រាជធានីភ្នំពេញ វិនិយោគលើវិស័យសំណង់នៅតែមានភាពរលូន ក្នុងការអភិវឌ្ឍន៍ ទោះបីខិតជិតដល់ពេលបោះឆ្នោតខាងមុខនេះ ក៏ដោយ

រាជធានីភ្នំពេញ ៖ រាជធានី វិនិយោគលើវិស័យសំណង់នៅតែមានភាពរលូន ក្នុងការអភិវឌ្ឍន៍ ទោះបីខិតជិតដល់ពេលបោះឆ្នោតខាងមុខនេះ ក៏ដោយ យោងតាមមន្ត្រីជំនាញនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សង្កេតឃើញថា ការវិនិយោគក្នុងវិស័យសំណង់រយៈពេល៤ខែដើមឆ្នាំ២០១៨នេះ នៅមានសន្ទុះរឹងមាំគួរឱ្យកត់សម្គាល់នៅទូទាំងប្រទេសកម្ពុជា។
លោក ឡៅ ទិព្វសីហា មន្ត្រីជំនាញរូបនេះ មានប្រសាសន៍កាលពីថ្ងៃទី១៨ ឧសភា ម្សិលមិញថា ពាក់ព័ន្ធនឹងសន្ទុះនៃការវិនិយោគក្នុងវិស័យសំណង់រយៈពេលប៉ុន្មានខែដើមឆ្នាំ២០១៨នេះ ការអភិវឌ្ឍនៅតែខ្លាំង និងមានភាពរឹងមាំនៅឡើយ ដោយសារនៅគ្រប់ការដ្ឋានសាងសង់នៅទូទាំងប្រទេស ក៏ដូចជាការសាងសង់ក្នុងខណ្ឌទាំង១២ នៃរាជធានីភ្នំពេញ កំពុងមានសកម្មភាពយ៉ាងមមាញឹក ពិសេសគឺគម្រោងអគារខ្ពស់ៗជាច្រើនកំពុងដំណើរការសាងសង់ និងបន្តរីកចម្រើនខ្លាំងឡើងថែមទៀត ។


អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ លោក សន សៀប នាយកក្រុមហ៊ុន Key Real Estate បានមានប្រសាសន៍ថា ៖« សកម្មភាពសាងសង់ និងសកម្មភាពទិញ-លក់ នៅមានដំណើរការធម្មតា ។ សកម្មភាពនៅតំបន់កំពុងអភិវឌ្ឍន៍ និងតំបន់ដែលមានគម្រោងផ្សេងៗ គេតាមសួរទិញរហូតហ្នឹង ។ តួយ៉ាង នៅតំបន់សែនសុខ ជ្រោយចង្វា តំបន់ផ្លូវលេខ៦០ និងនៅខេត្តព្រះសីហនុ ជាដើម » ។
លោកបញ្ជាក់ថា ៖« វិស័យសំណង់ និងអចលនទ្រព្យកម្ពុជា វាមានការប៉ះពាល់ លុះត្រាតែមានអស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច តែនយោបាយ និងសេដ្ឋកិច្ចយើងអត់មានបញ្ហាអីផង » ។
លោក វ៉ា វីរៈ នាយកក្រុមហ៊ុន Century 21 Fortuna investment បានយល់ស្របនឹងការលើកឡើងរបស់មន្ត្រីជំនាញនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយលោកមិនឃើញមានកន្លែងណាធ្លាក់ចុះ ឬផ្លាស់ប្តូរទេ។ ផ្ទុយមកវិញ នៅខណ្ឌសែនសុខបង្ហាញថា មានកំណើនឡើង ព្រោះគម្រោងផ្សារទំនើបអុីអនទី២ ជិតបើកដំណើរការ ។ លើសពីនេះ នៅតាមផ្លូវជាតិលេខ១, លេខ៦ និងផ្លូវជាតិលេខ៣ មានកំណើនកើនឡើង ។


លោក វ៉ា វីរៈ មានប្រសាសន៍ថា ៖«ទោះ បីការបោះឆ្នោតថ្នាក់ជាតិ នឹងខិតមកដល់នា២ខែខាងមុខទៀតក្តី ក៏មិនឃើញមានផលប៉ះពាល់ដូចការបោះឆ្នោតនាប៉ុន្មានឆ្នាំមុនៗដែរ។ វិស័យអចលនទ្រព្យហាក់ដូចបង្ហាញការកើនឡើងនៅច្រើនកន្លែង ហើយតម្លៃនៃការទិញ-លក់ កើនឡើងបនិ្តចបន្តួចដែរ ។ ជាទូទៅ នៅពេលជិតដល់បោះឆ្នោត តម្លៃធ្លាក់ចុះ បន្ទាប់ មកសកម្មភាពស្ងាត់តែម្តង ប៉ុន្តែផ្ទុយមកវិញសកម្មភាពពេលនេះហាក់ដូចកើនឡើង » ។
លោក ឡៅ ទិព្វសីហា មន្ត្រីជំនាញនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានសុទិដ្ឋិនិយមថា បើទោះបីឆ្នាំ២០១៨នេះ ត្រូវជាឆ្នាំបោះឆ្នោតថ្នាក់ជាតិក៏ដោយ ក៏មិនធ្វើឱ្យប៉ះពាល់ដល់វិស័យសំណង់ដែរ ព្រោះការលក់ដូរក្នុងវិស័យសំណង់មានលក្ខណៈធម្មតា អត់មានបញ្ហាអ្វីទេ ។ អ្នកលក់ដូរផ្ទះល្វែង និងអគារនានាមានដំណើរការខ្លាំងឡើងៗ អត់មានការប្រែប្រួល ឬថមថយឡើយ ។
លោកបញ្ជាក់ថា ៖« ការវិនិយោគលើវិស័យសំណង់នៅអំឡុងដើមឆ្នាំ២០១៨នេះ មានសន្ទុះគួរឱ្យកត់សម្គាល់ ។ ការរីកចម្រើននេះ ដោយសារតែគម្រោងស្នើសុំនៅឆ្នាំ២០១៧មានច្រើន បូករួមទាំងគម្រោងស្នើសុំបន្ថែមនៅឆ្នាំ២០១៨នេះទៀត ។ អីចឹង ធ្វើឱ្យការវិនិយោគក្នុងវិស័យសំណង់នៅរក្សាបានស្ថានភាពនឹងនរល្អ » ។


