ករណីសមត្ថកិច្ចប្រើអំពើហឹង្សាលើជនស៊ីវិល ត្រូវក្រសួងមហាផ្ទៃធ្វើការបញ្ចូនខ្លួន ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយ

ភ្នំពេញ៖ មន្ត្រីនគរបាលខាងលើមានឈ្មោះ សុន ពិសាល ភេទប្រុស អាយុ ២៥ឆ្នាំ ត្រូវបានគេសង្ស័យថា បានប្រើអំពើហឹង្សា ទៅលើជនរងគ្រោះកាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ កើតហេតុនៅចំណុចផ្លូវលេខ ៣៦០ កែង ១០៥ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។ នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ មន្ត្រីនគរបាលក្រសួងមហាផ្ទៃមួយរូបដែលវាយពលរដ្ឋនៅទីសាធារណៈ ហើយបានចាប់អូសឡើងលើម៉ូតូកង់បីយក ទៅទម្លាក់ចោលនៅក្រសួងមហាផ្ទៃ ត្រូវបាននគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់នៃ ក្រសួងមហាផ្ទៃ ធ្វើការបញ្ចូនខ្លួន ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយ ក្រោយពីបានសាកសួរនៅក្រសួង។

សូមជម្រាបថា ជនរងគ្រោះឈ្មោះ អ៊ឹម បញ្ញា ភេទប្រុស អាយុ ២៤ឆ្នាំ ស្នាក់នៅផ្ទះលេខ ៣៨៤ ផ្លូវលំ ភូមិរោងចក្រ សង្កាត់គោកឃ្លោង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។បន្ទាប់ពីមានហេតុការណ៍សមត្ថកិច្ច បានធ្វើការឃាត់ខ្លួន យុវជនម្នាក់ រហូតផ្ទុះហិង្សាវាយទៅលើយុវជនរូបនោះ ទាំងមិនទាន់មូលហេតុពាក់ពន្ធ័នឹងករណីអ្វីមួយឲ្យច្បាស់លាស់ រួចដឹកតាមឡាំប៉ាតា យកមកទម្លាក់ចោលនៅក្រសួងមហាផ្ទៃ ពេលនេះ ក្រុមគ្រួសាររបស់យុវជនខាងលើ កំពុងតែកើតទុក្ខមិនសុខចិត្ត និងស្រែករកភាពយុត្តិធម៌ជូនដល់យុវជនខាងលើ។

 សូមបញ្ជាក់ផងដែរថា យុវជនខាងលើនេះ ត្រូវបានសមត្ថកិច្ចមួយក្រុមមានគ្នា៤ទៅ៥នាក់ ធ្វើការចាប់ឃាត់ខ្លួននិងវាយបណ្តាលឲ្យរបួស កាលពីវេលាម៉ោង៧ និង៣០នាទី យប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅផ្លូវលេខ៣៦០ កែងផ្លូវ១០៥ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ទើបមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសាររបស់យុវជនខាងលើ បានមកមើលយុវជនដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននេះ និងបានទៅកាន់ប៉ុស្តិ៍រដ្ឋបាលបឹងកេងកងទី៣ ដើម្បីសាកសួរសមត្ថកិ្ចច តែត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ម្នាក់នៅទីនោះ និយាយដោយខ្លីថា រឿងនេះការងាររបស់ខាងសមត្ថកិច្ចក្រសួងមហាផ្ទៃ ខាងប៉ុស្តិ៍អត់ដឹងទេ៕

ប៉ូលិសបានធ្វើការវាយឆ្មក់ចូលត្រួតពិនិត្យរោងចក្រកាកសំណល់អេឡិចត្រូនិចមួយកន្លែង ដោយរកឃើញភាពមិនប្រក្រតី

ថៃ ៖ នគរបាលនិងមន្ត្រីមកពីក្រសួងឧស្សាហកម្មបានបើកការវាយឆ្មក់នៅថ្ងៃព្រហស្បតិ៍ នៅលើរោងចក្រមួយកន្លែងដែលត្រូវបានគេរាយការណ៏ថាបាននាំចូលកាកសំណល់អេឡិចត្រូនិចដែលមានគ្រោះថ្នាក់ពីបរទេសទៅកាន់អគារ­ឧស្សាហកម្ម Lat Krabang ក្នុងទីក្រុងបាងកក។​ ស្នងការរងលោក Wirachai Songmetta ដែលបានដឹកនាំប្រតិបត្តិការនោះបាននិយាយថាបុរសតៃវ៉ាន់ដែលត្រូវបានគេស្គាល់អត្តសញ្ញាណថាឈ្មោះ ស៊ីន ដែលជានាយកគ្រប់គ្រងរោងចក្រនោះក៏បានទទួលស្គាល់ថាក្រុមហ៊ុនរបស់លោកបាននាំចូលគ្រឿងអេឡិចត្រូនិកខុសច្បាប់ពី ហុងកុង​ សិង្ហបុរី ស្រីលង្កានិងចក្រភពអង់គ្លេសក្នុងរយះពេល ៣ ឆ្នាំមកនេះ។

ទោះបីជាយ៉ាងណាក៏ដោយលោក ស៊ីន បានប្រាប់ឲ្យដឺងថារោងចក្រឧស្សាហកម្មនេះទើបតែបានដំណើរការរយះពេល ៣ ខែប៉ុណ្ណោះព្រោះវាត្រូវ​បានផ្លាស់ប្ដូរទីតាំងពីសាមុតប្រាកា។ យោងតាមប៉ូលីសបានអោយដឹងថាប្រតិបត្តិករនៃរោងចក្រនេះនឹងត្រូវប្រឈមមុខនឹងការចោទប្រកាន់ចំនួន៧ រួមទាំងការប្រកាសមិនពិតពីការលួចពន្ធគយនិងការគេចពន្ធ ចំពោះការចោទប្រកាន់ផ្សេងទៀតរួមមានការនាំចូលសម្ភារសង្ស័យថាមានគ្រោះថ្នាក់ ដូចជាកាកសំណល់ថ្មទូរស័ព្ទដៃក៏ត្រូវបានរកឃើញក្នុងអំឡុងពេលនៃការត្រួតពិនិត្យ។

