រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកការដ្ឋានស្ពានថ្មើរជើងនាងគង្ហីង នឹងចាប់ផ្តើមស្ទូចតម្លើងគ្រោងដែកតួស្ពានជំហានទី៣ នៅយប់ថ្ងៃទី១៨ នេះ

(ភ្នំពេញ)នៅយប់ថ្ងៃទី១៨ខែឧសភាឆ្នាំ២០១៨ វេលាម៉ោង ២១:០០ ដល់ម៉ោង ៥:០០ទៀបភ្លឺ ការដ្ឋានស្ពានថ្មើរជើងនាងគង្ហីង នឹងចាប់ផ្តើមស្ទូចតម្លើងគ្រោងដែកតួស្ពានជំហានទី៣ កាត់ទទឹងខាងលើមហាវិថី ហ្សាលដឺហ្គោល ទីតាំងភ្ជាប់ពីចិញ្ចើមផ្លូវមុខហាង Kawasaki ទៅចិញ្ចើមផ្លូវមុខស្ថានីយ៍ប្រេងកាល់តិច។
ដើម្បីសុវត្ថិភាព និងបង្ការក្រែងមានគ្រោះថ្នាក់ដល់អ្នកដំណើរជាយថាហេតុ ការដ្ឋាននឹងបិទចរាចរឆ្លងកាត់ក្នុងរយៈពេលខាងលើ។


អាស្រ័យហេតុនេះ សូមបងប្អូនដែលធ្វើដំណើរឆ្លងកាត់ទីតាំងការដ្ឋាននៅវេលាយប់នេះ សូមមេត្តាយោគយល់អធ្យាស្រ័យ និងពង្វាងចរាចរដោយសេចក្តីអនុគ្រោះ។

ជម្រើសជាតិកម្ពុជា នៅឈរចំណាត់ថ្នាក់ចំនួនលេខ១៧០ ពោលគឺធ្លាក់ចំណាត់ថ្នាក់២លេខ បើធៀបទៅនឹងខែមេសា កន្លងទៅឈរលេខ១៦៨

កីឡាៈ សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ (FIFA) បាន​បង្ហាញ​តារាង​ចំណាត់​ថ្នាក់​​ក្រុម​បាល់ទាត់​ទាំង​អស់​ជា​សមាជិក​របស់​ខ្លួន (FIFA World Ranking) ដែល​មាន ២០៦ប្រទេស ប្រចាំ​ខែឧសភា ​ឆ្នាំ​២០១៧ នៅ​​ថ្ងៃព្រហស្បតិ៍ ​ទី១៧ ខែឧសភា នេះ​ស្រប​ពេល​ក្រុម​កម្ពុជា នៅ​ឈរ​​ចំណាត់​ថ្នាក់​ចំនួន​​លេខ១៧០ ពោល​គឺ​ធ្លាក់​ចំណាត់​ថ្នាក់​២លេខ បើ​ធៀប​ទៅ​នឹង​ខែ​មេសា កន្លង​ទៅ​ឈរ​លេខ​១៦៨។

 យោង​តាម​វេបសាយ​ fifa.com បាន​បញ្ជាក់​ថា​តារាង​ចំណាត់​ថ្នាក់​នេះ​គិត​ចាប់​ពី​​ថ្ងៃ​ទី១៧ ខែឧសភា រហូត​ដល់​ថ្ងៃ​ទី៧ ខែមិថុនា ឆ្នាំ​២០១៨ ខាង​មុខ។ សរុប​​តារាង​ចំណាត់​ថ្នាក់​​ប្រចាំ​​តំបន់​អាស៊ាន ​ប្រទេស​វៀតណាម ឡើង​មក​ឈរ​កំពូល​តារាង៥ខែ​ជាប់គ្នា​ ដោយ​ឈរ​លេខ​១០២​ពិភពលោក បន្ទាប់​ពី​វ៉ាដាច់​ហ្វីលីពីន នៅ​លេខ​១១១ តាម​ពី​ក្រោយ​ក្រុម​ថៃ ឈរ​លេខ​១២២ពិភពលោក, មីយ៉ាន់ម៉ា លេខ​១៣៥, ឥណ្ឌូណេស៊ី លេខ១៦៤, កម្ពុជា លេខ​១៧០, ម៉ាឡេស៊ី លេខ១៧១, សិង្ហបុរី លេខ​១៧៣, ឡាវ លេខ១៧៩, ទីម័រខាងកើត លេខ១៩០ និង​ប្រ៊ុយណេ លេខ​១៩៥។

