ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្រុមជម្រើសជាតិបារាំងគឺកីឡាករ Kylian Mbappe នឹងបរិច្ចាគប្រាក់របស់គេដែលរកបានពីការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ទៅជួយក្មេងៗកំព្រា ដែលគ្មានទីពឹង ហើយរូបគេបាននិយាយដូច្នេះថា…

ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្រុមជម្រើសជាតិបារាំងគឺកីឡាករ Kylian Mbappe នឹងបរិច្ចាគប្រាក់របស់គេ ដែលរកបាននៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup សរុបចំនួន 265,000 ផោន (ប្រហែល 350,000 ដុល្លារ) ទៅកាន់អង្គការកុមារកំព្រាមួយ ដើម្បីជួយទ្រទ្រង់ទៅដល់ក្មេងៗកំព្រាទាំងនោះ។

កាលពីពេលថ្មីៗនេះខ្សែប្រយុទ្ធ Kylian Mbappe បាននិយាយប្រាប់ទៅកាន់អ្នកសារពត៌មានថា៖ ប្រាក់ដែលគេរកបានពីការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅឆ្នាំនេះ រូបគេនឹងបរិច្ចាគទៅជួយក្មេងៗកំព្រា ដែលគ្មានទីពឹង ព្រោះរូបគេលេងបាល់ គឺមិនមែនដើម្បីលុយឡើយ។

នៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីឆ្នាំនេះក្នុងមួយប្រកួតខ្សែប្រយុទ្ធ Kylian Mbappe រកបានប្រាក់ចំនួន 17,000 ផោន បូករួមជាមួយនឹងប្រាក់ឧបត្ថម្ភពីសហព័ន្ធបាល់ទាត់បារាំងទៀត Mbappe ទទួលបានទឹកប្រាក់ពេញមួយព្រឹតិ្តការណ៍សរុបចំនួន 265,000 ផោន ដែលប្រហែល 350,000 ដុល្លារ។ ហើយប្រាក់ដែលរូបគេទទួលបាននេះគឺខ្សែប្រយុទ្ធវ័យ 19 ឆ្នាំរូបនេះមិនយកដាក់ហោប៉ៅឡើយ គឺរូបគេនឹងបរិច្ចាគទៅកាន់អង្គការកុមារកំព្រាមួយដើម្បីជួយដល់ក្មេងៗកំព្រាជាច្រើនដែលគ្មានទីពឹង៕

ប្រភព៖ FB

ទីបំផុត​​ក្រុម​តោ​ខៀវ​ Chelsea និង​លោក​ ​Antonio Conte បាន​ឈាន​ដល់​​ការ​ចែក​ផ្លូវ​គ្នា​​

ក្រុម​តោ​ខៀវ​ Chelsea ទីបំផុត​បាន​ឈាន​ដល់​ការ​ចែក​ផ្លូវ​គ្នាជាមួយ​គ្រូ​បង្វឹក​លោក​ Antonio Conte ខណៈដែល​មាន​សេចក្ដី​រាយ​ការណ៍​ខ្លះ​បាន​ខ្សឹប​ប្រាប់​ឲ្យ​ដឹង​ថា​បុរស​ជនជាតិ​អ៊ីតាលី​រូប​នេះ​ត្រូវ​បាន​គេ​រំសាយ​កុងត្រា​ចោល​តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​មក​ម្ល៉េះ​​​ ​ដោយ​លោក​ Maurizio Sarri នឹង​មក​កាន់​តំណែង​អ្នក​ចាត់ការ​ជំនួស​គាត់​។

ទន្ទឹម​នឹង​នោះ​ក្រុម​កីឡាករ​របស់​ Chelsea បាន​​ជូនពរ​​ទៅ​កាន់​លោក​ Conte​ លាយ​ឡំ​ជា​មួយ​នឹង​សារ​លា​គ្នា​ ​​​មុន​ពេល​​ដែល​ក្រុម​នៃ​លីក​កំពូល​របស់​អង់គ្លេស​​មួយ​នេះ​​ចេញ​សេចក្ដី​ថ្លែងការណ៍​​​មួយ​យ៉ាង​ដូច្នេះ​ថា​ ៖ “អំឡុង​ពេល​​​នៃ​ការ​ដឹកនាំ​របស់​លោក​ Antonio Conte ក្លិប​របស់​យើង​បាន​​​ឈ្នះ​ Premier League ជា​លើក​ទី​ ៦ និង​ឈ្នះ​ពាន FA Cup ជា​លើក​ទី​ ៨ ។ ហើយ​នៅ​រដូវកាល​ដែល​យើង​បាន​លើក​​ពាន​ Premier League គឺ​ក្លិប​របស់​យើង​បាន​បំបែក​កំណត់ត្រា​ជាមួយ​នឹង​ការ​ទទួល​បាន​ជ័យជម្នះ​​​ ៣០ ប្រកួត​នៃ​​​ ៣៨ ប្រកួត​ក្នុង​លីក​​។ លើស​ពី​នោះ​ពួក​យើង​​​ទទួល​បាន​កំណត់ត្រា​ឈ្នះ​ ១៣ ប្រកួត​ជាប់ៗ​គ្នា​នៃ​ការ​ប្រកួត​ក្នុង​លីក​។ តែ​ទោះ​ជា​យ៉ាង​​ណា​យើង​សូម​ជូនពរ​គាត់​​(Conte)ឲ្យ​ទទួល​បាន​ជោគជ័យ​កាន់​តែ​ខ្លាំង​ក្នុង​អាជីព​របស់​គាត់​នា​ថ្ងៃ​អនាគត​។”