លោក​ Surapol Chamart អគ្គស្នងការនៃក្រសួងមហាផ្ទៃបាននិយាយថារោងចក្រនេះបានកាន់កាប់តែអាជ្ញាប័ណ្ណដើម្បីធ្វើឧស្សាហកម្មកាកសំណល់នៅក្នុងប្រទេស ដូច្នេះវាជាការខុសច្បាប់ក្នុងការនាំចូលកាកសំណល់ដែលមានគ្រោះថ្នាក់ពីបរទេស។ លោកបានបន្តទៀតថាដំណើរការនៅតាមរោងចក្រមួយចំនួននោះអាចបណ្ដាលឲ្យមានសារធាតុគ្រោះថ្នាក់ដូចជា Mercury ,Cadmium និង​ Beryllium ដែលអាចបង្កឲ្យមានជម្ងឺមហារីកដល់មនុស្ស។ ការរត់ពន្ធកាកសំណល់អេឡិចត្រូនិកបានកើនឡើងបន្ទាប់ពីប្រទេសចិនបានហាមឃាត់ការនាំចូលសម្ភារះទាំងនោះ ហើយកាកសំណល់អេឡិចត្រូនិករាប់រយតោនបានមកចាក់បង្គោក្នុងប្រទេសថៃ។

ប្រភព BANGKOK POST

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីក្នុងការបើកព្រឹត្តការណ៍ ការប្រកួតកីឡាជាតិលើកទី២

នៅល្ងាចថ្ងៃសុក្រ ១១កើត ខែជេស្ឋ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី២ ក្រោម​ប្រធាន​បទ «កីឡា​នាំ​មក​នូវ​សន្តិភាព និង​ការអភិវឌ្ឍ» ដែល​មាន​រយៈ​ពេល​​មួយ​សប្តាហ៍​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិកដែល​នឹងប្រ​ព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី២៥ ខែ​ឧសភា ដល់​ថ្ងៃ​ទី០៤ ខែមិថុនា ឆ្នាំ ២០១៨ ដែលមានកីឡាករ កីឡាករិនី​ និង​គ្រូ​បង្វឹក​ចូល​រួម សរុប ៤.១៦៣ នាក់ លើ​ប្រភេទ​កីឡា​ចំនួន​២៧ រួម​មាន​​វិញ្ញាសា​រចំនួន​២៧៤ មកពី​ក្រសួង រាជធានី​-​ខេត្ត​ចំនួន​២៥។

កម្មវិធីបើកព្រឹត្តិការណ៍កីឡានេះ ក៏មានការរៀបចំកម្មវិធីប្លែកៗ និងអស្ចារ្យជាច្រើនទៀត ដើម្បីអបអរពិធីបើកកីឡាជាតិ រួមមានដូចជាការដង្ហែ​ក្បួន​ព្យុះហយាត្រាប្រតិភូកីឡាតាមបណ្តាខេត្តនានា ការ​សម្តែងបែបសិល្បវប្បធម៌បុរាណ ក្បាច់គុនល្បុក្កតោ ការ​សម្តែង​​ចលនាកាយសមស្របពីគរុ​សិស្ស​កីឡា ក្រុម​កីឡាតេក្វាន់ដូ ការ​សម្តែង​​ចលនា​កាយកម្សាន្ត​ចម្រៀង ដោយ​មាន​ការ​ចូល​រួម​ពីសិល្បករ សិល្បការិនីល្បីៗជា​ច្រើន​រូប​ និងការបាញ់កាំជ្រួចអបអរសាទរផដែរ។

ក្រៅពីការអញ្ជើញជាអធិបតីភាពដោយផ្ទាល់ពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតហើយនោះ ព្រឹត្តិការណ៍កីឡាជាតិលើកទី២នេះ ក៏មានកម្មវិធីកាន់តែអស្ចារ្យជាងលើកទី១ផងដែរ ដោយព្រះមហាក្សត្រកម្ពុជា​ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នឹងព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានភ្លើងគប់ ដល់តំណាងកីឡាករជាតិ ហើយនាំយកភ្លើងគប់ពីព្រះបរមរាជវាំង មកប្រគល់ជូនសម្ដេចតេជោនាយករដ្ឋមន្ដ្រី ដើម្បីដុតបំភ្លឺគប់ ប្រារព្ធពិធីបើកការប្រកួតផ្លូវការនៅពហុកីឡដ្ឋានជាតិផងដែរ។

ចំពោះភ្លើងគប់ខាងលើតំណាងអត្តពលិកជាតិ ដែលត្រូវចូលក្រាបបង្គំទទួលការព្រះរាជទានពីព្រះមហាក្សត្រនោះ រួមមាន៖ កីឡាករ ឃុន ឌីម៉ា ម្ចាស់មេដាយមាសកីឡាស៊ីហ្គេមឆ្នាំ២០១៧ លើប្រភេទកីឡាគុនខ្មែរ ដែលជាកីឡាអត្តសញ្ញាណជាតិ។ បន្ទាប់មក ឌីម៉ា នឹងរត់កាន់ភ្លើងគប់អមដោយតារាបាល់ទាត់ឆ្នើមៗ ២រូប គឺកីឡាករ ចាន់ វឌ្ឍនាកា និងកីឡាករ ប្រាក់ មុន្នីឧត្តម រួមជាមួយកីឡាករក្បាច់គុណល្បុក្កតោចំនួន១០រូប​ ពីព្រះបរមរាជវាំង ជាមួយនឹងក្បួនម៉ូតូធំ ១២គ្រឿង តាមផ្លូវសំខាន់ៗមួយចំនួន ឆ្ពោះមកពហុកីឡដ្ឋានជាតិ។