លោកសង្កត់ធ្ងន់ថា ៖« ជារួម ការវិវត្តនៃវិស័យសំណង់ក្នុងរយៈពេល៤ខែដើមឆ្នាំនេះ រួមនឹងការវិវត្តវិស័យសំណង់កាលពីឆ្នាំ២០១៧កន្លងមក វិស័យសំណង់នៅតែរក្សាស្ថិរភាពល្អ ហើយការអភិវឌ្ឍនៅតែបន្តខ្លាំងក្លា បូករួមជាមួយការទិញដូរលំនៅឋានមានដំណើរការល្អ រួមនឹងអចលនទ្រព្យ និងវិស័យដីធ្លីក៏អីចឹងដែរ សកម្មភាពការទិញដូរកំពុងតែខ្លាំងក្លា ។ ចំណែកដីនៅរក្សាតម្លៃខ្ពស់ អត់មានស្រកចុះទេ » ។
យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងឆ្នាំ២០១៧ បង្ហាញថា ទិន្នន័យសំណង់ទូទាំងប្រទេស មានចំនួនសរុប៣.០៥២គម្រោង មានផ្ទៃក្រឡាជាង១០លានម៉ែត្រការ៉េ ដែលមានតម្លៃប៉ានស្មានទុនវិនិយោគជាង៦ពាន់លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៦ មានចំនួន២.៤០៥គម្រោង មានផ្ទៃក្រឡាសាងសង់ សរុប១១លានម៉ែត្រការ៉េ និងតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ៥ពាន់លានដុល្លារ ពោលគឺកើនឡើងចំនួន២២,៣១% ។
យោងតាមរបាយការណ៍ក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ វិស័យសំណង់ ត្រូវបានព្យាករណ៍ថា នឹងអត្រាកំណើនប្រមាណ១៦,៧%ក្នុងឆ្នាំ២០១៨ និង១៦,៩%ក្នុងឆ្នាំ២០១៩ ដែលឆ្លុះបញ្ចាំងតាមរយៈការបន្តងាកទៅរកប្រភេទគម្រោងសំណង់ថ្លៃទាប និងមធ្យម ដែលជួយប៉ះប៉ូវដល់កំណើនយឺតនៃប្រភេទសំណង់ថ្លៃខ្ពស់ ។ ភាពរឹងមាំនៃវិស័យនេះត្រូវបានបន្តគាំទ្រដោយការអនុវត្តគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ, ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងភាពជឿជាក់ចំពោះការវិនិយោគ ដោយសារភាពរឹងមាំនៃកំណើនសេដ្ឋកិច្ចកម្ពុជា ទោះជាមានឥរិយាបថប្រុងប្រយ័ត្នពីសំណាក់វិនិយោគិនមួយចំនួនក្នុងឆ្នាំ២០១៨ ដែលជាឆ្នាំបោះឆ្នោតក៏ដោយ ៕

អ៊ីរ៉ង់ ទទូចសុំឲ្យអឺរ៉ុប បន្តប្តេជ្ញាចិត្តនៅជាមួយកិច្ចព្រមព្រៀង នុយក្លេអ៊ែរ

អឺរ៉ុបៈ រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់ លោក មហាម៉ាដ ចាវ៉ាដហ្សារីហ្វ បាននិយាយថា ប្រទេសមហាអំណាចអឺរ៉ុប ត្រូវតែផ្តល់ការធានាយ៉ាងម៉ឺងម៉ាត់ដល់អ៊ីរ៉ង់ថា រដ្ឋាភិបាលតេអេរ៉ង់ នឹងទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចពីកិច្ចព្រមព្រៀងមួយនេះ និងរដ្ឋមួយនេះ បានធ្វើការព្រមានផងដែរថា មានពេលវេលាមិនច្រើនប៉ុន្មាននោះទេ សម្រាប់ពួកគេឲ្យផ្តល់ការធានាទាំងអស់នេះ។ ពេលធ្វើដំណើរមកដល់សម្រាប់ជំនួបជាមួយសមភាគីអឺរ៉ុប អាល្លឺម៉ង់ អង់គ្លេស និងបារាំង លោក ហ្សារីហ្វ បាននិយាយថា គេនឹងបន្តមើលឃើញកិច្ចព្រមព្រៀងនេះ បើសិនជាប្រទេសហត្ថលេខីសេសសល់ទាំងអស់ អាចផ្តល់អត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងអ៊ីរ៉ង់ និងប្រទេសមហាអំណាចពិភពលោកទាំង៦ បានដកចេញទណ្ឌកម្មអន្តរជាតិភាគច្រើន កាលពីឆ្នាំ២០១៦ ដើម្បីជាការដោះដូរសម្រាប់ឲ្យទីក្រុងតេអេរ៉ង់ ទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ក្រោមការឃ្លាំមើលយ៉ាងដិតដល់បំផុតពីអង្គការសហប្រជាជាតិ លើការស្តុកទុកសារធាតុអ៊ុយរ៉ានីញ៉ូម ដែលចម្រាញ់រួច សម្រាប់គ្រាប់បែកអាតូមិក៕

លោកជំទាវ ម៉ែន សំអន ៖ ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋនិងជាកម្លាំងដឹកនាំចរិយាធម៌សង្គម ឲ្យមនុស្សគ្រប់រូប ដើរតាមផ្លូវល្អ និងជាស្នូលមួយដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ

ភ្នំពេញ៖​  លោកជំទាវ ម៉ែន សំអន. ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាង សម្ដេចកិតិ្ដព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបញ្ជាក់ថា៖ ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋនិងជាកម្លាំងដឹកនាំចរិយាធម៌សង្គម ឲ្យមនុស្សគ្រប់រូប ដើរតាមផ្លូវល្អ  មិនតែប៉ុណ្ណោះ ព្រះពុទ្ធសាសនា ក៍ត្រូវចូលរួមបំពេញកុសលទាំងឡាយ ដើម្បីជាគុណ ប្រយោជន៍ដល់ការថែរក្សា ការពារ សេចក្តីសុខសន្តិភាព ស្ថេរភាព សាមគ្គីភាព ក្តីសង្ឃឹម លើកស្ទួយ ការកសាងជាតិឆ្ពោះទៅរកសេចក្តីថ្កុំថ្កើងរុងរឿង សម្បូរ សប្បាយ។ លោកជំទាវ សំអន  បានបញ្ជាក់បែបនេះ ខណៈលោកជំទាវ ចូលរួមជាអធិបតីភាព ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តសិរីបាវិត ស្ថិតនៅភូមិជ័យកំពក ឃុំជ័យកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែងកាលពីថ្ងៃសៅរ៍ ០៥កើត ខែជេស្ឋ ឆ្នាំចសំរឹទ្ធិ ស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ ។

