨។

សម្រាប់ការប្រកួតវិញ្ញាសាមិនអូឡាំពិកកាំភ្លើងកម្រិត៩មីល្លីម៉ែត្របុរសមេដាយមាសបានលើកីឡាករ ប្រាក់ ដេវីដ មកពីក្រសួងមហាផ្ទៃ មេដាយប្រាក់បានលើកីឡាករ វង់ ពិសី មកពីខេត្តកំពត និងមេដាយសំរិទ្ធបានលើកីឡាករ ថាន់ ចំរើន មកពីខេត្តកំពង់ចាម ។

វិញ្ញាសាអូឡាំពិក(វែង)នារីមេដាយមាសបានលើកីឡាការិនី សឿង គឹមហៀង មកពីក្រសួងការពារជាតិ មេដាយប្រាក់បានលើកីឡាការិនីហ៊ុន សុខឡាមកពីខេត្តកំពតនិងមេដាយសំរិទ្ធបានលើកីឡាការិនីឈឹម បូវ៉ៃមកពីរាជធានីភ្នំពេញ។


ចំណែកវិញ្ញាសាអូឡាំពិកប្រភេទកាំភ្លើងខ្លីនារីមេដាយមាសបានលើកីឡាការិនី សួន សារ៉ាន់ មកពីក្រសួងការពារជាតិ មេដាយប្រាក់បានលើកីឡាការិនី គិន ប៊ុនធី មកពីខេត្តកំពង់ចាម និងមេដាយសំរិទ្ធបានលើកីឡាការិនី វ៉ន ចិន្ថា មកពីរាជធានីភ្នំពេញ។

វិញ្ញាសាអូឡាំពិក(៩ម.មខ្លី)នារី៖មេដាយមាសបានលើកីឡាការិនី ប៉ែន ណារ៉ុន មកពីកំពត មេដាយប្រាក់បានលើកីឡាករ ភី សូថា មកពីខេត្តកណ្តាល និងមេដាយសំរិទ្ធបានលើកីឡាករ យ៉ែម បារាំង មកពីខេត្តព្រៃវែង។

ចំពោះវិញ្ញាសាអូឡាំពិកកាំភ្លើងកម្រិតទាបជាង៩ម.មប្រភេទខ្លីបុរសមេដាយមាសបានលើកីឡាករម៉ាន់ គង្គា មកពីក្រសួងការពារជាតិ មេដាយប្រាក់បានលើកីឡាករ សារិន រតនា មកពីខេត្តតាកែវនិងមេដាយសំរិទ្ធបានលើកីឡាករ ហេង លីដា មកពីខេត្តកំពង់ចាម។
វិញ្ញាសាអូឡាំពិកទាបជាង៩ម.មប្រភេទវែងបុរសមេដាយមាសបានលើកីឡាករខៀវឌីណាមកពីខេត្តកំពង់
ចាម មេដាយប្រាក់បានលើកីឡាករ គង់ ចាន់វណ្ណៈ មកពីរាជធានីភ្នំពេញ និងមេដាយសំរិទ្ធបានលើកីឡាករ ប៉ុល សុវណ្ណច័ន្ទរតនា មកពីក្រសួងមហាផ្ទៃ៕

ដោយ៖ សុខ ជា

ស្ងាត់ៗ Ronaldo ប្រេស៊ីល​ជិត​ទិញ​បាន​ក្លិប​មួយ​នៅ​លីក​​អេស្ប៉ាញ​ នេះជាដំណឹងដ៏ភ្ញាក់ផ្អើលមួយ