ការ​ប្រកួត​កីឡា​ជាតិ​នេះ រៀបចំ​ឡើង​ក្នុង​គោល​បំណង វាស់​ស្ទង់គុណផលកីឡា តាម​ប្រភេទ​កីឡានី​មួយៗ ក៏​ដូចជា​ហ្វឹកហ្វឺន​មន្រ្តីរៀបចំ​ការ​ប្រកួត មន្រ្តី​អាជ្ញា​កណ្តាល និង​ចៅក្រម​ក្នុង​ការ​ត្រៀម​លក្ខណៈ​​ឈាន​ឆ្ពោះ​ទៅ​ធ្វើ​ជា​ម្ចាស់​​ផ្ទះ នៃ​ការ​ប្រកួត​កីឡា ស៊ី​ហ្គេម លើក​ទី៣២ ឆ្នាំ​២០២៣ នា​ពេល​ខាង​មុខ។

បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រកាសបើកការកួតកីឡាជាតិលើកទី២រួចហើយនោះ ក៏មានពិធីដង្ហែ និងទទួលភ្លើងគុប ដែលដង្ហែពីព្រះបរមរាជវាំងមកកាន់ពហុកីឡដ្ឋានជាតិដោយកីឡាករ​ កីឡាការិនីល្បីៗជាច្រើនផងដែរ មុននឹងអញ្ជើញប្រគល់ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីអុចបំភ្លឺ បើកព្រឹត្តិការណ៍ការកប្រកួតកីឡាជាតិឆ្នាំ២០១៨នេះ ចាប់ពីពេលនេះតទៅ

គួរបញ្ជាក់ថា៖ព្រឹត្តិការណ៍កីឡាជាតិលើកទី២នេះក៏មានកម្មវិធីកាន់តែអស្ចារ្យជាងលើកទី១ផងដែរដោយព្រះ មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានភ្លើងគប់ ដល់តំណាងកីឡា ករជាតិ នាំយកភ្លើងគប់ពីព្រះបរមរាជវាំង មកប្រគល់ជូនសម្ដេចតេជោនាយករដ្ឋមន្ដ្រី ដើម្បីដុតបំភ្លឺគប់ប្រារព្ធពិធីបើកការប្រកួតផ្លូវការនៅពហុកីឡដ្ឋានជាតិ ។

គណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡាជាតិក៏បានត្រៀមរៀបចំនូវកម្មវិធីប្លែកៗ និង អស្ចារ្យជាច្រើនទៀត ដើម្បីអបអរពិធីបើក-បិទកីឡាជាតិ រួមមាន៖ ការសម្ដែងចលនកាយសមស្របរបស់ក្រុមយុវជន និង ក្រុមអ្នកជំនាញកីឡា ការសម្ដែងសិល្បៈបាញ់កាំជ្រួចដ៏កម្រ រួមទាំងវត្តមានរបស់កំពូលតារាងចម្រៀងល្បីៗប្រចាំកម្ពុជា៣រូប ដូចជាលោក ព្រាប សុវត្ថិ, កញ្ញា មាស សុខសោភា និងកញ្ញា ឱក សុគន្ធកញ្ញា ដែលលើកយកបទចម្រៀង ពាក់ព័ន្ធកីឡាជាតិ ដើម្បីច្រៀងអបអរសាទរ៕

រដ្ឋបាលរាជធានីភ្នំពេញ និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)ចុះហត្ថលេខាលើកំណត់ហេតុ សិក្សាគំរោងអភិវឌ្ឍន៍ ប្រព័ន្ធប្រឡាយ លូទឹកកខ្វក់រាជធានី

ភ្នំពេញ៖ ពិធីចុះហត្ថលេខានេះធ្វើឡើឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោក Ito Mimpei ប្រធានដឹកនាំក្រុមការងារ ត្រៀមការសិក្សាស្រាវជ្រាវ របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)បានចុះហត្ថលេខាលើកំណត់ហេតុពិភាក្សាកាសិក្សាមូលដ្ឋានគំរោងអភិវឌ្ឍន៍ប្រពន្ធ័ប្រឡាយ លូទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ នៅរសៀលថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាច ត្រូវនឹងថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០១៨ នៅរដ្ឋបាលរាជធានីភ្នំពេញ

ក្នុងពីធីចុះហត្ថលេខានោះ បានបញ្ជាក់ថាដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលជប៉ុនបានសំរេចដាក់ចេញនូវការសិក្សាមូលដ្ឋានសំរាប់គំរោងអភិវឌ្ឍន៏ប្រពន្ធ័ប្រឡាយលូទឹកកខ្វក់ក្នុងរាជធានីភ្នំពេញដោយបានប្រគល់ការសិក្សាគំរោងនេះទៅអោយJICAជាអ្នកអនុវត្តន៍។ អង្គការJICAបានបញ្ជូនក្រុមត្រៀមសិក្សាសំរាប់គំរោងមកកាន់ប្រទេសកម្ពុជាដែលដឹកនាំអនុវត្តដោយឯកឧត្តមបណ្ឌិត អិតូមិម ប៉េអិ ប្រធានក្រុមការងារគ្រប់គ្រងបរិស្ថានសាកល និងក្រុមការងារប្រចាំនៅកម្ពុជាដោយចាប់សិក្សាពីថ្ងៃទី២២ ដល់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨នេះ

ក្រុមការងារបានរៀបចំកិច្ចពិភាក្សាជាបន្តបន្ទាប់ជាមួយមន្ត្រីពាក់ពន្ធ័របស់រដ្ឋាភិបាលកម្ពុជា និងបានដាក់ចេញជាការចុះស្រាវជ្រាវតាមទីតាំងរបស់គំរោង។ បន្ទាប់ពីបញ្ចប់ការសិក្សារដ្ឋាភិបាលជប៉ុនបានបញ្ជូនក្រុមបេសកកម្មចំនួន៣ក្រុមដើម្បីការប្រមូលរាល់ទិន្ន័យដែលពាក់ពន្ធ័ក្នុងនោះក្រុមបេសកកម្មរបស់JICAសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញដើម្បីត្រៀមរៀបចំឯកសារសំរាប់ឈានទៅដល់ការអនុមត័ផ្តល់ជំនួយលើគំរោងនេះពីរាជរដ្ឋាភិបាលជប៉ុន។

គោលបំណងរបស់គំរោងនេះគឺដើម្បីកាត់បន្ថយជាអតិប្បរិមានូវបន្ទុកនៃការបំពុលទឹកក្នុងបឹងជើងឯកតាមរយះការសាងសង់រោងចក្រប្រត្តិកម្មទឹកសំអុយថ្មី ដែលនឹងរួមចំណែកការពារ កែលំអរទឹកអនាម័យនឹងបរិស្ថាននៅបឹងជើងឯកឲ្យកាន់តែមានភាពប្រសើរឡើង

កាន់តែធ្ងន់ធរហើយ ! សម្ដេចតេជោព្រមានដករដ្ឋមន្ត្រី៣រូប រឿងឆ្លើយដាក់គ្នាជុំវិញករណីប្រជាពលរដ្ឋពុលនៅក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ

ភ្នំពេញ៖ សម្ដេចតេជោស្តីព្រមានដករដ្ឋមន្ត្រី៣រូប រឿងឆ្លើយដាក់គ្នាជុំវិញករណីប្រជាពលរដ្ឋពុលនៅក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្តីបន្ទោសធ្ងន់ៗដល់រដ្ឋមន្ត្រី បីរូប មកពីបីក្រសួង ដែលបានឆ្លើយដាក់គ្នាជុំវិញករណីប្រជាពលរដ្ឋពុលនៅក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីដើមខែឧសភា ឆ្នាំ២០១៨កន្លងទៅនេះនៅមុនចាប់ផ្តើមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨នេះ ។


ការបន្ទោស និងព្រមានយ៉ាងធ្ងន់ៗបែបនេះ នៅមុនពេលសម្ដេចចាប់ផ្ដើមកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នៅទីស្ដីការគណៈរដ្ឋមន្ត្រី រាជធានីភ្នំពេញ។ សម្ដេចបញ្ជាក់ថា សម្ដេចមិនហាមឃាត់មិនឲ្យមានការស្រាវជ្រាវលើហេតុការណ៍ប្រជាពលរដ្ឋពុលនៅខេត្តក្រចេះនេះនោះទេ ប៉ុន្តែសម្ដេចស្នើឲ្យរដ្ឋមន្ត្រីក្រសួងទាំង៣ រួមមានក្រសួងសុខាភិបាល ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក្រសួងរ៉ែ និងថាមពល បញ្ឈប់ការធ្វើការទាំងទទឹងទិស យកឈ្នះខ្លួនឯងដោយខ្វះការទទួលខុសត្រូវ ហើយសាចទឹកដាក់គ្នាបែបទៀត។


សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជាបានចាត់ទុកថាការព្យាយាមសាចទឹកដាក់គ្នារបស់រដ្ឋមន្ត្រីទាំង៣រូបនេះគឺ រួមមានរដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង, រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម ស៊ុយ សែម និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ គឺជាការខ្វះទំនួលខុសត្រូវរបស់ខ្លួនក្នុងហេតុការណ៍ខាងលើនេះ៕

គណៈកម្មការចម្រុះបើកប្រតិបត្តិការទ្រង់ទ្រាយធំ ចុះពិនិត្យក្រុមហ៊ុនរ៉ែមាស ដែលសង្ស័យថាបង្ហូរគីមីពុលបណ្ដាលឲ្យមនុស្សស្លាប់១៣នាក់និងពុលរាប់រយនាក់នៅខេត្តក្រចេះ

មណ្ឌលគិរី  គណៈ​កម្ម​ការ​ចម្រុះ​ មាន​ក្រសួងរ៉ែ​​និង​ថាមពល ក្រសួងបរិស្ថាន ​​កម្លាំង​កងរាជ​អាវុធ​ហត្ថ​​លើ​ផ្ទៃ​ប្រទេស ​​អាជ្ញាធរ​ខេត្តមណ្ឌល​គិរី ​និង​ប្រជាសហគមន៍​ប្រមាណ​​៣០០​នាក់​ បាន​បើក​ប្រតិបត្តិ​​ការ​ទ្រង់ទ្រាយ​ធំ ចុះទៅ​ពិនិត្យ​និង​ស្រាវ​​ជ្រាវ​នៅ​កន្លែង​ក្រុម​ហ៊ុន​រុក​រក​​រ៉ែ​​មាស​ឈ្មោះ​​​​​ រ៉ុង ឆេង ​ដែល​ស្ថិតនៅជាប់តំបន់​អូរក្លរ ភូមិពូទុង​ ឃុំចុងផ្លាស់​ ស្រុក​កែវ​​​សីមា​ នៅ​ព្រឹកថ្ងៃ​ព្រហស្បតិ៍ ទី២៤ ខែ​ឧសភា ២០១៨​នេះ​។

​អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្ដម សៅ សុភាពមានប្រសាសន៍កាលពីវេលាម៉ោង១១ព្រឹក នេះថា ៖ មន្ត្រីជំនាញរបស់ក្រសួងបរិស្ថាននិងគណៈកម្មការចម្រុះ ដែលកំពុងចុះទៅកន្លែងរ៉ែមាស រ៉ុង ឆេងនោះ ក្នុងគោលបំណងទៅពិនិត្យជាក់ស្ដែង ជុំវិញធនធានរ៉ែ និងការបង្ហូរចោលនូវសារធាតុគីមីបំណុលបរិស្ថាន។ លោកបញ្ជាក់ថា ប្រសិនបើគណៈកម្មការចម្រុះ ពិនិត្យឃើញថាក្រុមហ៊ុនរ៉ែមាស រ៉ុង ឆេង បានប្រើសារធាតុពុលបំផ្លាញបរិស្ថានមែន គឺក្រុមគណៈកម្មការចម្រុះនឹងចាត់វិធានការផ្លូវច្បាប់ទៅតាមភាពជាក់ស្ដែងតែម្ដង។

ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាល​ខេត្ត​មណ្ឌល​គិរី​បាន​ឲ្យ​ដឹង​​​​​តាម​ទូរស័ព្ទ​​នៅ​ព្រឹក​​​នេះ​​ថា ​ការ​បិទ​អាជីវ​កម្ម​​​របស់​ក្រុមហ៊ុន និង​សហគមន៍​រុក​រក​រ៉ែ​នោះ​ ​គឺ​មិន​ទាន់​ដឹង​​លទ្ធផល​នៅ​ឡើយ​ទេ ដោយ​រង់​ចាំ​ការ​ត្រួត​ពិនិត្យ​ពី​មន្ត្រី​គណៈកម្មការ​ចម្រុះ​ ដែល​ចុះ​ពិនិត្យ​ដល់​ទីតាំង​នោះ​សិន។​ ឯកឧត្ដម​បន្ត​ថា បើ​ក្រុមហ៊ុន ឬ​សហគមន៍​ណា​គ្មាន​ច្បាប់​គឺ​ត្រូវ​បិទ​ជា​ស្ថាពរ តែ​បើ​ក្រុមហ៊ុន​​មាន​ច្បាប់​ធ្វើ​អាជីវកម្ម​ គឺ​​​មាន​ការ​​កំណត់​របស់​​ក្រុមហ៊ុន​។

 ឯកឧត្ដម​បន្ត​ថា ​ចំពោះ​​ការ​រុក​រក​រ៉ែ​មាស​​នោះ​​ជា​លក្ខណៈ​បែប​អនាធិបតេយ្យ​ គឺ​យើង​​​មិន​បាន​ដឹង​​ទី​តាំង​ច្បាស់​លាស់​​​នោះ​ទេ​ ព្រោះ​​ពួក​គេ​លួច​លាក់​ធ្វើ​នៅ​តាម​ព្រៃ តាម​អូរ​ជា​លក្ខណៈ​តូច​ៗ​។​ ឯកឧត្ដម​ស្នើ​ឲ្យ​មាន​​​ការ​ចូល​រួម​ពី​គ្រប់​មជ្ឈដ្ឋាន​​ទាំង​អស់​ផ្ដល់​ជា​ព័ត៌មាន​ ទើប​​ការ​គ្រប់គ្រង​មាន​ប្រសិទ្ធ​ភាព​។

 ​​ប្រតិបត្តិការទ្រង់ទ្រាយធំចុះ​ស្រាវជ្រាវកន្លែងរ៉ែមាសនេះ​ធ្វើឡើងបន្ទាប់ពីមានការ​ចោទ​ប្រកាន់​​ថា​ក្រុម​ហ៊ុនរ៉ែ​មាស រ៉ុ​ង ឆេង ​បាន​បង្ហូរ​​សារធាតុ​គីមី ស្យានីដ(CYANIDE) បណ្ដាល​ឱ្យហូរចូល​ទឹក​ព្រែក​ទេរ ធ្វើ​​ឱ្យ​ពលរដ្ឋ​​នៅ​ខេត្ត​ក្រចេះ​និង​មណ្ឌលគីរី​​ចំនួន​១៣នាក់ពុល​​ស្លាប់​​ និង​ជាង​៣០០​នាក់​ផ្សេង​ទៀត​​សន្លប់​និង​កើត​ជម្ងឺ​​​​

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញឲ្យរួមគ្នាបង្កើតព្រឹត្តិការណ៍យុទ្ឋនាការកាត់បន្ថយប្លាស្ទិកនៅកម្ពុជា

នៅក្នុងកិច្ចប្រជុំជាមួយ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញមកពីគ្រប់អគ្គនាយកដ្ឋាននៃក្រសួងបរិស្ថាន និងដៃគូអភិវឌ្ឍន៍ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ បានគាំទ្រចំពោះយុទ្ធនាការរួមគ្នាកាត់បន្ថយប្លាស្ទិក ដើម្បីជំរុញការអនុវត្តអនុក្រឹត្យលេខ១៦៨ របស់រាជរដ្ឋាភិបាលស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក ឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការលើកទឹកចិត្ត ឱ្យមានការចូលរួម ពិវិស័យឯកជន ក៏ដូចជាដើម្បីអបអរសាទរ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោកឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខផងដែរ។

ដើម្បីអបអរសាទរទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានលើកទឹកចិត្តឱ្យមន្រ្តីជំនាញ ភាគីពាក់ព័ន្ឋ និងដៃគូ រួមគ្នាបង្កើតព្រឹត្តិការណ៍យុទ្ឋនាការកាត់បន្ថយប្លាស្ទិកនៅកម្ពុជា។