 បើ​រាល់​តារាង​ចំណាត់​ថ្នាក់​​ក្រុម​ល្អ​ទាំង​១០ ប្រចាំ​ទ្វីប​អាស៊ី ក្នុង​ខែឧសភា នេះ​មានអ៊ីរ៉ង់ ​ឈរ​លេខ៣៦​ពិភពលោក, ​អូស្រ្តាលី លេខ​៤០, ជប៉ុន លេខ​៦០, កូរ៉េខាងត្បូង ​លេខ៦១, អារ៉ាប៊ីសាអ៊ូឌីត លេខ​៦៧, ចិន លេខ​៧៣, គីហ្ស៊ីស្ថាន លេខ​៧៥, ស៊ីរី លេខ៧៦, អារ៉ាប់រួម លេខ​៨១ និងលីប៉ង់ លេខ​៨២ពិភពលោក។

 សម្រាប់​ចំណាត់​ថ្នាក់​ក្រុម​ខ្លាំង​ជាង​គេ​ប្រចាំ​ពិភពលោក​ក្នុង​ខែឧសភា​ នេះ​មាន​អាល្លឺម៉ង់ ឡើងម​ក​ឈរ​ចំណាត់​ថ្នាក់​លេខ១ ចំនួន៩ខែ​ជាប់​គ្នា​ ខណៈ​​ក្រុម​ប្រេស៊ីល បន្ត​​​ឈរ​​លេខ២ ហើយ​ប៊ែលហ្ស៊ិក ​ឈរ​លេខ​៣​, ព័រទុយហ្គាល់ ធ្លាក់​ទៅ​​​លេខ ៤, ប្រទេស​​អាហ្សង់ទីន ឈរ​​លេខ៥, ស្វីស លេខ​៦ បារាំង លេខ៧, អេស្ប៉ាញ លេខ៨, ឈីលី​ ឡើង​មក​​​លេខ ៩ និងប៉ូឡូង ឈរ​ចំណាត់​ថ្នាក់​​​លេខ​១០៕

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ស្វាគមន៍ចំពោះការមកដល់នៃអ្នកទេសចរចិន

 កាលពីឆ្នាំ២០១៧ ការមកដល់នៃភ្ញៀវទេសចរអន្តរជាតិមានប្រមាណជាង ៥.៦លាននាក់ បានមក
ទស្សនាប្រាសាទបុរាណនានា ព្រមទាំងសម្រាកនៅតំបន់អេកូទេសចរណ៍នៅកម្ពុជា ដែលក្នុងនោះ មានភ្ញៀវទេសចរចិន ចំនួនជាង ១.២លាននាក់ ឈរក្នុងលំដាប់ថ្នាក់លេខ១ ក្នុងចំណោមទេសចរបរទេស។ នេះជាការ លើកឡើងរបស់ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តីក្នុងឱកាសបើកវេទិកាកំពូលទេសចរណ៍កម្ពុជា-ចិនលើកទី១ ក្រោមប្រធានបទៈ ការចាប់យកកាលានុវត្តភាពនៃការអភិវឌ្ឍវិស័យទេសចរណ៍នៅលើផ្លូវសូត្រ នាសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ។
ឯកឧត្តមបានបញ្ជាក់ថា វិស័យទេសចរកម្ពុជាបានរួមចំណែកប្រមាណ ១៣% នៃផលិតផលក្នុងស្រុកសរុប តំណាងឲ្យប្រមាណ៣០% នៃវិស័យសេវាកម្ម បានបង្កើតការងារប្រមាណជាង ២លាននាក់ ហើយតាមការព្យាករណ៍ កម្ពុជានឹងទទួលបានភ្ញៀវអន្តរជាតិប្រមាណប្រមាណ ៧លាននាក់ នៅឆ្នាំ២០២០ ដែលក្នុងនោះនឹងមានទេសចរណ៍ចិនចំនួន ២លាននាក់។
ឯកឧត្តមយល់ថា វិស័យទេសចរណ៍រវាងកម្ពុជា-ចិន ក៏ស្ថិតនៅក្នុងគំនិតផ្តួចផ្តើមជាយុទ្ធសាស្រ្ត «ខ្សែក្រវាត់ និង ផ្លូវ » ដែលជាគំនិតផ្តួចផ្តើមវិសេសវិសាលបំផុតរបស់ ឯកឧត្ដម ស៊ី ជីន ពីង ប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិនផងដែរ។ វិស័យទេសចរណ៍ ក៏ជាការផ្លាស់ប្តូរប្រជាជនកម្ពុជា និងចិន ក្នុងក្របខ័ណ្ឌ «ខ្សែក្រវាត់ និងផ្លូវ » ធ្វើឲ្យប្រជាជនយើងកាន់តែយោគយល់គ្នា ស្រឡាញ់គ្នា និងទៅមករកគ្នា។
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់ថា ក្នុងក្របខណ្ឌនៃគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់ និងផ្លួវនេះ» យើងបន្តរួមគ្នា បើកចំហរឱ្យកាន់តែទូលំទូលាយថែមទៀតផ្តើមចេញពីផ្លែផ្កានៃការតភ្ជាប់ និងការសម្រួលការធ្វើដំណើរទេសចរណ៍។


