ខេត្តកំពង់ធំ៖ ប្រទះឃើញសាកសពស្ត្រីមិនស្គាល់អត្តសញ្ញាណម្នាក់អណ្តែតទឹកត្រពាំងស្រុកស្ទោង ហេតុការណ៍នេះ មានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០១៨ នៅចំណុចត្រពាំងញត ស្ថិតក្នុងភូមិប្រគាប ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ។

សមត្ថកិច្ចជំនាញរួមនឹងកម្លាំងប៉ុស្តិ៍ សហការជាមួយមេឃុំ កម្លាំងប្រជាការពារ ចុះទៅពិនិត្យសព៖
សពជាមនុស្សស្រី អាយុ ប្រហែល ៤៨ ឆ្នាំ មិនស្គាល់អត្តសញ្ញាណ មានកម្ពស់ ១.៥៥ម៉ែត្រ សម្បុរខ្មៅស្រអែម សក់រួញក្រឡឹងក ស្លាប់ក្នុងស្ថានភាពអណែ្ដតផ្ងារ ពោះ ដៃទាំងពីរកន្ធែក ម្រាមដៃក្ដាប់ ជើងទាំងពីរកន្ធែក ពោះហើមប៉ោងធំ មានឈាមលាយទឹកហូរចេញតាមមាត់ និង ច្រមុះ សព ពាក់អាវសាច់ក្រណាត់ដៃវែង មានផ្កាក្រហម និង ផ្កាលឿង ស្លៀកខោសាច់ ក្រណាត់ជើងវែង ចង្កេះកៅស៊ូ ពណ៌ក្រម៉ៅ មានផ្កាពណ៌ស ល្អិតៗ ។

ការពិនិត្យលើដងខ្លួន ស្បែកពោះរបកដោយសារត្រូវកំដៅថ្ងៃ ក្រៅពីនោះពុំមានស្លាកស្នាមអ្វីឡើយ។
តាមការបញ្ជាក់របស់លោកនាយប៉ុស្ដិ៍ម្សាក្រង និង ប្រជាពលរដ្ឋ សពជនរងគ្រោះជាមនុស្សវិកលចរឹក ធ្លាប់មកដេកនៅក្នុងវត្តស្ពឺត្បូង ហើយនៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៨ ប្រជាពលរដ្ឋបានឃើញ ស្រ្ដីដែលមានភិនភាគដូចសាកសពដើរលុយទឹក នៅចំណុចអូរចក ស្ថិតក្នុងភូមិប្រគាប មានចម្ងាយជាងមួយគីឡូម៉ែត្រ ពីកន្លែងប្រទះឃើញសពអណ្តែតទឹក ។
សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ជនរងគ្រោះពិតស្លាប់ដោយសារលង់ទឹកប្រាកដមែន ៕


ប្រភព៖FB