      លោកជំទាវ ម៉ែន សំអន បានបញ្ជាក់ថា៖សម្តេចទាំងពីរ គឺជាពុទ្ធសាស្ដ្រ តម្ដល់ឧត្ដមដ៏ថ្លៃថ្លា ក្នុងសតវត្សទី២១នេះ ដោយបានប្រែក្លាយពី ប្រទេសដែលពោរពេ​ញ​​ទៅដោយសង្រ្គាម មកជាប្រទេសដែលមានការ អភិវឌ្ឍ លើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនា និងជំនឿសា​ស​នា ​ក៏ត្រូវបានរស់ឡើងវិញផងដែរ ដែ​ល​អាចឱ្យប្រជាពលរដ្ឋ មានសិទ្ធិធ្វើបុ​ណ្យទៅតាមបំណងប្រាថ្នារៀងៗខ្លួន ស្រ​ប​តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ពុទ្ធបរិស័ទ ទាំងអស់ មេត្តាចូលរួមបំពេញកុសលទាំងឡាយ ដើម្បីជាគុណ ប្រយោជន៍ដល់ការថែរក្សា ការពារ សេចក្តីសុខសន្តិភាព ស្ថេរភាព សាមគ្គីភាព ក្តីសង្ឃឹម លើកស្ទួយ ការកសាងជាតិ ឆ្ពោះទៅរកសេចក្តីថ្កុំថ្កើងរុងរឿង សម្បូរ សប្បាយ។

        លោកជំទាវបានបញ្ជាក់ថា៖ ការពង្រឹងគុណ ភាពលើអភិបាលកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងជួរមន្ត្រីសង្ឃ ត្រូវផ្សាភ្ជាប់នឹងបច្ចេកវិទ្យាទំនើប ដើម្បីកិច្ចការសាសនា សណ្តាប់ធ្នាប់ល្អ ធានាបាន នូវសាមគ្គីភាពក្នុងជួរពុទ្ធសាសនា ជាប្រការសំខាន់បំផុត។  តាមរយៈព្រះពុទ្ធិកសិក្សា ប្រទេសជាតិ យើងទទួល បាន នូវអ្នកមានចំណេះដឹងជាច្រើន ជាពហុស្សូត ដែលជាសសរទ្រូងដ៏រឹងមាំរួម ចំណែកថែរក្សា ការពារវប្បធម៌ ប្រពៃណីជាតិ អរិយធម៌ តាមគន្លងព្រះធម៌ ដែលជាអត្តសញ្ញាណជាតិកម្ពុជាយើង ហើយការយកចិត្តទុកដាក់ ចំពោះពុទ្ធិកសិក្សាជាការចាំបាច់ដែលត្រូវពង្រឹក ពង្រឹងពីទីក្រុង រហូតដល់ជនបទ។

    លោកជំទាវ ម៉ែន សំអន បានបញ្ជាក់ថា ៖ ចាប់ពីពេលនេះទៅ ជាឱកាសដ៏ល្អសម្រាប់ប្រជាជាតិកម្ពុជាយើងរួមគ្នាយ៉ាងជិតស្និទ្ធរក្សាការពារ ដើម្បីសេចក្តីសុខសាន្តជូនសង្គមជាតិ ដោយប្រកាន់យកព្រះពុទ្ធឱវាទជាប្រទីបបំភ្លឺផ្លូវសម្រាប់អប់រំចរិយាធម៌ និងស្មារតី ជម្រុះចោលនូវការលោភលន់ ការច្រណែននិន្ទា គំនុំ និងអំពើរហិង្សាជាដើម។

      លោកជំទាវក៏បានថ្លែងនូវការសរសើរចំពោះពុទ្ធសាសនា ទាំងបុព្វជិត ទាំងគ្រហស្ថ ដែលខិតខំប្រណិបត្តិខ្លួនឯងផង ជួយអប់រំពុទ្ធបរិស័ទ សមស្របតាមលំអានខ្លឹមសារក្នុងព្រះត្រៃបិដក ដែលជាព្រះធម៌របស់ព្រះសម្មាស ម្ពុទ្ធ។ ទន្ទឹមនេះជនរួមជាតិខិតខំសំអាតកាយវាចាជម្រះនូវសេចក្តី សៅហ្មងទាំងឡាយធ្វើដំណើរតាមគន្លងព្រះធម៌ មានសេចក្តីជ្រះថ្លា ប្រមូលផ្តុំកម្លាំងកសាង អរិយធម៌ វប្បធម៌ ប្រជាធិបតេយ្យ សេរីពហុបក្ស តាមគោលការណ៍នីតិរដ្ឋ ៕

ចាប់ពីថ្ងៃ១មិថុនាទៅ កម្មករដែលដួលសន្លប់ដោយសារហេតុផលទាំងនេះ [. . .] មិនត្រូវចាត់ទុកថាជាគ្រោះថ្នាក់ការងារទេ ! ហើយករណីនេះត្រូវ , , ,

ភ្នំពេញ) បេឡាជាតិរបបសន្តិសុខសង្គម ប.ស.ស បានប្រកាសថា រាល់ស្ថានភាពរបស់កម្មករនិយោជិត ដែលមានអាការៈ ខ្សោយ វិលមុខ ទន់ដៃទន់ជើង ញ័រទ្រូង ពិបាកដកដង្ហើម និងថប់អារម្មណ៍ ដែលបណ្តាលមកពីខ្វះជាតិស្ករ ក្នុងឈាម ឬខ្វះសារធាតុអ៊ីយ៉ុងក្នុងឈាម មានដូចជា កាល់ស្យូម សូដ្យូម ប៉ូតាស្យូម ម៉ាញ៉េស្យូម ដែលជាទូទៅ និយោជក ឬកម្មករនិយោជិត យល់ថា ជាស្ថានភាពសន្លប់ជាបុគ្គល ក្នុងកន្លែងធ្វើការ ឬម៉ោងធ្វើការ ហើយចាត់ទុកថា ករណីបែបនេះ ជាគ្រោះថ្នាក់ការងារ។