វីរបុរស​បាល់ទាត់​របស់​ក្រុម​ជម្រើសជាតិ​ប្រេស៊ីល​ និង​ក្រុម​យក្សស​ Real Madrid, Ronaldo ត្រូវ​បាន​គេ​​លួច​បង្ហើប​ឲ្យ​ដឹង​ថា​គាត់​មាន​គោលដៅ​​ទិញ​​យក​ក្លិប​មួយ​នៃ​លីក​លំដាប់​ទី​ ២ របស់​អេស្ប៉ាញ​។
តាម​សេចក្ដី​រាយការណ៍​ពី​កាសែត​របស់​ប្រេស៊ីល​ O Globo បាន​ឲ្យ​ដឹង​ថា​បុរស​វ័យ​ ៤១ ឆ្នាំ​រូប​នេះ​កំពុង​ស្ថិត​ក្នុង​កិច្ចចរចារ​​ដើម្បី​ទិញ​យក​ក្លិប​ Real Valladolid ក្នុង​តម្លៃ​ប្រមាណ​ជា​ ៣០ លាន​អឺរ៉ូ​។
គួរ​រំលឹក​ផង​ដែរ​ថា​កាល​ពី​ខែ​មករា​កន្លង​ទៅ​ Ronaldo បាន​​បង្ហើប​ឲ្យ​ដឹង​ដោយ​ផ្ទាល់​ថា​លោក​មាន​មហិច្ឆតា​កាន់​កាប់​ក្លិប​មួយ​នៅ​លីក​លំដាប់​ទី​ ២ របស់​អេស្ប៉ាញ​ ឬ​អង់គ្លេស​។ “វា​នឹង​ក្លាយ​​​ជា​​រឿង​ដ៏​មាន​កិត្តិយស​បំផុត​​ក្នុង​ការ​ធ្វើ​ជា​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​​របស់​ប្រេស៊ីល​។”

គាត់​បាន​ប្រាប់​កាសែត​ La Folha de Sao Paulo ។ “ប៉ុន្តែ​ខ្ញុំ​ចង់​ស្គាល់​​រសជាតិ​ធ្វើ​ជា​ប្រធាន​ក្លិប​បាល់ទាត់​មួយ​សិន​។”
“ខ្ញុំ​កំពុង​គិត​អំពី​ការ​ទិញ​យក​ក្លិប​មួយ​នៅ​លីក​លំដាប់​ទី​ ២ របស់​អេស្ប៉ាញ​ ឬ​អង់គ្លេស​។” Ronaldo បន្ត​។ “ខ្ញុំ​ចង់​ធ្វើ​អ្វី​មួយ​​ដែល​ប្រកប​ដោយ​ភាព​​​ច្នៃប្រឌិត​​។ ហើយ​ខ្ញុំ​គិត​ថា​ខ្ញុំ​ត្រៀម​រួច​រាល់​​ក្នុង​ការ​ធ្វើ​វា​។”

ហើយ​បើ​យោងតាម​កាសែត​​ Marca បាន​ឲ្យ​ដឹង​ថា​ម្ចាស់​ភាគហ៊ុន​ធំ​ និង​ប្រធាន​ក្លិប​ Valladolid បាន​បដិសេធ​រាល់​សំណើ​ទាំង​​ឡាយ​ណា​ដែល​បាន​ដាក់​ស្មើ​សុំ​ទិញ​យក​ក្លិប​មួយ​នេះ​ ប៉ុន្តែ​ជាមួយ​នឹង​ទឹក​ប្រាក់​ ៣០ លាន​អឺរ៉ូ​គេ​ជឿ​ជាក់​ថា​​នឹង​អាច​គ្រប់​គ្រាន់​ដើម្បី​បញ្ចប់​កិច្ចព្រមព្រៀង​បាន​។ Valladolid បច្ចុប្បន្ន​ឈរ​នៅ​​ចំណាត់​ថ្នាក់​លេខ​ ៦ ក្នុង​លីក​លំដាប់​ទី​ ២ របស់​អេស្ប៉ញ​ Segunda Divisoin ខណៈដែល​ពួក​គេ​ត្រៀម​បើក​ទ្វារ​ទទួល​ក្រុម​ភ្ញៀវ​ Osasuna សម្រាប់​ការ​ប្រកួត​នា​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ​។