លោក​ Maurizio Sarri​ ដែល​នឹង​​ក្លាយ​ជា​គ្រូ​បង្វឹក​ថ្មី​របស់​ Chelsea ឆាប់ៗ​នេះ​

ប្រែ​សម្រួល​ ៖ ភក្ដី

មូលហេតុ​ដែល​ Juventus បាន​លុប​​ចោល​នូវ​​ផែនការ​​នៃ​​ការ​បង្ហាញ​ខ្លួន​​​​ Ronaldo ជា​សាធារណៈ​ត្រូវ​បាន​លាត​ត្រដាង​

ក្រុម​ Juventus បាន​លុប​ចោល​ផែន​ការ​ក្នុង​​​ការ​បង្ហាញ​ខ្លួន​​ជា​សាធារណៈ​របស់​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី​​​ ​គឺ​​កីឡាករ​ Cristiano Ronaldo ​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​​របស់​​ពួក​គេ​។ កីឡាករ​ដែល​ជា​វីរបុរស​របស់​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​រូប​នេះ​បាន​បញ្ចប់​ការ​ផ្ទេរ​របស់​គាត់​ពី​ក្លិប​យក្ស​អេស្ប៉ាញ​ Real Madrid មក​កាន់​ទឹក​ដី​របស់​ក្រុម​ Juventus ក្នុង​តម្លៃ​ខ្លួន​ផ្ទេរ​ ១០៥ លាន​អឺរ៉ូ​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​ ប៉ុន្តែ​ពេល​នេះ​គាត់​នឹង​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ក្នុង​នាម​ជា​កីឡាករ​របស់​ Juventus នៅ​ក្នុង​សន្និសីទ​កាសែត​នា​​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​ក្រោយ​។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​ថ្មីៗ​ Juventus បាន​ប្រកាស​ថា​​នៅ​កីឡដ្ឋាន​ Allianz របស់​ពួក​គេ​នឹង​​​ប្រារព្ធ​ពិធី​​​ធំ​​​មួយ​ដោយ​​​​រួម​​​​​បញ្ចូល​នូវ​ការ​​សម្ដែង​ភ្លើង​ពណ៌​ ការ​ប្រគុំ​តន្ត្រី​ និង​បាញ់​កាំជ្រួញ​​ផង​ដែរ​ដើម្បី​​ស្វាគមន៍​​​ Ronaldo ម្ចាស់​ពាន​ Ballon D’or ប្រាំ​សម័យ​កាល​​រូប​នេះ​​មក​កាន់​ទីក្រុង​តូរីន​។ ប៉ុន្តែ​ផែន​ការ​របស់​គេ​ត្រូវ​បាន​លុប​ចោល​វិញ​ដោយ​សារ​ការ​ហាត់​​ស៊ាំ​​ជួប​ការ​​លំបាក​​ច្រើន​​ ដូច្នេះ​​​ហើយ​​អ្នក​គាំទ្រ​របស់​ពួក​គេ​ទំនង​ជា​​នឹង​ត្រូវ​បន្ត​​ការ​រង់ចាំ​យូរ​​បន្តិច​ទៀត​​ដើម្បី​​បាន​ឃើញ​ Ronaldo ពាក់​អាវ​ Juventus ក៏​ដូចជា​​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​ក្នុង​នាម​ជា​កីឡាករ​​របស់​ក្រុម​នៃ​លីក​កំពូល​របស់​អ៊ីតាលី​មួយ​នេះ​។ Ronaldo ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​គាត់​​នឹង​ចូល​រួម​ជាមួយ​ Juventus សម្រាប់​យុទ្ធនាការ​ប្រកួត​ត្រៀម​បើក​រដូវកាល​​នៅ​សហរដ្ឋ​អាមេរិក​ ប៉ុន្តែ​​បុរស​វ័យ​ ៣៣ ឆ្នាំ​រូប​នេះ​​ទំនង​ជា​នឹង​មិន​ចូល​លេង​ទេ​ នៅ​ពេល​​ក្លិប​ថ្មី​របស់​ខ្លួន​ប្រកួត​ជាមួយ​​ក្លិប​ចាស់​ Real Madrid នា​ទីក្រុង​វ៉ាស៊ីងតោន​នៅ​ថ្ងៃ​ទី​ ០៤ សីហា​ ២០១៨ ។