ក៏ប៉ុន្តែក្នុងសេចក្តីជូនដំណឹង ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទតួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម បានគូសបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ រាល់ស្ថានភាពរបស់កម្មករ និយោជិត ដូចបានរៀបរាប់ខាងលើ ប.ស.ស ចាត់ទុកថា ជាបញ្ហាសុខភាពផ្ទាល់ខ្លួនរបស់បុគ្គល មិនមែនបណ្តាលមកពីការងារ ឬបរិយាកាសកន្លែងធ្វើការទេ។ ដូច្នេះកម្មករ និយោជិតទាំងអស់ ត្រូវទទួលការព្យាបាល និងថែទាំវេជ្ជសាស្ត្រ ក្រោមរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពវិញ។
ប.ស.ស ក៏បានបន្ថែមថា ក្នុងករណីមានកម្មករ និយោជិត សន្លប់ច្រើននាក់ ឬសន្លប់តៗគ្នា នៅក្នុងសហគ្រាស គ្រឹះស្ថាន ដែលបណ្តាលមកពីបរិយាកាសក្នុង និងក្រៅ សហគ្រាសគ្រឹះស្ថាន ឬតានតឹងអារម្មណ៍ ភ័យស្លន់ស្លោ តៗគ្នា។ល។ បេឡាជាតិរបបសន្តិសុខសង្គម ចាត់ទុកថា ជាគ្រោះថ្នាក់ការងារ និងទទួលបានការព្យាបាល និងថែទាំវេជ្ជសាស្ត្រ ក្រោមរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ។
ប.ស.ស ក៏បានតម្រូវឲ្យនិយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ត្រូវមានកាតព្វកិច្ចបញ្ជូនកម្មករ និយោជិតរបស់ខ្លួន ទៅសង្គ្រោះបឋម នៅគិលានដ្ឋានសហគ្រាសរបស់ខ្លួន ឬទៅមូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាមួយប.ស.ស។
បេឡាជាតិរបបសន្តិសុខសង្គម ប.ស.សបានប្រកាសថា កាលពីឆ្នាំ២០១៧ មានកម្មករ និយោជិត ដួលសន្លប់ចំនួន ១.១៦០ នាក់។ ចំនួនកម្មករកាត់ដេរដួលសន្លប់នេះ បានថយចុះ បើធៀបនឹងឆ្នាំ២០១៦។ កម្មករកាត់ដេរ ដួលសន្លប់ ថយចុះនៅឆ្នាំ២០១៧ ដោយសារតែក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំដល់រោងចក្រ ត្រូវរៀបចំដាក់ឱ្យដំណើរការប្រព័ន្ធខ្យល់ចេញចូលឱ្យបានត្រឹមត្រូវ ទុកដាក់សម្ភារៈ និងវត្ថុធាតុដើម ឱ្យមានសណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជាពិសេសត្រូវដាក់ឱ្យមានឧបករណ៍ស្តង់កម្ដៅនៅកន្លែងធ្វើការ ដើម្បីងាយស្រួលក្នុងការតាមដាន ការវិវត្តន៍នៃកម្ដៅនៅក្នុងរោងចក្រ ជាដើម។
ជាមួយគ្នានោះ របាយការណ៍របស់បេឡាជាតិរបបសន្តិសុខសង្គម ប.ស.ស ដែលចំណុះឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញថា មូលហេតុ នាំឲ្យមានកម្មករកាត់ដេរ ដួលសន្លប់ នៅក្នុងរោងចក្រ សហគ្រាស ដោយសារមកពីបញ្ហាក្លិនគីមី នៅក្នុងរោងចក្រ ទីតាំងរោងចក្រ មិនមានបរិយាកាសល្អ ចង្អៀត ផ្នែកចិត្តសាស្ត្រសង្គម ករណីកម្មករស្លុតដួលតាមគ្នា បញ្ហាមេកានិច ស្របពេលសុខភាពកម្មករមានសភាពទន់ខ្សោយ ដោយសារការសម្រាកមិនគ្រប់គ្រាន់ ការហូបអាហារមិនទៀងទាត់ និងអាហារគ្មានជីវជាតិ ជាដើម។
ចុងក្រោយនេះ កាលពីដើមឆ្នាំ២០១៨ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានដាក់បញ្ជា ណែនាំឲ្យក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធ បង្កើតក្រុមការងារ ហើយសិក្សា ស្រាវជ្រាវពីករណីកម្មករកាត់ដេរ ដួលសន្លប់ នៅពេលធ្វើការ នៅក្នុងរោងចក្រសហគ្រាស ដើម្បីស្វែងរកដំណោះស្រាយ។ ប៉ុន្តែមកដល់ខែឧសភា ឆ្នាំ២០១៨ នេះ ការសិក្សាស្រាវជ្រាវនោះ មិនទាន់ចេញជាលទ្ធផលបែបណានៅឡើយទេ៕

រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកការដ្ឋានស្ពានថ្មើរជើងនាងគង្ហីង នឹងចាប់ផ្តើមស្ទូចតម្លើងគ្រោងដែកតួស្ពានជំហានទី៣ នៅយប់ថ្ងៃទី១៨ នេះ

(ភ្នំពេញ)នៅយប់ថ្ងៃទី១៨ខែឧសភាឆ្នាំ២០១៨ វេលាម៉ោង ២១:០០ ដល់ម៉ោង ៥:០០ទៀបភ្លឺ ការដ្ឋានស្ពានថ្មើរជើងនាងគង្ហីង នឹងចាប់ផ្តើមស្ទូចតម្លើងគ្រោងដែកតួស្ពានជំហានទី៣ កាត់ទទឹងខាងលើមហាវិថី ហ្សាលដឺហ្គោល ទីតាំងភ្ជាប់ពីចិញ្ចើមផ្លូវមុខហាង Kawasaki ទៅចិញ្ចើមផ្លូវមុខស្ថានីយ៍ប្រេងកាល់តិច។
ដើម្បីសុវត្ថិភាព និងបង្ការក្រែងមានគ្រោះថ្នាក់ដល់អ្នកដំណើរជាយថាហេតុ ការដ្ឋាននឹងបិទចរាចរឆ្លងកាត់ក្នុងរយៈពេលខាងលើ។