ប្រែសម្រួល​ ៖ ភក្ដី

មហាពិសេសមែន ! Ramos ​ចាប់​ដៃ​តារា​ចម្រៀង​អេស្ប៉ាញ​ចេញ​​ចម្រៀង​ទាក់ទង​ជាមួយ​ World Cup

ខ្សែ​ការពារ​ឆ្នើម​​របស់​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ និង​ក្រុម​យក្សស​ Real Madrid កីឡាករ​ Sergio Ramos បាន​បញ្ចេញ​ចម្រៀង​​ផ្ទាល់​ខ្លួន​មួយ​បទ​​​​ដោយ​​ច្រៀង​រួម​គ្នា​ជាមួយ​តារា​ចម្រៀង​អេស្ប៉ាញ​ Demarco Flamenco ខណៈ​ដែល​ចម្រៀង​នោះ​ដែរ​​គឺ​ទាក់ទង​ជាមួយ​នឹង​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ​ ២០១៨ នេះ​​ និង​មាន​ចំណង​​ជើង​ថា​ ” Otra Estrella en tu Corazon ” ដែល​ន័យជា​ភាសា​អង់គ្លេស​​គឺ​ប្រែ​ថា​​ ” Another star in your heart (តារា​ផ្សេង​ទៀត​នៅ​ក្នុង​​ដួង​ចិត្ត​​​អ្នក​)” ។

Ramos ដែល​ដើរ​តួ​ជា​ប្រធាន​ក្រុម​ទាំង​នៅ​ជម្រើស​ជាតិ​ និង​ក្លិប​រូប​នេះ​បាន​បង្ហោះ​​វីដេអូ​ចម្រៀង​​រយៈ​ពេល​ខ្លី​​ចូល​ទៅ​ក្នុង​បណ្ដាញ​​សង្គម​ Instagram របស់​ខ្លួន​ ខណៈ​ដែល​មក​ទល់​ពេល​នេះ​គឺ​មាន​អ្នក​ចុច​មើល​ដល់​ជាង​ ១ លាន​នាក់​ទៅ​ហើយ​។ យ៉ាង​ណា​មិញ​នេះ​មិន​មែន​ជា​លើក​ទី​មួយ​សម្រាប់​កីឡាករ​វ័យ​ ៣២ ឆ្នាំ​រូប​នេះ​នោះ​ទេ​​ដែល​គាត់​ដើរ​លើ​វីថី​សិល្បៈ​ចម្រៀង​។ តួយ៉ាង​គឺ​គាត់​ធ្លាប់​ស្រែក​ច្រៀង​នាំ​មុខ​ឲ្យ​ក្រុម​ជម្រើសជាតិ​អេស្ប៉ាញ​អំឡុង​​ព្រឹត្តិការណ៍​ Euro 2016 ។

Man City ត្រៀម​បញ្ចប់​ការ​ផ្ទេរ​ខ្សែ​បម្រើ​​​ ២ រូប​នា​ចុង​សប្ដាហ៍​នេះ​

កីឡាបាល់ទាត់ ៖ ក្រុម​មេឃ​ខៀវ​ Manchester City កំពុង​​ខិត​កាន់​​តែ​ជិត​​ទៅ​​នឹង​ការ​ចុះ​ហត្ថលេខា​ទិញ​កីឡាករ​ខ្សែ​បម្រើ​ស្លាប​របស់​ក្រុម​កញ្ជ្រោង​ខៀវ​ Leicester City, Riyad Mahrez និង​ខ្សែ​បម្រើ​ Jorginho របស់​ក្រុម​ Napoli ខណៈ​ដែល​កិច្ច​ព្រម​ព្រៀង​​នេះ​ដែរ​ទំនង​ជា​នឹង​អាច​ត្រូវ​បាន​បញ្ចប់​ត្រឹម​ចុង​សប្ដាហ៍​នេះ​។