ប្រែ​សម្រួល​ ៖ ភក្ដី

Mahrez បង្ហើប​ឲ្យ​ដឹង​នូវ​មូល​ហេតុ​ដែល​គាត់​​សម្រេច​ចិត្ត​ចុះ​ចូល​ជាមួយ​ Man City

កីឡាករ​ចំណូល​ថ្មី​របស់​ក្រុម​មេឃ​ខៀវ​ Manchester City កីឡាករ​ Riyad Mahrez បាន​បង្ហើប​ឲ្យ​ដឹង​ថា​​ការ​ផ្ទេរ​របស់​ខ្លួន​ទៅ​កាន់​ក្រុម​ម្ចាស់​ជើង​ឯក​លីក​កំពូល​របស់​អង់គ្លេស​មួយ​នេះ​គឺ​ដើម្បី​​លើក​ពាន​​​លីក​កំពូល​នៃ​ទ្វីប​​អឺរ៉ុប​ Champions League ។ ​កីឡាករ​វ័យ​ ២៧ ឆ្នាំ​រូប​នេះ​​បាន​សម្រេច​ចាក​ចេញ​ពី​ក្រុម​កញ្ជ្រោង​ខៀវ​ Leicester City និង​បញ្ចប់​ការ​ផ្ទេរ​​ចុះ​ចូល​ជាមួយ​កីឡដ្ឋាន​ Etihad ជាមួយ​កុងត្រា​ដែល​មាន​តម្លៃ​ ៦០ លាន​ផោន​​ដែល​ជា​តម្លៃ​បំបែក​​កំណត់ត្រា​​ក្រុម​ Man City ។

“Champions League គឺ​ជា​ពាន​ដែល​បង្កើត​ឡើង​សម្រាប់​ក្លិប​ធំៗ​។” Mahrez កីឡាករ​នៃ​ក្រុម​ជម្រើស​ជាតិ​អាល់ហ្សេរី​រូប​នេះ​បាន​និយាយ​។ “ហើយ​ Man City គឺ​ជា​ក្លិប​ធំ​មួយ​​ដែល​មាន​គ្រប់​យ៉ាង​ដើម្បី​​​ឈ្នះ​ពាន​មួយ​នេះ​។ កាល​ពី​រដូវកាល​មុន​ពួក​គេ​​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​​មហិច្ឆតា​ក្នុង​ការ​​​​ឡើង​ឲ្យ​បាន​ខ្ពស់​ជាង​វគ្គ​ ៨ ក្រុម​ចុង​ក្រោយ​នៃ​ការ​ប្រកួត​ពាន​ Champions League ។ ហើយ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ផ្លាស់​មក​ទីនេះ​គឺ​​ដោយសារ​ខ្ញុំ​ចង់​ក្លាយ​ជា​ផ្នែក​មួយ​​​នៅ​ក្នុង​​ការ​ប្រកួត​នោះ​។”

ប្រែ​សម្រួល​ ៖ ភក្ដី

ក្រៅ​ពី​ជួយ​ឲ្យ​ក្រូអាត​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​ World Cup ខ្សែ​ប្រយុទ្ធ​ Mandzukic បាន​បន្សល់​ទុក​រូប​ភាព​ដ៏​​អស្ចារ្យ​ជា​​ច្រើន​សន្លឹក​

ដូច​ដែល​យើង​បាន​ដឹង​ហើយ​ថា​​ក្រុម​ជម្រើស​ជាតិ​ក្រូអាត​បាន​កក់​កៅអី​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​​នៃ​ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​​ ២០១៨ នេះ​ដែល​វា​គឺ​ជា​លើក​ដំបូង​​សម្រាប់​​ពួក​គេ​ ក្រោយ​ពី​លត់​ក្រុម​តោ​កំណាច​អង់គ្លេស​ដោយ​លទ្ធផល​ ២-១ នៅ​ក្នុង​ម៉ោង​បន្ថែម​ ១៥ នាទី​​ពីរ​ដង​​ ខណៈ​ដែល​ពួក​គេ​​​នឹង​ត្រូវ​ប៉ះ​គ្នា​ជាមួយ​ក្រុម​ជម្រើស​ជាតិ​បារាំង​។ ហើយ​ខ្សែ​ប្រយុទ្ធ​ Mario Mandzukic គឺ​ជា​អ្នក​ដែល​​​បំប៉ើង​សំណាញ់ទី​រក​បាន​គ្រាប់​បាល់​ជ័យជម្នះ​ឲ្យ​ក្រូអាត​​​​ និង​បាន​ញ៉ាំង​ឲ្យ​ពួក​គេ​សម្ដែង​​ការ​អបអរ​​គ្រាប់​បាល់​បញ្ចូល​ទី​នោះ​ដោយ​ក្ដី​រំភើប​រីករាយ​​ស្ទើរ​តែ​រក​អ្វី​មក​ប្រៀប​​ផ្ទឹម​ពុំ​បាន​​​ ស្រប​ពេល​ដែល​ទិដ្ឋភាព​នៃ​អបអរ​របស់​ពួក​គេ​បាន​បង្កើត​ជា​​បណ្ដុំ​រូប​ភាព​​យ៉ាង​អស្ចារ្យ​​ដែល​អ្នក​អាច​មើល​បាន​តាម​រយៈ​រូប​ភាព​ប៉ុន្មាន​សន្លឹក​ខាង​ក្រោម​ ៖