ក្នុងឱកាសនេះឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងឯកឧត្តម ទូ ជាំង អនុរដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងទេសចរណ៍ចិនបានចាត់ទុកវេទិកាទេសចរណ៍កម្ពុជា-ចិនលើកទី១ ក្រោមប្រធានបទៈ ការចាប់យកកាលានុវត្តភាពនៃការអភិវឌ្ឍវិស័យទេសចរណ៍នៅលើផ្លូវសូត្រ នាពេលថាមានសារសំខាន់ក្នុងការធ្វើ កិច្ចការរួមគ្នាដើម្បីភាពលូតលាស់នៃវិស័យទេសចរណ៍រវាងប្រទេសជាតិទាំងពីរកម្ពុជា ចិន ជាពិសេសការជំរុញ អ្នកទេសចរចិនឱ្យមកទស្សនាកម្ពុជា និងទេសចរកម្ពុជាទៅទស្សនានៅប្រទេសចិនស្របតាមស្មារតីនៃកិច្ចប្រជុំ រវាងកម្ពុជា ចិនកាលពីព្រឹកមុិញស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា ចិនលើវិស័យទេសចរណ៍ ដោយក្នុងកិច្ច ប្រជុំនេះភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់ ដើម្បីស្វែងរកមធ្យោបាយក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិ បត្តិការរយៈពេលវែងឱ្យកាន់តែសុីជម្រៅក្នុងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរកម្ពុជា ចិន។

វេទិកានេះនឹងមានការពិភាក្សាលើប្រធានបទសំខាន់ៗចំនួន៤ រួមមាន៖ ទី១ .ការពិភាក្សាអំពីនវានុវត្តភាពក្នុងឧស្សាហកម្មទេសចរណ៍កម្ពុជា តាមរយៈគោលនយោបាយគាំទ្រការវិនិយោគ និងការអភិវឌ្ឍផលិតផលទេសចរណ៍ប្រកបដោយភាពច្នៃប្រឌិត។ ទី២.ផ្តោតការពិភាក្សាគ្នាលើដំណើរផ្លូវឆ្ពោះទៅរកការរីកចម្រើន និងវឌ្ឍនភាពសេដ្ឋកិច្ច-សង្គម ក្នុងពេលបច្ចុប្បន្ន ក៏ដូចជាឆ្ពោះទៅឆ្នាំ២០៣០ តាមរយៈកំណើននៃភ្ញៀវទេសចរចិន។ ទី៣. ពិភាក្សាលើការបង្កើនកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយទេសចរណ៍រួមគ្នារវាងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយ ដោយត្រូវពង្រឹង និងពង្រីកការផ្សព្វផ្សាយតាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ ពិសេសការប្រើប្រាស់បច្ចេកវិទ្យាទំនើប និង
ទី៤. វេទិកានឹងផ្តោតលើការជម្រុញការតភ្ជាប់ និងការសម្រួលការធ្វើដំណើរ ដើម្បីបង្កើនលំហូរទេសចរទៅវិញទៅមករវាងប្រទេសយើងទាំងពីរ ដោយត្រូវបង្កើនការហោះហើរតភ្ជាប់ រវាងគោលដៅនានាឱ្យកាន់តែច្រើនថែមទៀត នៅក្នុងក្របខណ្ឌនៃការអនុវត្តគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់ និងផ្លូវ” បន្តការពង្រឹងសេវាកម្មពេលមកដល់ តាម
រយៈការសម្រួលទិដ្ឋាការ បែបបទចេញ-ចូល ពិសេសការសម្រួលការមកដល់របស់ទេសចរចិននៅតាមអាកាសយានដ្ឋានអន្តរជាតិ និងច្រកទ្វារអន្តរជាតិនានា៕