ឯកឧត្តម សៅ សុភាព នាយកខុន្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រសួងបរិស្ថានកំពុងពិនិត្យ ពិភាក្សាជាមួយមន្រ្តីជំនាញ ពាក់ព័ន្ឋ ដើម្បីត្រៀមរៀបចំសកម្មភាពឆ្លើយតបនឹងគំនិតផ្តួចផ្តើមរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ដូចមានសកម្មភាពលម្អិតដូចជា៖
១- ត្រៀមបង្កើតយុទ្ធនាការរួមគ្នាកាត់បន្ថយប្លាស្ទិក រួមទាំងការបង្កើតស្លាកសញ្ញាសាមញ្ញមួយ សម្រាប់សម្គាល់យុទ្ធនាការនេះ
២- សហការជាមួយសភាពាណិជ្ជកម្ម និងបណ្តាញសារព័ត៌មាន ព្រមទាំងនៅក្នុងគេហទំព័រ និងផេកហ្វេសបុករបស់ក្រសួងបរិស្ថាន ដើម្បីធ្វើការផ្សព្វផ្សាយជាសាធារណៈ ឲ្យបានទូលំទូលាយទៅលើព្រឹត្តិការណ៍នានា នៃយុទ្ឋនាការ
៣- បង្កលក្ខណៈ ឱ្យម្ចាស់អាជីវកម្មចុះឈ្មោះ ចូលរួមបញ្ឈប់ការផ្តល់ថង់ប្លាស្ទិកដោយឥតគិតថ្លៃ ទៅកាន់អតិថិជន
៤- ម្ចាស់អាជីវកម្ម ដែលបានចុះឈ្មោះ ទទួលបានការផ្សព្វផ្សាយតាមគេហទំព័រនៃយុទ្ធនាការជាផ្លូវការ និងមានសិទ្ធទទួលបានផ្លាកសញ្ញារង្វាន់លើកទឹកចិត្ត ពីក្រសួងបរិស្ថានផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តម សៅ សុភាព បានបញ្ជាក់ដែរថា យុទ្ឋនាការរួមគ្នាកាត់បន្ថយប្លាស្ទិក ជាក់ស្តែងគឺចាប់ផ្តើមចាប់ពីការប្រារព្ឋទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ឆ្នាំ២០១៨ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ផ្សារដើមថ្កូវ រាជធានីភ្នំពេញ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨។ ក្នុងឱកាសនោះក្រសួងបរិស្ថានគ្រោងផ្តល់វិញ្ញាបនបត្រទទួលស្គាល់ការផ្តួចផ្តើមចូលរួមកាត់បន្ថយការប្រើប្រាសថង់ប្លាស្ទិក ជូនម្ចាស់ផ្សារទំនើបមួយចំនួន ដែលបានអនុវត្តន៍តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងថង់ប្លាស្ទិកផងដែរ៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិ៥ ពីព្រែកក្តាម ដល់ខេត្តពោធិ៍សាត់

នៅព្រឹកថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីរួមគ្នាជាមួយ លោក Hidehisa HORINOUCHI ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅកម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ប្រវែង ១៣៥.២៤គីឡូម៉ែត្រ ចាប់ពីព្រែកក្តាមខេត្តកណ្តាល ដល់ធ្លាម្អម ខេត្តពោធិ៍សាត់ ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាល ជប៉ុន។ គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ៥ ឆ្លងកាត់ខេត្តចំនួន០៣ រួមមាន ខេត្តកណ្តាល ប្រវែង ៤.២៥គីឡូម៉ែត្រ ខេត្តកំពង់ឆ្នាំង ប្រវែង ៩៣.៥៤គីឡូម៉ែត្រ និងខេត្តពោធិ៍សាត់ ប្រវែង ៣៧.៤៥គីឡូម៉ែត្រ។

កំណាត់ផ្លូវនេះ ត្រូវចំណាយថវិកាសរុបប្រមាណ ២៦១លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលជប៉ុន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករ ហើយនិងត្រូវប្រើរយៈពេលសាងសង់ចំនួន៤៨ខែ គិតចាប់ពីខែមេសា ឆ្នាំ២០១៨ រហូតដល់ខែមីនា ឆ្នាំ២០២២។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយក្រៃលែងដែលបានអញ្ជើញបើកការដ្ឋានសាងសង់ កំណាត់ផ្លូវជាតិលេខ៥នាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីមានមោទនភាពចំពោះសមិទ្ធផលដែលកើតចេញពីទំនាក់ទំនងមិត្តភាពល្អរវាងកម្ពុជា-ជប៉ុន ដែលបានផ្តល់ហិរញ្ញប្បទានសម្បទានដើម្បី ស្ថាបនានិងធ្វើឲ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៥នេះ។

គម្រោងធ្វើឲ្យប្រសើរឡើងនូវផ្លូវជាតិលេខ៥នេះ គឺកើតឡើងក្នុងទំនាក់ទំនងរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង លោក Shinzō Abe នាយករដ្ឋមន្ត្រីជប៉ុន ក្នុងពេលដែល សម្តេចតេជោ បានអញ្ជើញទស្សនកិច្ចនៅប្រទេសជប៉ុនកន្លងមកនេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះប្រទេសជប៉ុន ដែលកន្លងមកតែងតែផ្តល់នូវជំនួយដល់កម្ពុជាលើការសាងសង់ផ្លូវ ស្ពាន និងវិស័យផ្សេងៗទៀត។ ប្រទេសជប៉ុននឹងជួយកសាងលើកំណាត់ផ្លូវជាតិលេខ៥នេះជាដំណាក់កាលៗចាប់ពីទីក្រុងភ្នំពេញរហូតដល់ខេត្តបន្ទាយមានជ័យ ព្រំដែនកម្ពុជា-ថៃ។ ផ្លូវជាតិលេខ៥នេះពិតមានសារៈសំខាន់ណាស់សម្រាប់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទៅតាមបណ្តាខេត្តផ្សេងៗដូចជា ខេត្តកណ្តាល, កំពង់ឆ្នាំង, ពោធិសាត់, បាត់ដំបង និងបន្ទាយមានជ័យ (ប៉ោយប៉ែត) ជាពិសេស គឺនឹងបានរួមចំណែកក្នុងការបំរើលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មអោយកាន់តែរីកចម្រើនដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអោយកាន់តែប្រសើរឡើង។

ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយនានាក្នុងការចុះឈ្មោះជាបេក្ខភាពក្នុងការបោះឆ្នោតជាតិនៅថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ ខាងមុខត្រូវផ្តល់ឱកាសឲ្យបក្សនយោបាយទាំងអស់នោះបានធ្វើសម្មភាពភាពនយោបាយ ដូចជាការចុះជួបសកម្មជនរបស់ខ្លួនជាដើម។

សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបន្តអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាថែរក្សាសន្តិភាពឲ្យបានគង់វង្សទោះក្នុងតំលៃណាក៏ដោយ ព្រោះថាបើគ្មានសន្តិភាព គឺមិនមានការអភិវឌ្ឍឡើយ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះពលរដ្ឋនិងរាជរដ្ឋាភិបាលជប៉ុន ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេស កម្ពុជា ក្នុងនោះរួមទាំងជំនួយស្ពានមិត្តភាពកម្ពុជាអ្នកលឿង (ហ្សឺបាសា) និង ស្ពានគីហ្សូណាកំពង់ចាម ដែលជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន។ រីឯផ្លូវជាតិលេខ៥នេះជាជំនួយហិញ្ញប្បទានសម្បទានរបស់មិត្តជប៉ុន ដែលកម្ពុជាសូមអរគុណយ៉ាងជ្រាលជ្រៅបំផុត។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា ហើយបន្ទាប់មក សម្តេចនាយករដ្ឋមន្ត្រី និងលោក Hidehisa HORINOUCHI ឯកអគ្គរដ្ឋទូតជប៉ុន បានអញ្ជើញបញ្ជាគ្រឿងចក្របើកការដ្ឋានសាងសង់កំណាត់ ផ្លូវជាតិ៥ មានប្រវែង ១៣៥.២៤គីឡូម៉ែត្រចាប់ពីពេលនេះទៅ៕

ប្រភពផេកសម្តេចតេជោ

សម្តេចតេជោ ហ៊ុន សែន សូមកូនក្មួយសិស្សានុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រ ធ្វើជាកូនល្អ សិស្សល្អ និងជាទំពាំងស្នងឬស្សីដ៏រឹងមាំសម្រាប់ប្រទេសជាតិ

កំពង់ឆ្នាំង ៖ នៅក្នុងឱកាសនៃពិធីបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ នៅព្រឹកថ្ងៃច័ន្ទ ៧កើត ខែជេស្ឋ ឆ្នាំច ត្រូវនឹងថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៨នេះ ដោយបានមើលឃើញពីកង្វះខាតអគារសិក្សាសម្រាប់កូនក្មួយៗនៅខេត្តកំពង់ឆ្នាំង ដែលលំបាកក្នុងរៀនសូត្រ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានផ្តល់ជាអំណោយ សាលាបឋមសិក្សា និងវិទ្យាល័យទឹកហូត ដែលស្ថិតនៅក្នុងភូមិទឹកហូត ឃុំទឹកហូត ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ។

ចំពោះអគារវិទ្យាល័យគឺមានចំនួន១ខ្នង កម្ពស់៣ជាន់ មាន១៨បន្ទប់ និងទីចាត់ការ១ខ្នង មាន៣បន្ទប់។ ចំពោះអគារស្នាក់នៅរបស់សិស្ស គឺមានចំនួន១ខ្នង ២ជាន់ មាន១០បន្ទប់ ព្រមទាំងរៀបចំទីធ្លារនៅក្នុងសាលា និងកន្លែងលេងកីឡាផងដែរ។ សម្រាប់បឋមសិក្សាវិញ គឺមានអគារទីចាត់ការ១ខ្នង មាន៣បន្ទប់ និងរៀបចំទីធ្លាបេតុង និងកន្លែងលេងកីឡា។

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តបណ្ឌិត តែងតែយកចិត្តទុកដាក់គិតគូពីសុខទុក្ខកូនក្មួយសិស្សានុសិស្ស គ្រប់ទីកន្លែង ហើយសម្តេចទាំងទ្វេមិនទុកអោយកូនក្មួយអត់សាលារៀនឡើយ។ សូមកូនក្មួយសិស្សានុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រ ធ្វើជាកូនល្អ សិស្សល្អ និងជាទំពាំងស្នងឬស្សីដ៏រឹងមាំសម្រាប់ប្រទេសជាតិ និងចៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ  ៕

 

លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន ថាខ្មែរចងចាំមហាសោកនាដកម្មក្នុងរបបប្រល័យពូជសាសន៍ខ្លួន ដែលសម្លាប់ប្រជាជនខ្លួនឯងអស់ជិត៣លាននាក់

ស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថាខ្មែរត្រូវតែចងចាំមិនភ្លេចពីរបបព្រៃផ្សៃប៉ុលពតដែលសម្លាប់ប្រជាជនខ្លួនឯងអស់ជិត៣លាននាក់។ លោកជំទាវកតិ្តសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាគណៈ អចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងា រគណៈកម្មាធិការកណ្តាលចុះជួយខេត្តស្វាយរៀង និងអនុប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាបានអញ្ជើញប្រារព្ធទិវាជាតិនៃការចងចាំជានិច្ចថ្ងៃ២០ ឧសភាត្រូវនឹងថ្ងៃអាទិត្យទី៦កើតខែជេស្នឆ្នាំចសំរិទ្ទិស័ក ព.ស២០៥៦២ នាថ្ងៃទី២០ឧសភាឆ្នាំ២០១៨នៅភូមិតាណរ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមប្រជាពលរដ្ឋកម្ពុជាទូទាំង ខេត្តស្វាយរៀង បានជួបជុំប្រារព្ធទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ឧសភា ឆ្នាំ២០ ១៨ ដែលជាប្រវត្តិសាស្រ្ត ដើម្បី រំលឹក ចង ចាំ និងគោរពវិញ្ញាណក្ខន្ធ ប្រជា ជ ន ក ម្ពុ ជា ជិត ៣ លាននាក់ ដែលបានស្លាប់ដោយអំពើឃោរឃៅ ព្រៃផ្សៃ អយុត្តិធម៌ និង អមនុស្សធម៌ដោយរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ ប៉ុល ពត ។