ប្រែសម្រួល​ ៖ ភក្ដី

Barcelona បាន​បញ្ចប់​ការ​ចុះ​ហត្ថលេខា​​ទិញ​​​ខ្សែ​ការពារ​បារាំង​​មួយ​រូប​ពី​ Sevilla

ក្រុម​អ្នក​មាន​បុណ្យ​ Barcelona បាន​បញ្ចប់​ការ​ចុះ​ហត្ថលេខា​ទិញ​​ខ្សែ​ការពារ​មួយ​រូប​ពី​ក្រុម​​ Sevilla គឺ​កីឡាករ​ Clement Lenglet ខណៈ​ដែល​កីឡាករ​វ័យ​ ២៣ ឆ្នាំ​​សញ្ជាតិ​បារាំង​រូប​នេះ​បាន​ធ្វើ​ការ​​ផ្ទេរ​ទៅ​កាន់​កីឡដ្ឋាន​ Camp Nou ជាមួយ​នឹង​កុងត្រា​​​ដែល​មាន​តម្លៃ​ ៣៥.៩ លាន​អឺរ៉ូ​​ និង​បាន​ចុះ​កុងត្រា​​រយៈ​ពេល​ ៥ ឆ្នាំ​​ជាមួយ​ក្រុម​នៃ​លីក​កំពូល​របស់​អេស្ប៉ាញ​មួយ​នេះ​។

Lenglet បាន​​ចុះ​ចូល​ជាមួយ​ Sevilla ដោយ​ការ​ផ្ទេរ​ចេញ​ពី​ក្រុម​ Nancy កាល​ពី​ខែ​មករា​ ២០១៧ និង​បង្ហាញ​ខ្លួន​បាន​​ជាង​ ៥០ ប្រកួត​ឲ្យ​ Sevilla កាល​ពី​រដូវកាល​មុន​។ ហើយ​​គាត់​មិន​ទាន់​បាន​បង្ហាញ​ខ្លួន​ឲ្យ​​ក្រុម​ជម្រើស​ជាតិ​ឈុត​ធំ​របស់​បារាំង​នៅ​ឡើយ​ ប៉ុន្តែ​​ធ្លាប់​​ចូល​លេង​បាន​ ១០ ប្រកួត​ឲ្យ​ជម្រើស​ជាតិ​បារាំង​អាយុ​ក្រោម​ ២១ ឆ្នាំ​។ តម្លៃ​ខ្លួន​ជាប់​កុងត្រា​របស់​ Lenglet ជាមួយ​ Barcelona គឺ​មាន​តម្លៃ​​រហូត​ដល់​ទៅ​ ៣០០ លាន​អឺរ៉ូ​ឯណោះ​​ ខណៈ​ដែល​គឺ​ជា​កីឡាករ​ទី​ ២ ដែល​ត្រូវ​បាន​ Barcelona ចុះ​ហត្ថលេខា​ទិញ​​នា​រដូវក្ដៅ​នេះ​ បន្ទាប់​ពី​ការ​មក​ដល់​របស់​កីឡាករ​ Arthur កាល​ពី​ដើម​​សប្ដាហ៍​​កន្លង​ទៅ​​។

https://platform.twitter.com/widgets.js

ប្រែ​សម្រួល​ ៖ ភក្ដី

Di Maria សរសេរ​សារ​បង្ហោះ​លើ​ Instagram ដោយ​បង្ហើប​​ឲ្យ​ដឹង​ពី​អនាគត​របស់​ខ្លួន​ជាមួយ​​អាហ្សង់ទីន​