អាស្រ័យហេតុនេះ សូមបងប្អូនដែលធ្វើដំណើរឆ្លងកាត់ទីតាំងការដ្ឋាននៅវេលាយប់នេះ សូមមេត្តាយោគយល់អធ្យាស្រ័យ និងពង្វាងចរាចរដោយសេចក្តីអនុគ្រោះ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ស្វាគមន៍ចំពោះការមកដល់នៃអ្នកទេសចរចិន

 កាលពីឆ្នាំ២០១៧ ការមកដល់នៃភ្ញៀវទេសចរអន្តរជាតិមានប្រមាណជាង ៥.៦លាននាក់ បានមក
ទស្សនាប្រាសាទបុរាណនានា ព្រមទាំងសម្រាកនៅតំបន់អេកូទេសចរណ៍នៅកម្ពុជា ដែលក្នុងនោះ មានភ្ញៀវទេសចរចិន ចំនួនជាង ១.២លាននាក់ ឈរក្នុងលំដាប់ថ្នាក់លេខ១ ក្នុងចំណោមទេសចរបរទេស។ នេះជាការ លើកឡើងរបស់ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តីក្នុងឱកាសបើកវេទិកាកំពូលទេសចរណ៍កម្ពុជា-ចិនលើកទី១ ក្រោមប្រធានបទៈ ការចាប់យកកាលានុវត្តភាពនៃការអភិវឌ្ឍវិស័យទេសចរណ៍នៅលើផ្លូវសូត្រ នាសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ។
ឯកឧត្តមបានបញ្ជាក់ថា វិស័យទេសចរកម្ពុជាបានរួមចំណែកប្រមាណ ១៣% នៃផលិតផលក្នុងស្រុកសរុប តំណាងឲ្យប្រមាណ៣០% នៃវិស័យសេវាកម្ម បានបង្កើតការងារប្រមាណជាង ២លាននាក់ ហើយតាមការព្យាករណ៍ កម្ពុជានឹងទទួលបានភ្ញៀវអន្តរជាតិប្រមាណប្រមាណ ៧លាននាក់ នៅឆ្នាំ២០២០ ដែលក្នុងនោះនឹងមានទេសចរណ៍ចិនចំនួន ២លាននាក់។
ឯកឧត្តមយល់ថា វិស័យទេសចរណ៍រវាងកម្ពុជា-ចិន ក៏ស្ថិតនៅក្នុងគំនិតផ្តួចផ្តើមជាយុទ្ធសាស្រ្ត «ខ្សែក្រវាត់ និង ផ្លូវ » ដែលជាគំនិតផ្តួចផ្តើមវិសេសវិសាលបំផុតរបស់ ឯកឧត្ដម ស៊ី ជីន ពីង ប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិនផងដែរ។ វិស័យទេសចរណ៍ ក៏ជាការផ្លាស់ប្តូរប្រជាជនកម្ពុជា និងចិន ក្នុងក្របខ័ណ្ឌ «ខ្សែក្រវាត់ និងផ្លូវ » ធ្វើឲ្យប្រជាជនយើងកាន់តែយោគយល់គ្នា ស្រឡាញ់គ្នា និងទៅមករកគ្នា។
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់ថា ក្នុងក្របខណ្ឌនៃគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់ និងផ្លួវនេះ» យើងបន្តរួមគ្នា បើកចំហរឱ្យកាន់តែទូលំទូលាយថែមទៀតផ្តើមចេញពីផ្លែផ្កានៃការតភ្ជាប់ និងការសម្រួលការធ្វើដំណើរទេសចរណ៍។


ក្នុងឱកាសនេះឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងឯកឧត្តម ទូ ជាំង អនុរដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងទេសចរណ៍ចិនបានចាត់ទុកវេទិកាទេសចរណ៍កម្ពុជា-ចិនលើកទី១ ក្រោមប្រធានបទៈ ការចាប់យកកាលានុវត្តភាពនៃការអភិវឌ្ឍវិស័យទេសចរណ៍នៅលើផ្លូវសូត្រ នាពេលថាមានសារសំខាន់ក្នុងការធ្វើ កិច្ចការរួមគ្នាដើម្បីភាពលូតលាស់នៃវិស័យទេសចរណ៍រវាងប្រទេសជាតិទាំងពីរកម្ពុជា ចិន ជាពិសេសការជំរុញ អ្នកទេសចរចិនឱ្យមកទស្សនាកម្ពុជា និងទេសចរកម្ពុជាទៅទស្សនានៅប្រទេសចិនស្របតាមស្មារតីនៃកិច្ចប្រជុំ រវាងកម្ពុជា ចិនកាលពីព្រឹកមុិញស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា ចិនលើវិស័យទេសចរណ៍ ដោយក្នុងកិច្ច ប្រជុំនេះភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់ ដើម្បីស្វែងរកមធ្យោបាយក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិ បត្តិការរយៈពេលវែងឱ្យកាន់តែសុីជម្រៅក្នុងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរកម្ពុជា ចិន។

វេទិកានេះនឹងមានការពិភាក្សាលើប្រធានបទសំខាន់ៗចំនួន៤ រួមមាន៖ ទី១ .ការពិភាក្សាអំពីនវានុវត្តភាពក្នុងឧស្សាហកម្មទេសចរណ៍កម្ពុជា តាមរយៈគោលនយោបាយគាំទ្រការវិនិយោគ និងការអភិវឌ្ឍផលិតផលទេសចរណ៍ប្រកបដោយភាពច្នៃប្រឌិត។ ទី២.ផ្តោតការពិភាក្សាគ្នាលើដំណើរផ្លូវឆ្ពោះទៅរកការរីកចម្រើន និងវឌ្ឍនភាពសេដ្ឋកិច្ច-សង្គម ក្នុងពេលបច្ចុប្បន្ន ក៏ដូចជាឆ្ពោះទៅឆ្នាំ២០៣០ តាមរយៈកំណើននៃភ្ញៀវទេសចរចិន។ ទី៣. ពិភាក្សាលើការបង្កើនកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយទេសចរណ៍រួមគ្នារវាងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយ ដោយត្រូវពង្រឹង និងពង្រីកការផ្សព្វផ្សាយតាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ ពិសេសការប្រើប្រាស់បច្ចេកវិទ្យាទំនើប និង
ទី៤. វេទិកានឹងផ្តោតលើការជម្រុញការតភ្ជាប់ និងការសម្រួលការធ្វើដំណើរ ដើម្បីបង្កើនលំហូរទេសចរទៅវិញទៅមករវាងប្រទេសយើងទាំងពីរ ដោយត្រូវបង្កើនការហោះហើរតភ្ជាប់ រវាងគោលដៅនានាឱ្យកាន់តែច្រើនថែមទៀត នៅក្នុងក្របខណ្ឌនៃការអនុវត្តគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់ និងផ្លូវ” បន្តការពង្រឹងសេវាកម្មពេលមកដល់ តាម
រយៈការសម្រួលទិដ្ឋាការ បែបបទចេញ-ចូល ពិសេសការសម្រួលការមកដល់របស់ទេសចរចិននៅតាមអាកាសយានដ្ឋានអន្តរជាតិ និងច្រកទ្វារអន្តរជាតិនានា៕