តារាចម្រៀងវ័យក្មេង តន់ ច័ន្ទសីមា ជួបគ្រោះថ្នាក់ចរាចរដោយសារបំពានភ្លើងសញ្ញា តែត្រូវបញ្ចប់ដោយសារ , , ,

ភ្នំពេញៈ យុវតីរូបស្រស់ទាំងក្រុមក្នុងនោះរួមមានទាំងកញ្ញា តន់ ច័ន្ទសីមា ដែលជាតារាចម្រៀងវ័យក្មេងផងដែរ បានបើករថយន្តឡិចស៊ីសមួយគ្រឿង ទៅបុកគ្នាជាមួយរថយន្តផ្សេងទៀត ត្រង់ចំណុចផ្លូវបំបែកជា៥ ខាងក្រោយវត្តមហាមន្ត្រី ដែលធ្វើឲ្យរថយន្តរបស់ស្រីស្អាតរួបនោះ ជ្រុលទៅបុករបងវត្តថែមទៀត បណ្តាលឲ្យរថយន្តទាំង២ រងការខូចខាតទាំងសងខាង។
គ្រោះថ្នាក់ចរាចរណ៍មួយនេះ បានកើតឡើងនៅវេលាម៉ោង១២៖៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលេខ២៨៤ កែងផ្លូវលេខ១៧៣ ចំណុចខាងក្រោយវត្តមហាមន្ត្រី ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមសាក្សីឃើញហេតុការណ៍ផ្ទាល់ ប្រាប់ឲ្យភ្នាក់ងារសារព័ត៌មានដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-6487 បើកបរដោយកញ្ញា តន់ ច័ន្ទសីមា ជាតារាចម្រៀងវ័យក្មេង និងរួមដំណើរដោយយុវតីរូបស្រស់ជាច្រើននាក់ទៀត បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៨៤ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនល្មម និងបានបើកឆ្លងកាត់ផ្លូវលេខ១៧៣ ភ្លាមៗនោះក៏ត្រូវរថយន្ត កាមរី ពណ៌ក្រហម មិនចាំស្លាកលេខ ដែលធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៧៣ ទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿន មកបុករថយន្ត ប្រឆិតពីមុខយ៉ាងពេញទំហឹង ហើយធ្វើឲ្យរថយន្ត មិនទាន់អស់ល្បឿន ខ្ទាតទៅបុករបងវត្តថែមទៀត បណ្ដាលរបងវត្តបាក់ជ្រាយថ្មរងខូចខាត។

កញ្ញា តន់ ច័ន្ទសីមា រៀបរាប់​ប្រាប់សមត្ថកិច្ចថា ខ្លួន និងមិត្តភ័ក្តជាច្រើននាក់ទៀត ទើបតែចេញពីពិធីខួបកំណើត ដោយបានបើករថយន្តខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៨៤ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនល្មម និងបានបើកឆ្លងកាត់ផ្លូវលេខ១៧៣ តែបានបំពានស្លាកសញ្ញាចរាចរណ៍ ក៏ត្រូវរថយន្ត កាមរី ដែលធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៧៣ ក្នុងល្បឿនយ៉ាងលឿនមកបុក ទើបនាងមិនទាមទារសំណងអ្វីឡើយ ហើយភាគីម្ខាងទៀត មិនចង់មានរឿងវែងឆ្ងាយដូចគ្នា ក៏បញ្ចប់រឿងនៅកន្លែងកើតហេតុ។ក្រោយពេលកើតហេតុ បន្ទាប់ពីមានការសម្របសម្រួលគ្នាយ៉ាងយូរ និងមានសមត្ថកិច្ចមូលដ្ឋានជួយសម្រួលផងដែរ ទើបភាគីទាំងពីរបានសុំបញ្ចប់រឿង ដោយរៃលុយគ្នាទាំងសងខាងបានចំនួន១៥ម៉ឺនរៀល ជូនសមត្ថកិច្ចមូលដ្ឋាន ទុកប្រគេនព្រះចៅអធិការវត្តមហាមន្ត្រី សម្រាប់ជួសជុលថ្លៃខូចខាតរបងវត្តតិចតួចខាងលើនោះទៅ៕

ឪពុកចុងតណ្ហាក្រាស់ជនជាតិឡាវ ចាប់រំលោភកូនស្រីប្តីមុនអាយុ៩ឆ្នាំបានសំរេចត្រូវចាប់ខ្លួន !