តាម​រយៈ​សារ​ដែល​បាន​បង្ហោះ​ចូល​ក្នុង​ទំព័រ​បណ្ដាញ​សង្គម​ Instagram របស់​ខ្លួន​ ខ្សែ​ប្រយុទ្ធ​ Angel Di Maria ហាក់​ដូច​ជា​មាន​ចេតនា​បង្ហាញ​ឲ្យ​ដឹង​យ៉ាង​ច្បាស់​ថា​អាជីព​របស់​គាត់​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​គឺ​​មិន​ទាន់​ដើរ​ដល់​ផ្លូវ​បញ្ចប់​​នៅ​ឡើយ​ទេ​​ បើ​ទោះ​បី​ជា​​​អាហ្សង់ទីន​​បាន​ធ្លាក់​ចេញ​ពី​ព្រឹត្តិការណ៍​​នៃ​ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ​ ២០១៨ ត្រឹម​វគ្គ​ ១៦ ក្រុម​​ក្រោម​ថ្វី​ជើង​របស់​ក្រុម​ជម្រើស​ជាតិ​បារាំង​​ដែល​បាន​កក់​កៅអី​រួច​ជា​ស្រេច​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​ ក្រោយ​លត់​ក្រុម​ជម្រើស​ជាតិ​ប៊ែលហ្ស៊ីក​ ១-០ ។

ដោយ​សារ​វ័យ​កាន់​តែ​​ចាស់​បាន​ធ្វើ​ឲ្យ​កីឡាករ​​​​​មួយ​ចំនួន​នៃ​​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ពិចារណា​រឿង​ចូល​និវត្តន៍​ ខណៈដែល​មួយ​ចំនួន​ផ្សេង​ទៀត​ដូចជា​ខ្សែ​ប្រយុទ្ធ​ Lionel Messi ជា​ដើម​នោះ​គឺ​នៅ​មិន​ទាន់​​មាន​ការ​សម្រេច​​នៅ​ឡើយ​ទាក់ទង​នឹង​​ការ​ចូល​និវត្តន៍​ បើ​ទោះ​បី​មិត្ត​រួម​ក្រុម​ជម្រើស​ជាតិ​របស់​គាត់​​​​មួយ​ចំនួន​បាន​​បញ្ជាក់​​ឲ្យ​ដឹង​យ៉ាង​ច្បាស់​ដូច​ថ្ងៃ​ថា​​ពួក​គេ​​មិន​ទាន់​​ព្យួរ​ស្បែក​ជើង​ពី​​ជម្រើស​ជាតិ​ដ៏​សែន​កម្សត់​មួយ​នេះ​ទេ​​​ តួ​យ៉ាង​ដូចជា​ខ្សែ​ប្រយុទ្ធ​ Sergio Aguero ហើយ​​ថ្មីៗ​នេះ​ក៏​​លេច​មុខ​​​​ Di Maria ខ្សែ​ប្រយុទ្ធ​​របស់​ក្រុម​ Paris Saint Germain មួយ​រូប​ទៀត​ដែល​ប្រកាស​ថា​​ខ្លួន​នឹង​​បន្ត​លេង​ឲ្យ​​ជម្រើស​ជាតិ​អាហ្សង់ទីន​។

អតីត​កីឡាករ​របស់​ក្រុម​ Real Madrid និង​ក្រុម​បិសាច​ក្រហម​ Manchester United រូប​នេះ​បាន​សរសេរ​នៅ​លើ​​ទំព័រ​នៃ​បណ្ដាញ​សង្គម​ Instagram របស់​ខ្លួន​យ៉ាង​ដូច្នេះ​ថា​ ​៖ “វា​គឺ​ជា​រឿង​ពិបាក​មួយ​នៅ​ពេល​ដែល​លទ្ធផល​ចេញ​មក​​វា​​មិន​ដូច​ការ​​គ្រោង​ទុក​របស់​​យើង​ ប៉ុន្តែ​នេះ​ហើយ​គឺ​ជា​បាល់ទាត់​។ ពេល​នេះ​​អ្វី​ដែល​សំខាន់​​នោះ​គឺ​​ក្រោក​ឈរ​ឡើង​ និង​បន្ត​ការ​ប្រយុទ្ធ​ដើម្បី​​សម្រេច​​ក្ដី​សុបិន​​របស់​យើង​។ តោះ​! ​​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ អាហ្សង់ទីន​…”

ប្រែ​សម្រួល​ ៖ ភក្ដី

ខ្សែការពារ​វ័យ​ក្មេង​មួយ​រូប​របស់​ Real Madrid បាន​បញ្ចប់​ការ​ផ្ទេរ​ទៅ​ក្លិប​អាល្លឺម៉ង់​ Borussia Dortmund