នៅចំពោះមុខវិមានតម្កល់អដ្ឋិធាតុជនរងគ្រោះ ដោយរបបប្រល័យ ពូជ សាសន៍ ប៉ុល ពត ពួកយើងទាំងអស់គ្នា សូមលំឱន កាយ វាចារ ចិត្ត គោរពវិញ្ញាណក្ខន្ធ របស់ជន រួមជាតិ ដែលបានបាត់បង់ជីវិ តយ៉ាង អយុត្តិធម៌ នៅក្រោម របប ប្រល័យ ពូជសាសន៍ ហើយសូមឧទ្ទិសបួង សួងព្រលឹងរប ស់ លោកអ្នក ទាំង នោះបានទៅកាន់សុគតិភពជារៀងដរាបតទៅ ។ដោយគុណបំណាច់ដ៍ធំធេងមិនអាចកាត់ថ្លៃបានរបស់គណបក្សប្រជាជនកម្ពុជាគឺថ្ងៃ០៧ មករា ១៩៧៩ បានបញ្ចប់សម័យកាល ដ៏ខ្មៅង ងឹតបំផុត ហើយ បាន បើកឡើងវិញនូវទំព័រ សករាជថ្មី គឺឯករាជ្យ សន្តិភាព ប្រជាធិបតេយ្យ និង វឌ្ឍនភាពលោកជំទាវកិត្តិសង្គហបណ្ឌិតក៍ដូចប្រជាពលរដ្ឋទាំងអស់គ្នា ។

រាជរដ្ឋាភិបាល កម្ពុជាដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានខិតខំយកចិត្ត ទុកដាក់ការពារបានសន្តិភាព ស្ថិរ ភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម និង ការពារបានយ៉ាងរឹង មាំនូ វខឿនឯករាជ្យជាតិ អធិបតេយ្យជាតិ បូរណភាពទឹកដី ប្រឆាំងការជ្រៀ តជ្រែ ករបស់បរទេសចូលក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា។ ឧបាយកល បដិវត្តន៍ពណ៌របស់គណបក្សប្រឆាំងដែលជ្រោមជ្រែងដោយពួកបរទេសប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ផ្ទុយទាំងស្រុងពីរដ្ឋធម្មនុញ្ញ ផ្ទុយពីគោលការណ៍ ប្រ ជាធិ ប តេយ្យ និងនីតិរដ្ឋ ផ្ទុយពីឆន្ទៈប្រជាជនត្រូវបានរាំងស្កាត់ទាន់ពេលវេលា ធ្វើឱ្យអង្គការចាត់តាំងបដិវត្តន៍ពណ៌នៅកម្ពុជាត្រូវរំលាយចោលទាំងស្រុង និងបាន បញ្ឈប់មិនឱ្យរាលដាលទៅមុខទៀតនូវ ចលនាជ្រុលនិយមដ៏ គ្រោះ ថ្នា ក់នេះ ។

លោកជំទាវកិត្តិសង្គហបណ្ឌិតបានសម្តែងការគោរពចំពោះតួរនាទីជាប្រវត្តិសាស្រ្តដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោ ហ៊ុន សែន ជាស្នូលនៃគណបក្សប្រជាជនកម្ពុជា និងជាអគ្គមគ្គុទេសក៏ដ៏ឆ្នើម នៃប្រជាជនកម្ពុជាដែលបាន ដឹកនាំប្រទេសជាតិឆ្លងកាត់ដំណាក់កាល ដ៏សែនលំបាកនានា ប្រកបទៅដោយគតិបណ្ឌិត ភាពឈ្លាសវៃ និងភាពអង់ អាច ក្លាហានសម្រេចបាន ជោគជ័យដ៏ត្រចះត្រចង់ជូនជាតិមាតុភូមិ និងប្រ ជា ជនប្រជាជនក៏ដូចជាយើងទាំងអស់គ្នា ។

លោកជំទាវកិត្តិសង្គហបណ្ឌិតបានអំពាវនាវអោយសូមបងប្អូនជន រួមជាតិនៅ ទូទាំ ងខេត្តស្វាយរៀងដែលបានឃើញច្បាស់នូវ «គោលនយោបាយរបស់ គណបក្សប្រជាជនកម្ពុជាសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០១៨-២០២៣» ដែលបានដាក់ចេញនូវបណ្តាគោលដៅជាយុទ្ធសាស្រ្ត និងគោល នយោបាយធំៗ ជាអាទិភាពដើម្បីជំរុញការអភិវឌ្ឍ មាតុភូមិកម្ពុជាឱ្យកាន់ តែ រីកចម្រើនតទៅមុខទៀត ។ ដូចនេះសូមអញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជន កម្ពុជាដែលមានរូបទេវតាបាចផ្កាជាសញ្ញាសម្គាល់ឱ្យបានគ្រប់ៗគ្នាកុំបីខាននៅតាមការិយាល័យបោះឆ្នោតក្នុងឃុំ-សង្កាត់របស់បងប្អូន នៅថ្ងៃទី២៩ កក្កថាខាងមុខនេះ ៕