ខេត្តរតនគិរី ៖ ជនសង្ស័យម្នាក់ដែលត្រូវជាឪពុកចុង ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទរំលោភសេពសន្ធវៈបានសម្រេចទៅលើកូនចុង​អាយុ៩ឆ្នាំបញ្ជូនទៅសាលាដំបូងខេត្ត។ហេតុការណ៍ដែលដែលត្រូវជាឪពុកចុងបានធ្វើសកម្មភាពចាប់រំលោភកូនស្រីមានអាយុ៩ឆ្នាំបានសម្រេចនោះ​បានកើតឡើង នៅព្រឹកថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថានៅថ្ងៃទី១៥ខែឧសភាឆ្នាំ២០១៨ ប៉ុស្តិ៍នគរបាលរដ្ឋបាលកាឡែងបាន​ទទួលបណ្តឹងពីឈ្មោះ ជាំ​ ភេត ភេទប្រុស អាយុ៣៥ឆ្នាំជនជាតិទំពួន រស់នៅភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់ (ត្រូវជាអ៊ំបង្កើតរបស់ជនរងគ្រោះ)មកប្ដឹងរាយការណ៍ថានៅថ្ងៃខែ(មិនចាំប្រហែលពីរខែមុន)ក្នុងឆ្នាំ២០១៨នៅចំណុចផ្ទះឈ្មោះ ស្ខូសាន់ដាន់ ស្ថិតក្នុងភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់មានករណីរំលោភសេពសន្ធវៈ​មកលើក្មួយស្រីរបស់គាត់ ។កុមារីរងគ្រោះមានឈ្មោះ ស.ស.ន ដ.ន ភេទស្រី អាយុ៩ឆ្នាំជនជាតិទំពួន​រស់នៅភូមិឃុំខាងលើ។


ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមោះឈ្មោះ​ ស៊ីណាត ខាក ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិ ឡាវ មុខរបរ កសិករ(ត្រូវជាឪពុកចុងរបស់ជនរងគ្រោះ) អ្នកទាំងពីររស់នៅភូមិឃុំកើតហេតុខាងលើ ។បច្ចុប្បន្នជនសង្ស័យខាងលើត្រូវសមត្ថកិច្ចបានឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកលំផាត់ធ្វើកំណត់ហេតុបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

សម្តេចតេជោ បានស្នើឲ្យមានការបកស្រាយលើបញ្ហាថា គ្រាប់មីនស្អុយ ព្រោះកុំឲ្យពលរដ្ឋយល់ច្រឡំ

ភ្នំពេញ ៖ សម្តេចតេជោ បានស្នើឲ្យមានការបកស្រាយលើបញ្ហាថា គ្រាប់មីនស្អុយ ព្រោះកុំឲ្យពលរដ្ឋយល់ច្រឡំ ក្រោយពីមានការលើកឡើងថា គ្រាប់មីននៅកម្ពុជាស្អុយអស់នោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឲ្យមានការបកស្រាយលើបញ្ហាថា គ្រាប់មីនស្អុយ ដែលនឹងនាំឲ្យមានគ្រោះថ្នាក់ ព្រោះបច្ចុប្បន្នអ្នករងគ្រោះដោយសារមីននៅតែកើតមានឡើងនៅទូទាំងប្រទេស។
យោងតាមរបាយការណ៍ ក្នុងសន្និបាតជាតិវិស័យសកម្មភាពមីន ដែលបង្ហាញពីសមិទ្ធផលរយៈពេល២៥ឆ្នាំ នៃវិស័យកម្មភាពមីន បានឲ្យដឹងថា គិតចាប់តាំងពីឆ្នាំ១៩៧៩ ដល់ឆ្នាំ២០១៧ មានប្រជាពលរដ្ឋស្លាប់ និងរបួស ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះ ពីសង្គ្រាមជាង ៦៤.៦៨៨នាក់ ព្រមទាំងបង្កសោកនាដកម្មដ៏ឈឺចាប់ មិនធ្លាប់មានពីមុនមក និងធ្វើឲ្យរាំងស្ទះ ដល់ការអភិវឌ្ឍប្រទេសជាតិផងដែរ ។