Mahrez ត្រូវ​បាន​គេ​រាយការណ៍​មក​ថា​នឹង​មាន​តម្លៃ​ខ្លួន​ប្រហាក់ប្រហែល​ ៦០ លាន​ផោន​ ស្រប​ពេល​ដែល​តម្លៃ​ខ្លួន​រំពឹង​ទុក​របស់​កីឡាករ​ Jorginho គឺ​​អាច​នឹង​តិច​ជាង​តម្លៃ​ខ្លួន​​របស់​ Mahrez ២០ លាន​ផោន​។​
Mahrez ដែល​ជា​កីឡាករ​នៃ​ក្រុម​ជម្រើស​ជាតិ​​អាល់ហ្សេរី​​រូប​នេះ​បាន​ផ្លាស់​មក​លេង​ឲ្យ​កញ្ជ្រោង​ខៀវ​កាល​ពី​ឆ្នាំ​ ២០១៤ ដោយ​ការ​ផ្ទេរ​ពី​ក្លិប​របស់​បារាំង​ Le Havre និង​បាន​ស៊ុត​បញ្ចូល​ទី​ឲ្យ​ Leicester បាន​ ៤៨ គ្រាប់​ជាមួយ​នឹង​ការ​បង្ហាញ​ខ្លួន​ ១៧៩ ប្រកួត​។

លើស​ពី​នោះ​គាត់​​បាន​ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​​នៅ​លីក​កំពូល​របស់​អង់គ្លេស​ អំឡុង​ពេល​​ Leicester លើក​ពាន​ Premier League កាល​ពី​ឆ្នាំ​ ២០១៦ ។
ងាក​ទៅ​កាន់​​​ Jorginho កីឡាករ​នៃ​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​ឯណោះ​វិញ​បាន​ចុះ​ចូល​ជាមួយ​ Napoli កាល​ពី​ឆ្នាំ​ ២០១៤ និង​បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​នៃ​លីក​កំពូល​របស់​អង់គ្លេស​មួយ​នេះ​បាន​ ៣៦ ប្រកួត​​កាល​ពី​រដូវកាល​មុន​ និង​ធ្លាប់​​បាន​បំប៉ើង​សំណាញ់​ទី​របស់​ Man City នៅ​ក្នុង​ការ​ប្រកួត​​នៃ​ពាន​រង្វាន់​ Champions League កាល​ពី​ខែ​វិច្ឆកា​កន្លង​ទៅ​។
ទាំង​ Mahrez និង​ Jorginho គឺ​នឹង​អវត្តមាន​ពី​ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​នា​រដូវក្ដៅ​ឆ្នាំ​នេះ​ បន្ទាប់​ពី​ក្រុម​ជម្រើស​ជាតិ​របស់​ពួក​គេ​បាន​បរាជ័យ​ក្នុង​ការ​​ដណ្ដើម​កៅអី​ឡើង​ទៅ​កាន់​ការ​ប្រកួត​​ដ៏​ធំ​មួយ​នេះ​​ដែល​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ឯ​ប្រទេស​រុស្ស៊ី​។ ភក្ដី

 

 

 

អុញនោះ!!! Zidane សុំ​លា​លែង​ពី​តំណែង​គ្រូ​បង្វឹក​ Real Madrid ហើយ​…

លោក Zinedine Zidane បាន​ប្រកាស​លា​លែង​ពី​ដំណែង​គ្រូ​បង្វឹក​នៃ​ក្រុម​យក្សស​ Real Madrid បន្ទាប់​ពី​ដឹកនាំ​បាន​ ៣ ឆ្នាំ​ និង​ជួយ​ឲ្យ​ក្រុម​​យក្ស​​របស់​អេស្ប៉ាញ​មួយ​នេះ​​លើក​ពាន​ Champions League ៣ រដូវកាល​។ Zidane ត្រូវ​បាន​គេ​ដឹង​ថា​កុងត្រា​របស់​គាត់​​ជាមួយ​​ Real Madrid គឺ​មាន​សុពលភាព​រហូត​ដល់​ឆ្នាំ​ ២០២០ ឯណោះ​។ តែ​ទោះ​ជា​យ៉ាង​ណា​គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​រូប​នេះ​បាន​​សុំ​លា​លែង​តំណែង​ ក្រោយ​ពី​​​ Real Madrid ផ្ដួល​ហង្សក្រហម​ Liverpool លើក​ពាន​ Champions League កាល​ពី​ប៉ុន្មាន​ថ្ងៃ​​មុន​នេះ​​។