ក្រុម​ Borussia Dortmund បាន​បញ្ចប់​ការ​ចុះ​ហត្ថលេខា​ខ្ចី​ជើង​ខ្សែ​ការពារ​ Achraf Hakimi​ ពី​ក្លិប​យក្ស​អេស្ប៉ាញ​ Real Madrid ជាមួយ​នឹង​កុងត្រា​រយៈពេល​ ២ ឆ្នាំ​។ Hakimi​ បង្ហាញ​ខ្លួន​បាន​ ៩ ប្រកួត​ក្នុង​លីក​​កំពូល​អេស្ប៉ាញ​ឲ្យ​ Real Madrid កាល​ពី​រដូវកាល​មុន​ និង​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​នៃ​ពាន​រង្វាន់​លីក​កំពូល​ទ្វីប​អឺរ៉ុប​ Champions League បាន​ចំនួន​ ២ ប្រកួត​ ខណៈ​ដែល​ Real បាន​លើក​ពាន​មួយ​នេះ​ជា​លើក​ទី​ ១៣ ក្រោយ​ពី​ផ្ដួល​ក្រុម​ហង្ស​ក្រហម​ Liverpool ។ ហើយ​កីឡាករ​វ័យ​ ១៩ ឆ្នាំ​សញ្ជាតិ​​ម៉ារ៉ុក​​រូប​នេះ​​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​​ក្លាយ​​ជា​គូ​ប្រជែង​ជាមួយ​ខ្សែ​ការពារ​ស្លាប​ស្ដាំ​របស់​ Dortmund កីឡាករ​ Lukasz Piszczek ។

“Hakimi គឺ​​ជា​កីឡាករ​វ័យ​ក្មេង​​​មាន​សមត្ថភាព​ពេញ​លេញ​​ម្នាក់​ដែល​​ធ្លាប់ប្រលូក​​ក្នុង​ការ​ប្រកួត​ធំៗ​​ជាមួយ​ក្លិប​ Real Madrid និង​ក្រុម​ជម្រើស​ជាតិ​ម៉ារ៉ុក។” ប្រធាន​ផ្នែក​កីឡា​របស់​​ Dortmund លោក​ Michael Zorc បាន​និយាយ​។ ពេល​នេះ​​​ Dortmund ដែល​ជា​ក្រុម​នៃ​លីក​កំពូល​របស់​អាល្លឺម៉ង់​មួយ​នេះ​​​ទិញ​​បាន​កីឡាករ​ចំណូល​ថ្មី​ ៦ រូប​ហើយ​ម្រាប់​រដូវកាល​ដោះដូរ​កីឡាករ​នា​រដូវក្ដៅ​នេះ​​ ខណៈដែល​ពួក​គេ​ចង់​ពង្រឹង​ក្លិប​របស់​ខ្លួន​ឡើង​វិញ​​ជាមួយ​អ្នក​ចាត់ការ​​ថ្មី​របស់​​ពួក​គេ​គឺ​លោក​ Lucien Favre ។

ប្រែសម្រួល​ ៖ ភក្ដី

ក្រុម​កីឡាករ​​ក្មេងៗ​ថៃ​ដែល​បាន​រួច​​ជីវិត​ចេញ​ពី​រូង​ភ្នំ​​​​​ មិន​អាច​​ចូល​រួម​ទស្សនាការ​ប្រកួត​​​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន​ World Cup បាន​ទេ​ ព្រោះ​…

សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ​ ដែល​ហៅ​កាត់​ថា​ FIFA បាន​​ប្រកាស​ថា​​សមាជិក​​នៃ​ក្រុម​បាល់ទាត់​​ប្រទេស​ថៃ​​ Wild Boars ទាំង​ ១២ រូប​ និង​រួម​ទាំង​គ្រូ​បង្វឹក​របស់​ពួក​គេ​មួយ​រូប​ដែរ​នោះ​នឹង​មិន​​បាន​​​ចូល​រួម​ទស្សនាការ​ប្រកួត​​​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​​ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ​ ២០១៨ នេះ​ទេ​ ព្រោះ​​​សុខភាព​​របស់​ពួកគេ​​មិន​ទាន់​ល្អ​​ប្រសើរ​​​គ្រប់​គ្រាន់​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​រុស្ស៊ី​ដើម្បី​​​ចូល​រួម​ដោយ​ផ្ទាល់​នៅ​ក្នុង​​ព្រឹត្តិការណ៍​​​​បាល់ទាត់​លំដាប់​ពិភពលោក​ដ៏​ធំ​មួយ​នេះ​។