សម្តេចតេជោបានថ្លែងក្នុងពិធីបិទសន្និបាតជាតិវិស័យសកម្មភាពមីន និងប្រកាសដាក់ប្រើប្រាស់ផែនការយុទ្ធសាស្រ្តកម្មភាពមីនឆ្នាំ២០១៨-២០២៥ នៅរសៀលព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ថា “តើមានការបកស្រាយណាមួយដែលថា មីននៅកម្ពុជាស្អុយអស់ហើយនោះ ខ្ញុំគ្រាន់តែបានឃើញព័ត៌មានតែប៉ុណ្ណោះ ប៉ុន្ដែប្រសិនបើមានបញ្ហានេះមែន ខ្ញុំសូមស្នើឲ្យមានការកែតម្រូវឲ្យបានច្បាស់ ឬការបកស្រាយឲ្យបានច្បាស់។ ពិតមែនហើយតាមដឹងខ្លះថា ខ្ញុំគ្រាន់តែបានមើលសារព័ត៌មានមុនដែលខ្ញុំចេញដំណើរមកតែប៉ុណ្ណោះថា មានប្រតិកម្មពីអគ្គនាយកស៊ីម៉ាក់ ជាមួយការលើកឡើងរបស់វាគ្មិនខ្លះគ្រាប់មីននៅកម្ពុជា ស្អុយអស់ហើយ”។

សម្ដេចបន្ដថា ទោះបីមានការបកស្រាយយ៉ាងណាក៏ដោយ ការកែច្នៃគ្រាប់មីនដាក់ក្នុងឈើចូលទៅជាមួយ ឈើវាអាចពុកផុយមែន ប៉ុន្ដែជាតិផ្ទុះវាមិនពុករលួយជាមួយនោះទេ ។ បញ្ហានេះ ត្រូវបកស្រាយឡើងវិញ ដើម្បីជៀសវាងការភ័ន្តច្រឡំណាមួយ ក្នុងចំណោមប្រជាពលរដ្ឋ ព្រោះសព្វថ្ងៃ រាជដ្ឋាភិបាលបានបង្កការងាយស្រួល ដើម្បីជៀសវាងកុំឲ្យពលរដ្ឋគ្រោះថ្នាក់ដោយសារតែគ្រាប់មីន។

សម្ដេចបន្ថែមថា សូម្បីតែរើសគ្រាប់ដែលមាននៅសល់ពីសម័យសង្គ្រាម ក៏មិនឲ្យប៉ះពាល់ផង។ នៅតំបន់ខ្លះទៀត ក្រុមការងារស៊ីម៉ាក់បានដោតតម្រុយកំណត់សម្គាល់តំបន់សម័យដែលមានគ្រាប់មីន មិនឲ្យពលរដ្ឋចូលទៅកាន់ទីនោះទេ ហើយស៊ីម៉ាក់បានទប់ស្កាត់ ធ្វើយ៉ាងណាដោះមីនរួច ទើបចែកដីឲ្យពួកគាត់ប្រកបអាជីវកម្មផ្សេងៗ៕

ឧកញ៉ា ហូ ចំរើន ត្រូវចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួន ដាក់ពន្ធនាគារព្រៃសជាបណ្ដោះអាសន្ន

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ លោក កូយ សៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួនឧកញ៉ា ហូ ចំរើន ដាក់ពន្ធនាគារព្រៃសជាបណ្ដោះអាសន្ន ដោយចោទប្រកាន់ពីបទ គំរាមកំហែងថានឹងសម្លាប់ យោងតាមមាត្រា២៣៣ នៃក្រមព្រហ្មទណ្ឌ។

លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ចប់ការសួរនាំឧកញ៉ា ហូ ចំរើន ដោយសម្រេចចោទប្រកាន់ពីបទ គំរាមកំហែងថានឹងសម្លាប់ យោងតាមមាត្រា២៣៣ នៃក្រមព្រហ្មទណ្ឌ ដែលអាចផ្តន្ទាទោសពី៦ ខែទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ទៅ៤លានរៀល។ បន្ទាប់ពីការចោទប្រកាន់រួច លោក សៀង សុខ បានបញ្ជូនទៅដៃដល់ចៅក្រម ដើម្បីបន្តចាត់ការតាមនីតិវិធី។ ក្នុងដំណាក់កាល លោក កូយ សៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីបានសួរដេញដោលហើយបានសម្រេចចេញដីកាឃុំខ្លួនឧកញ៉ា ហូ ចំរើន ដាក់ពន្ធនាគារព្រៃសជាបណ្ដោះអាសន្ន។

ឧត្ដមសេនីយ៍ឯក និងជាឧកញ៉ា ហូ ចំរើន ត្រូវបានកម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួន ពាក់ព័ន្ធការបាញ់បោះសេរីដែលបាញ់គំរាម ប្រពន្ធ ម្តាយនិង ឪពុក ក្មេក នៅក្នុងផ្ទះវិឡាផ្ទាល់ខ្លួន ស្ថិតនៅភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