បី​រដូវកាល​ក្រោម​ការ​ដឹកនាំ​របស់​​អតីត​ខ្សែ​បម្រើ​នៃ​ក្រុម​ជម្រើស​ជាតិ​បារាំង​រូប​នេះ​ Real Madrid មិន​ដែល​ស្គាល់​ពាក្យ​ថា​ធ្លាក់​ចេញ​ពី​​ការ​ប្រកួត​នៃ​ពាន​រង្វាន់​លីក​កំពូល​របស់​អឺរ៉ុប​មួយ​រដូវកាល​ណា​ឡើយ​​ និង​ថែម​ទាំង​បាន​​លើក​​ពាន​នៃ​លីក​កំពូល​​របស់​អេស្ប៉ាញ​ «La Liga» បាន​ចំនួន​ម្ដង​​ផង​ដែរ​។
“ការ​សម្រេច​ចិត្ត​​លាលែង​ពី​តំណែង​នេះ​គឺ​ដើម្បី​​ប្រធាន​ក្លិប​​ លោក​ Florentino Perez និង​ដើម្បី​ក្រុម​កីឡាករ​ Real Madrid ។” Zidane បាន​ថ្លែង​ទៅ​កាន់​​អ្នក​ពត៌មាន​។ “វា​គឺ​ជា​ការ​សម្រេច​ចិត្ត​​ដ៏​ចំលែក​មួយ​ ប៉ុន្តែ​វា​ជា​រឿង​សំខាន់​​ និង​ត្រូវ​បាន​​​ធ្វើ​សម្រាប់​អ្នក​រាល់​គ្នា​។”

“Real Madrid ត្រូវ​តែ​បន្ត​ការ​ឈ្នះ​ ហើយ​ក៏​ត្រូវ​​តែ​មាន​ការ​ផ្លាស់​ប្ដូរ​ផង​ដែរ​។”​ គាត់​បាន​បន្ត​។ “បន្ទាប់​ពី​រយៈ​ពេល​ ៣ ឆ្នាំ​​ ពួក​គេ​ត្រូវ​ការ​សម្លេង​ថ្មី​មួយ​ ហើយ​ប្រហែល​ជា​​របៀប​ធ្វើ​ការ​ថ្មី​មួយ​ផង​ដែរ​។”
អតីត​កីឡាករ​ Real Madrid រូប​នេះ​បាន​បន្ថែម​ទៀត​ថា​ ៖ “ខ្ញុំ​ស្រលាញ់​ក្លិប​មួយ​នេះ​ ហើយ​ខ្ញុំ​ស្រលាញ់​ប្រធាន​ក្លិប​ដែល​បាន​ផ្ដល់​ឱកាស​ឲ្យ​ខ្ញុំ​បាន​​ក្លាយ​ជា​កីឡាករ​​ និង​បន្ទាប់​មក​ក្លាយ​ជា​អ្នក​ចាត់ការ​។ ខ្ញុំ​​ពិត​ជា​អរគុណ​គាត់​​ខ្លាំង​ណាស់​។ ប៉ុន្តែ​ពេល​នេះ​យើង​ត្រូវ​តែ​ធ្វើ​ការ​​ផ្លាស់​ប្ដូរ​ ដែល​​នោះ​ហើយ​ជា​មូលហេតុ​ដែល​ខ្ញុំ​​ជ្រើសយក​ការ​សម្រេច​ចិត្ត​មួយ​នេះ។”

ប្រែសម្រួល ៖ ភក្ដី