ក្រុម​កីឡាករ​ថៃ​​​​ដែល​មាន​គ្នា​ ១២ នាក់​​ និង​គ្រូ​បង្វឹក​របស់​ពួក​គេ​ម្នាក់​ដែរ​នោះ​បាន​​ធ្វើ​ឲ្យ​កក្រើក​​ដល់​ពិភពលោក​ បន្ទាប់​ពី​ពួក​គេ​បាន​ចូល​ទៅ​លេង​នៅ​ក្នុង​រូង​ភ្នំ​​មួយ​នៅ​ឯ​ភាគ​ខាង​ជើង​នៃ​ប្រទេស​ថៃ​​ និង​បាន​​​​ជាប់​នៅ​ក្នុង​​រូង​នោះ​អស់​រយៈ​ពេល​​ ១៧ ថ្ងៃ​ទើប​ចេញ​មក​វិញ​រួច​​ ក្រោយ​មាន​ការ​​ជួយ​យ៉ាង​​ស្វិត​ស្វាញ​ពី​សំណាក់​អ្នកជំនាញ​​ជា​ច្រើន​នាក់​​ ខណៈ​ដែល​នៅ​ក្នុង​​ប្រតិបត្តិការ​សង្គ្រោះ​នេះ​ដែរ​បាន​​​ធ្វើ​ឲ្យ​បាត់បង់​ជីវិត​អតីត​​​​កង​ទ័ព​ជើង​ទឹក​ថៃ​ម្នាក់​។

ហើយ​​នៅ​ពេល​​ដែល​គេ​បាន​រក​ឃើញ​​ក្រុម​កីឡាករ​ក្មេងៗ​ទាំង​នោះ​នៅ​ក្នុង​រូង​ភ្នំ​​​ និង​ដឹង​ថា​ពួកគេ​នៅ​មាន​ជីវិត​ ពេល​នោះ​ក៏​មាន​សេចក្ដី​​រាយការណ៍​មក​ថា​ពួក​គេ​នឹង​ត្រូវ​បាន​​អញ្ជើញ​​ឲ្យ​ចូល​រួម​​ទស្សនា​ដោយ​ផ្ទាល់​នូវ​​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន World Cup ដែល​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ ១៥ កក្កដា​ ខាង​មុខ​នា​ទីក្រុង​​​មូស្កូ​​ ប្រទេស​រុស្ស៊ី​។ តែ​ទោះ​ជា​យ៉ាង​ណា​ ​បន្ទាប់​ពី​ពួក​គេ​​ទាំង​ ១៣ នាក់​នោះ​​ត្រូវ​បាន​ជួយ​សង្គ្រោះ​ចេញ​ពី​រូង​ភ្នំ​បាន​ដោយ​សុវត្ថភាព​ ​ស្រាប់​តែ​ FIFA ​​ប្រកាស​​ថា​ពួក​គេ​នឹង​ជួប​ជាមួយ​សហព័ន្ធ​កីឡា​បាល់ទាត់​​របស់​ថៃ​ ប៉ុន្តែ​ចំណែក​​​ក្រុម​កីឡាករ​ក្មេងៗ​ទាំង​ ១២ រូប​ និង​គ្រូ​បង្វឹក​របស់​ពួក​គេ​​​​​នឹង​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ទស្សនាការ​ប្រកួត​ពាន​ World Cup វគ្គ​ផ្ដាច់ព្រ័ត្រ​បាន​​​ទេ​​​ ​​​ក្រោម​ហេតុផល​បញ្ហា​សុខភាព​។ “FIFA ចង់​បង្ហាញ​​នូវ​សេចក្តី​រីក​រាយ​យ៉ាង​ខ្លាំង​​ចំពោះ​ព័ត៌មាន​នៃ​ការ​ជួយ​សង្គ្រោះ​កីឡាករ​បាល់​ទាត់​វ័យ​ក្មេង​ចំនួន​ ១២ នាក់​ និង​គ្រូ​បង្វឹក​របស់​ពួកគេ​។” សេចក្ដី​ថ្លែង​ការណ៍​​មួយ​របស់​ FIFA បាន​​សរសេរ​​។ “យើង​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​អ្នក​​ទាំង​អស់​ដែល​ចូល​រួម​ក្នុង​ប្រតិបត្តិ​ការ​ជួយ​សង្គ្រោះ​ដែល​ជា​អកុសល​បាន​ឆក់​យក​ជីវិត​អ្នក​មុជ​ទឹក​ម្នាក់​។ ​ហើយ​យើង​​ត្រូវ​​បាន​ប្រកាស​ឲ្យ​ដឹង​ជា​មុន​ដោយ​សហព័ន្ធកីឡា​បាល់ទាត់​របស់​ថៃ​ថា​​ដោយសារ​​បញ្ហា​សុខភាព​​ ដូច្នេះ​ក្រុម​កីឡាករ​​ក្មេងៗ​ទាំង​នោះ​នឹង​​មិន​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​មូស្កូ​ដើម្បី​ចូល​រួម​ទស្សនាការ​ប្រកួត​ពាន​ World Cup វគ្គ​ផ្ដាច់ព្រ័ត្រ​បាន​ទេ​។ ប៉ុន្តែ​យើង​នឹង​ស្វែងរក​ឱកាស​ផ្សេង​ទៀត​ដើម្បី​អញ្ជើញ​ពួក​គេ​​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​របស់​ FIFA ។ យើង​ក៏​​​នឹង​មាន​​ជំនួប​មួយ​ជាមួយ​សហព័ន្ធ​បាល់ទាត់​ថៃ​​នៅ​ថ្ងៃ​ប្រកួត​ផ្ដាច់ព្រ័ត្រ​នោះ​​ផង​ដែរ​។”