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ព្រមានដល់ លោក គីម ជុងអ៊ុន៖ អាចមានវាសនា ដូចជាអតីតមេដឹកនាំលីប៊ី លោក ហ្គាដាហ្វី

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានធានា​ចំពោះមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ថា​នឹងអាចបន្ត​កាន់អំណាច បើសិនជាយល់ព្រម​បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ។ នេះបើ​តាមការ ចេញផ្សាយ​ដោយ​សារព័ត៌មាន Al Jazeera នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១៨។

 ប៉ុន្តែទន្ទឹមគ្នា លោក ត្រាំ ក៏បានព្រមាន​ដែរថា លោក គីម អាចនឹង​បញ្ចប់​វាសនា ដូចជាអតីត​មេដឹកនាំលីប៊ី លោក មួអាមម៉ា ហ្គាដាហ្វី (Muammar Gaddafi) ក្នុងករណីមិន​បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ។ នេះបើ​តាមការ ចេញផ្សាយ​ដោយ​សារព័ត៌មាន Al Jazeera នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១៨។

 ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បី​ឱ្យជំនួបជាមួយ​លោក គីម ជុងអ៊ុន ធ្វើឡើងតាម​ការគ្រោងទុក លោក ដូណាល់ ត្រាំ បាននិយាយ​នៅថ្ងៃព្រហស្បតិ៍ (ពេលវេលានៅ​អាមេរិក) ថា កូរ៉េខាងជើងនឹង​ទទួលបានការការពារ​យ៉ាងរឹងមំា បើសិនជាជំនួបកំពូលដំណើរការទៅ ប្រកបដោយជោគជ័យ។ «គាត់ (លោក គីម) អាចបន្តស្ថិត​នៅក្នុងប្រទេស និងដឹកនាំប្រទេស​របស់គាត់។ ប្រទេសរបស់គាត់នឹងសម្បូរ ហូរហ៊ារ» នេះគឺជាការលើកឡើង​របស់លោក ត្រាំ ប្រាប់ទៅកាន់​ក្រុមអ្នកសារព័ត៌មាន។

President Donald Trump and German Chancellor Angela Merkel during a news conference in the East Room of the White House in Washington, Friday, April 27, 2018. (AP Photo/Susan Walsh)

 ប៉ុន្តែ​ប្រធានាធិបតី​អាមេរិក​រូបនេះ ក៏បានព្រមានផងដែរថា បើសិនជា​កិច្ចចរចា​បរាជ័យ លោក គីម ជុងអ៊ុន អាចនឹងជួប​ជោគវាសនា​ឈឺចាប់ដូចអតីតមេដឹកនាំ​លីប៊ី លោក Muammar Gaddafi ដែលត្រូវក្រុម​ឧទ្ទាមគាំទ្រ​ដោយ​សហរដ្ឋអាមេរិក ទម្លាក់ពីអំណាច និងបាញ់សម្លាប់ចោលកាលពី​ឆ្នាំ២០១១។ «ជោគវាសនា​ឈឺចាប់ដូច​ប្រទេសលីប៊ី បង្ហាញថា តើអ្វីនឹងត្រូវកើតឡើង បើសិនជា​យើងមិនអាច​ធ្វើកិច្ចចរចា​មួយទេនោះ»។នេះគឺជាការ​ព្រមានរបស់លោក ដូណាល់ ត្រាំ។ តែយ៉ាង​នេះក្ដី លោកបញ្ជាក់​ថា គំរូដូចប្រទេសលីប៊ី​មិនមែនជាអ្វីដែល​ចង់ប្រើជាមួយ​កូរ៉េខាងជើង​ឡើយ។

 សូមបញ្ជាក់ថា ការលើកឡើង​របស់លោក ដូណាល់ ត្រាំ ធ្វើឡើងបន្ទាប់ពី​កូរ៉េខាងជើង បានព្រមានលុបចោល​ជំនួបកំពូល​រវាងលោក និងលោក គីម ជុងអ៊ុន ដែលគ្រោង​​នឹង​ធ្វើឡើង​នៅថ្ងៃទី១២ ខែមិថុនាខាងមុខនេះ ក្នុងប្រទេស​សិង្ហបុរី ដោយចោទ​ទីក្រុងវ៉ាស៊ីនតោនថា នៅតែបង្ខំឯកតោភាគីឱ្យកូរ៉េខាងជើង​ បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ ជាពិសេស​គឺការធ្វើសមយុទ្ធយោធា​ជាមួយ​កូរ៉េខាងត្បូង៕

ព្រឹទ្ធសភាបារាំងជួយលើកកម្ពស់ឲ្យកម្ពុជាប្រើភាសាបារំាងនៅកម្ពុជា ហើយពិសេសក្នុងវិស័យរដ្ឋសភា ព្រឹទ្ធសភាពង្រឹងទំនាក់ទំនងមិត្តភាពនៃប្រទេសទាំងពីរ