មន្រ្តីជាន់ខ្ពស់នគរបាលជាតិ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងឲ្យដឹងថា ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ឧកញ៉ា ហូរ ចំរើន ត្រូវបានកម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួន ពាក់ព័ន្ធការបាញ់បោះសេរីប្រហែល៦-៧គ្រាប់ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ នៅក្នុងផ្ទះវិឡាមួយកន្លែង ស្ថិតនៅភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
នៅពេលនេះឧកញ៉ា ហូរ ចំរើន កំពុងស្ថិតនៅក្នុងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងកំពុងរៀបចំបញ្ជូនទៅកាន់តុលាការ៕

អាសូរណាស់ រន្ទះបាញ់ បាញ់មិនស្គាល់នណាឡើយ មនុស្ស៦នាក់ និងសត្វឆ្កែ៣ក្បាល់ បាន…….

កោះកុងៈ ករណីមួយបានកើតឡើង គឺគ្រោះធម្មជាតិ យ៉ាងហោចណាស់មនុស្ស៦នាក់ និងឆ្កែ៣ក្បាល ត្រូវរន្ទះបាញ់ស្លាប់ កាលពីវេលាម៉ោង៣រសៀល ថ្ងៃព្រហស្បតិ៍ ៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ខណៈក្រុមជនរងគ្រោះនាំគ្នាទៅជួយលើកផ្ទះសង់ថ្មី នៅចំណុចអូរទាពង ស្ថិតក្នុងភូមិប្រឡាយ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង ។

 សមត្ថកិច្ចស្រុកថ្មបាំងបានឲ្យដឹងថា កាលពីវេលាខាងលើ គ្រោះធម្មជាតិរន្ទះបាញ់បានបាញ់សម្លាប់មនុស្ស៤នាក់ ទី១-ឈ្មោះ សៀម សាវឿន ទី២-ឈ្មោះ សៀម សឿន ទី៣-ឈ្មោះ ទិល សារុណ ភេទប្រុស អាយុ៣៧ឆ្នាំ (ត្រូវជាប្តីរបស់ សេម សាវឿន) ទី៤-ឈ្មោះ ផាន់ វ៉ាធី ភេទប្រុស អាយុ៤ឆ្នាំ។ អ្នកទាំងបួននាក់នេះ រស់នៅភូមិច្រកឫស្សី ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង។ ចំណែកទី៥-ឈ្មោះ ភិន ភឿន ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិប្រឡាយ ឃុំប្រឡាយ ស្រុកថ្មបាំង និងទី៦-ឈ្មោះ ធឿន ចាន់ថា ភេទស្រី អាយុ១៤ឆ្នាំ មានទីលំនៅភូមិច្រកឫស្សី ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង។ ជាមួយគ្នានោះ បណ្តាលឲ្យសត្វឆ្កែ៣ក្បាលងាប់ផងដែរ។


 គួរបញ្ជាក់ថា អ្នកដែលស្លាប់ទាំង៦នាក់នោះ មាន២នាក់ជាប្តីប្រពន្ធ និង៤នាក់ទៀតជាគ្រួសារផ្សេងៗគ្នា។

ពាក់ព័ន្ធនឹងករណីគ្រោះធម្មជាតិនេះផងដែរ សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ន្នឲ្យបានខ្ពស់ជៀសវាងគ្រោះថ្នាក់ជាយថាហេតុ៕

ខឹងចិនកុហក់ច្រើនដងនិងមិនសងប្រាក់ តៃកុងឡានចិត្តខ្លាំងកាប់ពីរនាក់ទុកជាការព្រមាន

សៀមរាប៖ មានហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងដោយជនជាតិចិន ២នាក់ត្រូវបានតៃកុងឡានរបស់ខ្លួនកាប់ជាច្រើនកាំបិតបណ្ដាលឲ្យរងរបួសធ្ងន់ដោយសារតែមិនសងលុយ និង​និយាយកុហកខ្លួនជាច្រើនលើកច្រើនសារ កាលពីថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះជួល តាម​បណ្តោយ​ផ្លូវ​ក្រវាត់ក្រុង ភូមិ វត្ត​ស្វាយ សង្កាត់ សាលា​កំរើក ខេត្ត សៀមរាប​ ។