ប្រែ​សម្រួល​ ៖ ភក្ដី

Ronaldo បង្ហើប​ឲ្យ​ដឹង​ពី​មូល​ហេតុ​ដែល​គាត់​សម្រេច​ចាក​ចេញ​ពី​ Real Madrid ទៅ​ចុះ​ចូល​ Juventus

ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo បាន​សរសេរ​សារ​មួយ​ច្បាស់​​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ក្រុម​យក្ស​អេស្ប៉ាញ​ Real Madrid ដើម្បី​ពន្យល់​ឲ្យ​ដឹង​ពី​មូលហេតុ​​នៃ​ការ​សម្រេច​ចិត្ត​របស់​គាត់​ទៅ​ចុះ​ចូល​ជាមួយ​ក្រុម​ Juventus ។ តារា​បាល់ទាត់​​ឆ្នើម​នៃ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​រូប​នេះ​បាន​ធ្វើ​ឲ្យ​​កក្រើក​ពិភព​​បាល់ទាត់​​តាម​រយៈ​ការ​ចាក​ចេញ​ពី​កីឡដ្ឋាន​ Bernabeu ទៅ​ចុះ​កុងត្រា​ ៤ ឆ្នាំ​​ជាមួយ​ក្លិប​យក្ស​របស់​អ៊ីតាលី​​ក្នុង​តម្លៃ​ខ្លួន​​ផ្ទេរ​ ១០៥ លាន​អឺរ៉ូ​ ខណៈ​ដែល​កីឡាករ​វ័យ​ ៣៣ ឆ្នាំ​រូប​នេះ​ត្រូវ​បាន​គេ​រំពឹង​​ថា​នឹង​រក​ចំណូល​បាន​ខ្ទង់​ ៥០ ម៉ឺន​ផោន​ក្នុង​សប្ដាហ៍​​​ជាមួយ​ក្លិប​ថ្មី​របស់​គាត់​។

ហើយ​​​នេះ​​គឺ​ជា​សារ​រៀប​រាប់​​របស់​​អតីត​កីឡាករ​​​នៃ​​ក្រុម​បិសាច​ក្រហម​ Manchester United រូប​នេះ​​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​​គេហទំព័រ​ផ្លូវការ​​របស់​ Real Madrid នៅ​ថ្ងៃ​ដែល​ក្រុម​ម្ចាស់​ជើង​ឯក​ពាន Champions League និង​​​ម្ចាស់​ជើង​​ឯក​លីក​កំពូល​អេស្ប៉ាញ​​មួយ​នេះ​ប្រកាស​ចែក​ផ្លូវ​គ្នា​ជាមួយ​ Ronaldo ដែល​បាន​រួម​រស់​ជាមួយ​ក្លិប​ពួក​គេ​ ៩ ឆ្នាំ​ ៖ “នា​ប៉ុន្មាន​ឆ្នាំ​​កន្លង​មក​នេះ​នៅ​ Real Madrid ​​​ក៏​ដូច​ជា​នៅ​ក្នុង​ទីក្រុង​ម៉ាទ្រីត​​​ប្រហែល​​វា​ជា​ពេល​វេលា​ដ៏​មាន​សុភមង្គល​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ​។ ខ្ញុំ​មាន​តែ​ការ​ដឹង​គុណ​យ៉ាង​ធំធាង​ចំពោះ​ក្លិប​ និង​ទីក្រុង​មួយ​នេះ​ និង​អរគុណ​អ្នក​ទាំង​អស់​គ្នា​សម្រាប់​ការ​ស្រលាញ់​។ ​​ខ្ញុំ​ជឿ​ថា​ពេល​វេលា​ក្នុង​​​បើក​ទំព័រ​ជីវិត​ថ្មី​​របស់​ខ្ញុំ​គឺ​វា​​​ត្រូវ​តែ​មក​ដល់​​ ហើយ​នោះ​ឯង​​គឺ​​​មូលហេតុ​ដែល​ខ្ញុំ​បាន​សុំ​​ការ​​អនុញ្ញាត​​ចាក​ចេញ​ពី​ក្លិប​។ ខ្ញុំ​មាន​អារម្មណ៍​បែប​​នោះ​ និង​ចង់​សុំ​ឲ្យ​អ្នក​រាល់​គ្នា​ ជា​ពិសេស​អ្នក​គាំទ្រ​ខ្ញុំ​សូម​យល់​ពី​មូលហេតុ​មួយ​នេះ​។”

ប្រែស​ម្រួល​ ៖ ភក្ដី