(ភ្នំពេញ) ដោយមានកិច្ចសហការរៀបចំដោយ ​ក្រុម​សភា​ជាតិ​កម្ពុជា​នៃសភានិយាយ ភាសាបារំាង និងកម្មវិធីណូរីយ៉ា(Noria-APF) បានរៀប​ចំ​សិក្ខាសាលា​សភា ស្តីពី “​ហ្រ្វង់កូហ្វូនី ភាសាបារំាង និងការងារសភា” រយៈពេលពីរថ្ងៃ គឺថ្ងៃទី១៧ និងថ្ងៃ​ទី១៨ ខែឧសភា ឆ្នាំ២០១៨ នៅសណ្ឋាគារ Raffles Le Royal ក្នុងរាជធានីភ្នំពេញ។
ឯកឧត្តម យូ ហុកគ្រី អនុប្រធានទី១នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា នៃសភា​និយាយ​ភាសាបារំាង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសិក្ខាសាលា នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ។


ឯកឧត្តម ឡេងប៉េងឡុងអគ្គលេខាធិការរដ្ឋសភា មានប្រសាសន៏លើកឡើងថា៖
សិក្ខាសាលានេះមានការចូលរួមពីសំណាក់សមាជិកព្រឹទ្ធសភាបារាំងដែលជាការបន្តពង្រឹងទំនាក់ទំនងមិត្តភាពនៃប្រទេសទាំងពីរ ។
ឯកឧត្តម បានបញ្ជាក់ទៀតថា;ឆ្លើយតបនិងការរីកធំធាត់នៃភាសាអង់គ្លេសទើបមានការពង្រីកតួនាទីភាសាបារាំងនៅកម្ពុជា ឲ្យកាន់តែរីកចម្រើននៅកិច្ចការសភា ព្រឹទ្ធសភានិងការងារបច្ចេកទេស នានាទៀត។


នាឱកាសសិក្ខាសាលានោះដែរឯកឧត្តមយូ ហុកគ្រី អនុប្រធានទី១រដ្ឋសភាកម្ពុជា មានប្រសាសន៏បញ្ជាក់ថា៖ក្នុងនាមក្រុមសភាជាតិកម្ពុជា និយាយភាសាបារាំង
បានធ្វើទំនាក់ទំងជាប្រចាំជាមួយហ្វ្រង់កូហ្វូនី ។គោលបំណងសិក្ខាសាលានេះឆ្លើយតបនិងប្រទេសនិយាយភាសាបារាំង។
ភាសាបារាំងគឺជាវិចទ័រសម្រាប់កំរិតឧត្តមសិក្សា និងសិក្សាស្រាវជ្រាវកិច្ចនៅរដ្ឋសភា និងរួមចំណែកសម្រាប់ការអភិវឌ្ឍសេដ្ឋ កិច្ចនិងពង្រឹងការប្រើភាសាបារាំង តាម រយៈការបង្កើតជំនាញថ្មីៗនៅកម្ពុជា ដើម្បីឆ្លើយតបនិងតួអង្គដែលចង់បាន និងការអភិវឌ្ឍន៏ប្រកបដោយចីរភាព។


គោលបំណងនៃសិក្ខាសាលានេះ គឺលើក កម្ពស់ការប្រើប្រាស់ភាសាបារំាងនៅកម្ពុជា ពិ​សេស​ក្នុងវិស័យ សភានេះ ហើយក៏នឹងពិភាក្សាលើប្រធានបទមួយចំនួនដូចជា លំហរនៃប្រទេសនិយាយ​ភាសាបារាំងកាលា-នុវត្តភាព អន្តរជាតិសម្រាប់សភាកម្ពុជា, ភាសាបារាំង វ៉ិចទ័រការងារការទូតសភា និងឧបករណ៍នៃការផ្លាស់ប្តូរ ផ្នែកសេដ្ឋកិច្ច ផ្នែកឧត្តមសិក្សា និងផ្នែកវប្បធម៌, កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ចរវាងក្រុមប្រទេសនិយាយ ភាសាបារាំង និងប្រទេសសមាជិកអាស៊ាន(ASEAN), ភាសាបារាំង មធ្យោបាយការងារសភា, ភាសាបារាំង និងការវិវត្តវិជ្ជាជីវៈរបស់មន្រ្តីសភាកម្ពុជា។

សិក្ខាសាលានេះ មានការចូលរួមពី សមា ជិកសមាជិកាព្រឹទ្ធសភារដ្ឋសភា វាគ្មិនជាតិ អន្តរជាតិ តំណាងមកពី ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការបរទេស និងសហប្រតិ​បត្តិការ​អន្តរជាតិ វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា ដេប៉ាតឺម៉ង់ភាសាបារាំងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យា ស្ថាន​បច្ចេក​វិទ្យា​កម្ពុជា ទីភ្នាក់​ឧត្តម​សិក្សានៃប្រទេសប្រើភាសាបារាំង(AUF) អង្គការអន្តរជាតិ​ហ្រ្វង់កូហ្វូនី(OIF) និង​មន្រ្តី​អគ្គ​លេខា​ធិ-ការដ្ឋានព្រឹទ្ធសភានិងរដ្ឋសភា ​ដែលធ្លាប់​សិក្សាភាសាបារាំង​ក្នុង​គម្រោង​ជំនួយ​របស់​កម្មវិធីណូរីយ៉ា(Noria) នឹងចូលរួមជាវាគ្មិន ចែករំលែកបទពិសោធន៍ និង​ទទួល​​យកចំណេះដឹងថ្មីៗ ពី​គ្នា​ទៅវិញទៅមក៕

 

ព្រោះតែជីវភាពខំទៅធ្វើការទាំងពីរនាក់ប្តីប្រពន្ធ ទុកកូនស្រីតូចអោយជីតាមើលថែ ដូចទុកអោយរំលោភទាំងពីរនាក់

(កណ្តាល) ៖ ព្រោះតែជីវភាពខំទៅធ្វើការទាំងពីរនាក់ប្តីប្រពន្ធ ទុកកូនស្រីតូចអោយជីតាមើលថែ ដូចទុកអោយរំលោភទាំងពីរនាក់ ហេតុការណ៍រំលោភនេះបានកើតឡើងកាលពីវេលាម៉ោង២៤និង០០នាទីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងផ្ទះជនសង្ស័យ ស្ថិតនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ព្រោះតែភ្លើងនៃអំណាចតណ្ហាក្រាស់បាំងមុខលែងដឹងខុសត្រូវ បុរសវ័យចំណាស់ម្នាក់ បានចាប់រំលោភចៅស្រីខ្លួនឯង រហូតបានសម្រេចទាំង២នាក់ បើទោះបីជានាងស្រែកយំថា ឈឺណាស់តាអើយក៍តាមិនឈប់ដែរ,,,ដោយតាថាបើប្រាប់គេនិងសម្លាប់កាត់ដៃជើង។
ហេតុការណ៍រំលោភនេះបានកើតឡើងកាលពីវេលាម៉ោង២៤និង០០នាទីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងផ្ទះជនសង្ស័យ ស្ថិតនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានគ្នា២នាក់ បងស្រីឈ្មោះ ណ.ត.ល.ហ ភេទស្រី អាយុ១០ឆ្នាំ ចំណែកប្អូនស្រីឈ្មោះ ណ.ត.ល ភេទស្រី អាយុ៦ឆ្នាំ មុខរបរសិស្ស។