​លោក​ឧត្តមសេនីយ៍ត្រី ជា គឹម​សេន ស្នងការរង​នគរបាល​ខេត្តសៀមរាប ទទួល​ផ្នែកអន្តោប្រវេសន៍ បានឲ្យដឹងថា ពេល​កើតហេតុ​ភ្លាមៗ​កម្លាំង​នគរបាល​ជំនាញ​និង​នគរបាល​មូលដ្ឋាន​បាន​សហការ​គ្នា​យក​ជន​សង្ស័យ​មក​ស្នងការ​និង​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ ​។ កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ បាន​ចុះ​ទៅ​នាំខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ សុក សុភា ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិខ្មែរ ក្រោយពី​បាន​ធ្វើ​សកម្មភាព​យក​កាំបិតប៉័ងតោ កាប់​ទៅលើ​ជនរងគ្រោះ​ជា​ជនជាតិ​ចិន​ចំនួន ២​នាក់ ជាច្រើន​កាំបិត​បណ្តាលឲ្យ​រងរបួស​ធ្ងន់​ធ្ង​រ ។
តាមរបាយការណ៍បានឲ្យដឺងថា ជនជាតិ​ចិន​ទាំង ២​នាក់​នេះ​មានឈ្មោះ  LU KAI ភេទ​ប្រុស អាយុ ២៨​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ E២០១១៧៩៥១ មុខរបរ លក់ដូរ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប និងម្នាក់ទៀត ​ឈ្មោះ SHI SHOU ZHENG ភេទ​ប្រុស អាយុ ៤២​ឆ្នាំ មុខរបរ លក់ដូរ កំពុង​សម្រាក​ព្យាបាល​នៅ​គ្លីនិក​សឹង​រិទ្ធិ​រ៉េត​ ​។​


គួររំលឹកផងដែរថា មានជនជាតិចិនជាច្រើនដែលមករស់នៅនិងរកស៊ីនៅប្រទេសកម្ពុជាជាពិសេសខេត្ត-ក្រុង សំខាន់ៗនៃសេដ្ធកិច្ចមាន សៀមរាប ព្រះសីហនុ បាវិត ភ្នំពេញជាដើម។ ក្នុងករណីនេះផងដែរ ជនសង្ស័យ​កំពុង​បន្ត​ការសាកសួរ​នៅ​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្តន៍តាម​នីតិវិធី ដើម្បី​រៀបចំ​សំណុំរឿង​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕

ចៅក្រមនឹងសំរេចជោគវាសនា ឧកញ៉ា​ ហូ​ ចំរើន​ ​នៅល្ងាចនេះ​

នៅវេលាម៉ោងប្រមាណ៣រសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ លោក​ សៀង​ សុខ​ ព្រះ​រាជ​អាជ្ញា​រង ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បានបញ្ចប់ការសួរនាំ​ឧកញ៉ា​ ហូ​ ចំរើន​ ដោយសម្រេចចោទប្រកាន់ពីបទ «គំរាមកំហែងថានឹងសម្លាប់»។​
តាម​មាត្រា​២៣៣ នៃ​ក្រម​ព្រហ្មទណ្ឌ​ ដែលអាចផ្តន្ទាទោសពី៦ ខែទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ទៅ៤លានរៀល។ បន្ទាប់ពីការចោទប្រកាន់រួច លោក សៀង សុខ បានបញ្ជូនទៅដៃដល់ចៅក្រម ដើម្បីបន្តចាត់ការតាមនីតិវិធី​ ។


ប្រភពច្បាស់ការបានអោយដឹងថា​ បន្ទាប់ចៅក្រមបញ្ចប់ការស៊ើបសួរ​ ឧកញ៉ា​ ហូ​ ចំរើន​ នឹងត្រូវចេញដិកាឃុំខ្លួនដាក់​ពន្ធនាគារនៅល្ងាចថ្ងៃនេះ​ ។​
សូមបញ្ជាក់ថា ឧកញ៉ា ហូ ចំរើន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ បន្ទាប់ពីរូបលោកបានបាញ់បោះសេរីប្រមាណ ៦-៧គ្រាប់ ​កាលពីថ្ងៃទី២១​ ខែមេសា​ ឆ្នាំ២០១៨​ ក្នុងភូមិគ្រឹះរបស់លោកស្ថិតក្នុងភូមិព្រៃស​ សង្កាត់ព្រៃស​ ខណ្ឌដង្កោ រាជធានីភ្នំពេញ៕

ប្រភព ៖ Pheng Vannak News