ចំណែកជនសង្ស័យឈ្មោះ ឌឹម សុខឿន ហៅ គ្រួអឿន ភេទប្រុស អាយុ៦១ឆ្នាំ ឃាត់ខ្លួន ត្រូវជាជីតា។
សមត្ថកិច្ចបន្តថា បើយោងតាមចំលើយពីកុមារីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ២នាក់បងប្អូន បានដេកនៅផ្ទះជាមួយជនសង្ស័យជាជីតានៅចំណុចខាងលើ,,។
ព្រោះឪពុកម្តាយរបស់នាង រវល់ធ្វើការនៅភ្នំពេញ ដោយផ្ញើឲ្យជីតាមើលខុសត្រូវជំនួស លុះដល់ម៉ោងកើតហេតុខាងលើ ជនសង្ស័យ ជាជីតា បានធ្វើសកម្មភាព ចាប់ស្រាតខោអាវ រំលាភជនរងគ្រោះទី១ ជាបងភ្លាមនោះនាងបានស្រែកទ្រហ៊ោយំ ថា តាអើយឈឺណាស់ៗ,, ហើយជនសង្ស័យបានប្រាប់ថា កុំមាត់ ប្រយ័ត្នអញវ៉ៃនៅឲ្យស្ងៀម ទើបរំលោភរហូតបានសម្រេច។


ជាមួយគ្នានោះ ជនសង្ស័យបានគំរាម បើហ៊ានប្រាប់ម៉ែឯង អញនិងកាត់ដៃ កាត់ជើង ឱ្យដើរសុំទានគេ។
មិនតែប៉ណ្ណោះអីជននេះបានបន្តចាប់រំលាភ កុមារីទី២ជាប្អូនអាយុ៦ឆ្នាំ ទៀត រហូតបានសម្រេច ទាំងដែលនាងស្រែកឈឺនិងយំសោកសៅរ៍។ ក្រោយពេលកើតហេតុ ជនរងគ្រោះ បានប្រាប់ម្តាយឱ្យដឹងពីរឿងហេតុ រួចមកម្តាយបានទៅដាក់ពាក្យប្តឹង នៅប៉ុស្តិ៍រដ្ឋបាលដីឥដ្ឋ ។ ទើបសមត្ថកិច្ចទៅធ្វើការឃាត់ខ្លួនជនសង្ស័យ យកទៅអធិការស្រុក ដើម្បីសួរនាំ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាព ចាប់រំលាភមកលើជនរងគ្រោះ ត្រូវជាចៅមែន។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ចូនខ្លួនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

សាច់ញាតិនារីរងគ្រោះ ក្នុងករណីអ្នកបេីកតាក់សុីរំលេាភសំលាប់យ៉ាងព្រៃផ្សៃ អំពាវនាវរកយុត្តិធម៍

មហាជនពិតជាបានដឹងរួចមកហើយ ករណីរំលោភសំលាប់យ៉ាងសាហាវ ក្នុងពេលកន្លងទៅ ពេលនេះជនរងគ្រោះនៅមិនទាន់ទទួលបានយុត្តិធម៍នៅឡើងទេ។ ខាងក្រោមនេះជាសំដីផ្ទាល់របស់សាច់ញាតិជនរងគ្រោះដែលអង្វរករ អោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មេត្តាជួយរកយុត្តិធម៍អោយពួកគាត់ផង។ តាមសំណេររបស់គាត់ក្នុងបណ្តាញសង្គមបានអោយដឹងថា ៖ សម្ដេច អគ្គមហាសេនាបតីតេជេា ហ៊ុនសែន នាយរដ្ឋមន្ដ្រី នៃព្រះរាជាណចក្រកម្ពជា គ្រួសារខ្ញុំបាទមានទុក្ខយ៉ាងធំ អង្វរសុំអេាយ សម្ដេច ជួយ🙏🙏🙏 02.08.2017 ក្មួយស្រីខ្ញុំបានជិះតាក់សុីពី ព្រះវិហា ទៅធ្វេីការនៅក្រុងបាវិត ហេីយត្រូវបានអ្នកបេីកតាក់សុី រំលេាបសំលាប់យ៉ាងព្រៃផ្សៃ 08.08.2017 សមត្តកិច្ចខេត្តស្វាយរៀងបានចាប់បាននាក់បេីកតាក់សីុ2នាក់ ទី1ឈ្មេាះ ផ្លេក សូនី ហៅមន្នី មានអាយុ32ឆ្នាំ ទី2ឈ្មោះ ឆឺយ សុជាតិ មានអាយុ36ឆ្នាំ មកដល់ពេលនេះ17.05.2018 គឺ10ខែហេីយតុលាកាខេត្តស្វាយរៀងនៅមិនទាន់កាត់ទោសវាទេ ហេីយអ្វីដែលសំខាន់នោះ រយន្ដLexus300 2AL4238ដែលត្រូវជារបស់ឈ្មោះផ្លេក សូនីហៅមន្នីនេះ ពេលនេះត្រូវបានគេដកយកទៅលក់បាត់ហេីយ មិនត្រឹមតែប៉ុននឹងទេវាបានរកមេធាវី កាពាក្តី មេធាវីខាងឈ្មោះ ផ្លេក សូនី ហៅមន្នីនេះបានសុំពន្យាពេលកាត់ទោសអស់ពីដងហេីយ ដោលេាកមេធាវីវាឆ្លេីយថាភស្តុតាងមិនគ្រប់គ្រាន់
សូម សម្ដេច ជួយរកយុត្តិធម៌ដល់គ្រួសារខ្ញុំផង កុំអោយមនុស្សអាក្រក់ដូចវារួចពីសំណាញ់ច្បាប់អី៕